គន្លឹះ10 យ៉ាង ដើម្បីស្វែងរកអ្នកណែនាំផ្លូវដ៏ត្រឹមត្រូវសម្រាប់អ្នក

55
គន្លឹះ10 យ៉ាង ដើម្បីស្វែងរកអ្នកណែនាំផ្លូវដ៏ត្រឹមត្រូវសម្រាប់អ្នក

មនុស្សគ្រប់គ្នា សុទ្ធតែមានគោលដៅជីវិតដើម្បីធ្វើសកម្មភាពឱ្យទទួលបានជោគជ័យ ប៉ុន្តែដើម្បីជាជំនួយដើម្បីទទួលបានភាពជោគជ័យបានកាន់តែលឿន ទាមទារឱ្យមានអ្នកណែនាំផ្លូវបន្ថែមទៀត ប៉ុន្តែជាបញ្ហាចោទនោះគឺ មិនដឹងពីរបៀបជ្រើសរើសអ្នកណែនាំដ៏ត្រឹមត្រូវសម្រាប់ជួយ។

ដូច្នេះគន្លឹះ 10 យ៉ាង ខាងក្រោម នឹងជួយអ្នកឱ្យឈ្វេងយល់ពីអ្វីដែលអ្នកកំពុងស្វែងរកក្នុងការកំណត់អត្តសញ្ញាណអ្នកណែនាំឱ្យបានត្រឹមត្រូវសម្រាប់អ្នកនិងរៀបចំខ្លួនអ្នកឱ្យទទួលបានជោគជ័យ។

1. ឈ្វេងយល់ថា តើអ្នកណែនាំគឺជាអ្វី?

អ្នកណែនាំផ្លូវ គឺជាមនុស្សម្នាក់ដែលអាចដើរតួជាអ្នកលើកទឹកចិត្តនិងណែនាំបង្ហាញផ្លូវ និងលើកទឹកចិត្តអ្នកឱ្យទទួលឬបង្កើតឱកាសថ្មីនិងជួយអ្នកឱ្យជម្នះរាល់ស្ថានភាពលំបាក ដូចជាការផ្លាស់ប្តូរទៅតួនាទីថ្មីឬការបំពេញការងារជាដើម។

ជារឿយៗអ្នកណែនាំរបស់អ្នក នឹងក្លាយជាអ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មដូចអ្នក ឬមានតួនាទីស្រដៀងគ្នា ឬនរណាម្នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មឬប្រភេទតួនាទីដែលអ្នកចង់ផ្លាស់ប្តូរ ដើម្បីអាចជួយអ្នកឱ្យឈ្វេងយល់ពីរបៀបធ្វើឱ្យអាជីពរបស់អ្នកកាន់តែល្អនិងរីកចម្រើន ព្រមទាំងអាចសម្រេចបានតាមក្ដីស្រមៃរបស់អ្នក។

2. ច្បាស់នឹងគោលដៅរបស់អ្នក

មុននឹងសម្រេចចិត្តសុំនរណាម្នាក់ធ្វើជាអ្នកណែនាំ អ្នកត្រូវឆ្លុះបញ្ចាំងពីអ្វីដែលអ្នកសង្ឃឹមថានឹងអាចរៀនចេញពីទំនាក់ទំនងជាមួយអ្នកណែនាំនោះ។ គោលដៅនៃទំនាក់ទំនងជាមួយអ្នកណែនាំភាគច្រើន គឺដើម្បីជួយអ្នកឱ្យជម្នះរាល់ការផ្លាស់ប្តូរ ឬ ឧបសគ្គ ឬ ធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យការងារដែលអ្នកត្រូវការការគាំទ្រឬការណែនាំបន្ថែម។

បន្ថែមពីនេះ ចូរគិតអំពីគោលបំណងជាមុនសិន មុននឹងស្វែងរកអ្នកណែនាំ។ កំណត់ចន្លោះប្រហោងក្នុងការអនុវត្តការងាររបស់អ្នកនិងអ្វីដែលអ្នកត្រូវការដើម្បីឈ្វេងយល់ឱ្យបានច្បាស់អំពីឧស្សាហកម្មឬនិយោជករបស់អ្នក។

3. ជ្រើសរើសមនុស្សឱ្យត្រឹមត្រូវដើម្បីធ្វើជាអ្នកណែនាំដល់អ្នក

ចូរបញ្ជាក់ពីជំនាញដែលអ្នកកំពុងស្វែងរកជំនួយ ឬសំណួរអ្វីដែលមានអំពីឧស្សាហកម្មរបស់អ្នក បន្ទាប់មកស្វែងរកសហគមន៍នៅជុំវិញអ្នក រួមទាំងមិត្តរួមការងារ មិត្តភក្តិ គ្រួសារនិងបណ្តាញអតីតនិស្សិតនៅមហាវិទ្យាល័យរបស់អ្នក ដើម្បីស្វែងរកអ្នកណែនាំដ៏មានសក្តានុពល។

អ្នកណែនាំរបស់អ្នកមិនចាំបាច់ជានាយកប្រតិបត្តិទេ។ ពួកគេអាចមានកម្រិតខ្លះលើសអ្នក។​ លើសពីនេះ អ្នកត្រូវជ្រើសរើសអ្នកណែនាំណាដែលមានបុគ្គលិកលក្ខណៈដូចខាងក្រោម៖

ទី1. មានចំណេះដឹងល្អឬមានជំនាញពាក់ព័ន្ធដែលអ្នកត្រូវការឱ្យជួយ

ទី2. ភាពរីករាយក្នុងការចែករំលែកលើជំនាញនោះ

ទី3. អាកប្បកិរិយាគួរឱ្យគោរព

ទី4. ឆន្ទៈក្នុងការវិនិយោគលើអ្នកដទៃ

ទី5. សមត្ថភាពក្នុងការផ្តល់មតិដោយស្មោះត្រង់និងដោយផ្ទាល់

ទី6. មានជំនាញស្តាប់ ដើម្បីឆ្លុះបញ្ចាំងឬឈ្វេងយល់ពីអ្នកនិងមានការយល់ចិត្ត

ទី7. ឆន្ទៈចង់ជួយទាំងគំនិត និងជំនួយផ្សេងៗតាមលទ្ធភាព

4. ត្រូវប្រាកដថា អ្នកណែនាំត្រូវតែមានទស្សនៈផ្សេងគ្នា

Jackson បានផ្តោតលើការស្វែងរកអ្នកណែនាំដែលធ្វើការនៅក្នុងនាយកដ្ឋានផ្សេងៗ ដូចជាការផ្សាយពាណិជ្ជកម្មឬការច្នៃប្រឌិតដើម្បីផ្តល់ឱ្យនាងនូវទស្សនៈផ្សេងនិងបង្រៀនជំនាញថ្មីរបស់នាង។ នាងនិយាយថា “ខ្ញុំចង់រៀនពីនរណាម្នាក់ដែលមិនធ្វើដូចខ្ញុំ” ។ គ្រូដែលមានទស្សនៈផ្សេងគ្នាបានជួយនាងយល់ពីរបៀបធ្វើការជាមួយមនុស្សផ្សេងគ្នា កែសម្រួលស្ទីលទំនាក់ទំនងរបស់នាង និងគិតប្រកបដោយភាពច្នៃប្រឌិតថែមទៀត។

Patterson យល់ស្របថា វាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកអ្នកណែនាំជាមួយទស្សនៈពិភពលោកផ្សេងៗគ្នា។ លើសពីនេះ គាត់បាននិយាយថា “ប្រសិនបើអ្នកពិតជាចង់ជំរុញខ្លួនឯងឱ្យរីកចម្រើន អ្នកត្រូវការអ្នកណែនាំដែលខុសពីអ្នក ដោយអាចផ្តល់ទស្សនៈផ្សេងដល់អ្នក” ។ នេះអាចជាមនុស្សម្នាក់នៅក្នុងនាយកដ្ឋានផ្សេងឬនរណាម្នាក់ដែលមានសាវតាខុសៗគ្នាដែលមានបទពិសោធន៍នៅកន្លែងធ្វើការខុសពីអ្នក។

5. ចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយអ្នកណែនាំ

ចំណុចនេះ អ្នកត្រូវតែចាប់ផ្ដើមណាត់ជួប និងបង្កើតទំនាក់ទំនងយ៉ាងជិតស្និតជាមួយអ្នកណែនាំ ដោយចំណុចចាប់ផ្ដើម អ្នកត្រូវណែនាំអំពីខ្លួនរបស់អ្នកទៅកាន់គាត់ និងប្រាប់ហេតុផលលម្អិត ដើម្បីធ្វើយ៉ាងណាសុំគាត់ធ្វើជាអ្នកណែនាំផ្លូវសម្រាប់អ្នក។ បន្ទាប់មក អាចសួរសំណួរជាបន្តបន្ទាប់ ដើម្បីសុំជាយោបល់ក្នុងការធ្វើសកម្មភាពនានាក្នុងការទទួលបានភាពប្រសើរ និងភាពជោគជ័យលើអ្វីដែលអ្នកចង់សម្រេច។

6. ត្រូវជាក់លាក់អំពីអ្វីដែលអ្នកចង់បាន

អ្នកត្រូវតែធ្វើយ៉ាងណា ឱ្យអ្នកណែនាំរបស់អ្នកបានយល់ពីអ្វីដែលអ្នកកំពុងធ្វើ ឬអ្វីដែលអ្នកត្រូវការការគាំទ្រ ហើយហេតុអ្វីបានជាអ្នកងាកទៅរកពួកគេជាជាងអ្នកផ្សេង?

ការដឹងច្បាស់នូវអ្វីដែលអ្នកកំពុងស្វែងរក កំពុងត្រូវការពិតប្រាកដ និងមូលហេតុដែលអ្នកគិតថា អ្នកណែនាំរបស់អ្នកជាមនុស្សត្រឹមត្រូវនឹងជួយអ្នកឱ្យបានសម្រេចតាមគោលដៅបាន នោះវានឹងជួយអ្នកឱ្យដឹងបានយ៉ាងច្បាស់ថា អ្នកចង់បានអ្វីពិតប្រាកដ ហើយអ្នកណែនាំផ្លូវនោះ គាត់នឹងនិយាយបែបណាមកកាន់អ្នក ប្រសិនបើអ្នកណែនាំនោះគាត់មិនយល់ព្រមឬមិនស័ក្តសមនឹងជួយអ្នក នោះគាត់នឹងអាចនិយាយថា “ ខ្ញុំប្រហែលជាមិនអាចផ្តល់ឱ្យអ្នកនូវភាពច្បាស់លាស់នោះទេ” ជាដើម។

7. ធ្វើឱ្យងាយស្រួលសម្រាប់ Mentor របស់អ្នក

ត្រូវគោរពពេលវេលារបស់អ្នកណែនាំ ទាំងការណាត់ជួបប្រជុំផ្ទាល់ ឬខល ឬឆាតសួរជាដើម។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានលំអិតពីការបញ្ជូនរបៀបវារៈឬសំណួររបស់អ្នកឱ្យបានមួយថ្ងៃសិន មុនណាត់ជួបប្រជុំ ឬសុំយោបល់ពីអ្នកណែនាំរបស់អ្នក។ ធ្វើបែបនេះ អ្នកណែនាំរបស់អ្នកមានពេលគិតអំពីវិធីជួយអ្នកបានយ៉ាងល្អបំផុត។

8. ស្តាប់និងបង្ហាញពួកគេ ថាអ្នកបានឱ្យតម្លៃចំពោះមតិរបស់ពួកគេ

ប្រសិនបើអ្នកណែនាំរបស់អ្នក បានណែនាំអ្នកឱ្យសាកល្បងសកម្មភាពឬណែនាំអ្នកឱ្យអានសៀវភៅណាមួយ សូមបង្ហាញថា អ្នកកំពុងបញ្ចូលមតិយោបល់របស់ពួកគេ ដោយប្រាប់ពួកគេទាំងតាមសារ ឬនៅកិច្ចប្រជុំបន្ទាប់របស់អ្នក តើមានអ្វីកើតឡើងនៅពេលអ្នកធ្វើតាមដំបូន្មានរបស់ពួកគេ។

លើសពីនេះ ត្រូវរកវិធីដើម្បីឆ្លុះបញ្ចាំងពីអ្នកណែនាំរបស់អ្នក ពីអ្វីដែលអ្នកកំពុងរៀនពីការប្រជុំ។

ជារួមមក ត្រូវធ្វើយ៉ាងណាឱ្យអ្នកណែនាំរបស់អ្នក មានអារម្មណ៍ថា គាត់មានតម្លៃសម្រាប់អ្នក ដោយអ្នកបានផ្ដល់ការគោរពឱ្យតម្លៃ បានអនុវត្តន៍តាម និងផ្ដល់ជាការឆ្លុះបញ្ចាំងនានា ក្រោយពីអ្នកបានអនុវត្តន៍តាម ព្រមទាំងសុំមតិយោបល់នានាពីគាត់បន្ថែមជាដើម។

9. ដឹងថាអ្នកណែនាំ អាចនឹងផ្លាស់ប្តូរជាមួយអាជីពរបស់អ្នក

ត្រូវប្រាកដថា មនុស្សដែលអ្នកជ្រើសរើសធ្វើជាអ្នកណែនាំ អាចមានសមត្ថភាពផ្លាស់ប្តូរកន្លែងដែលអ្នកកំពុងស្ថិតនៅនិងអ្វីដែលអ្នកត្រូវការបំផុតនាពេលបច្ចុប្បន្ន។

10. បង្ហាញការដឹងគុណ

អ្នកណែនាំរបស់អ្នក ក៏មានជីវិតផ្ទាល់ខ្លួន ការងារនិងទំនួលខុសត្រូវ ដូច្នេះសូមបង្ហាញការគោរពរបស់អ្នកដោយមិនទាមទារពេលវេលាច្រើនពេក។ ហើយសម្ដេងនូវការដឹងគុណជានិច្ចកាល នៅពេលអ្នកទទួលបានសម្រេចភារកិច្ច និងធ្វើអ្វីមួយសម្រាប់គាត់ ព្រមទាំងរក្សាទំនាក់ទំនងជាមួយអ្នកណែនាំរបស់អ្នកឱ្យបានល្អជារៀងរហូត។