គុនល្បុក្កតោ ​ចុះបញ្ជីបេតិកភណ្ឌសម្បត្តិ វប្បធម៌អរូបីយនៃមនុស្សជាតិ

30

គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាងពីរពាន់ឆ្នាំកន្លងមកហើយ។ “ល្បុក្កតោ” គឺជាបន្សំនៃពាក្យ ”ល្បុក្ក” បូកនិង “តោ” មានន័យថា សត្វតោមហាកម្លាំង ឬមហាថាមពល។

គុនល្បុក្កតោខ្មែរ

គួរឱ្យដឹងផងដែរថា គុនល្បុក្កតោ ប្រមូលផ្តុំនូវក្បាច់ និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់តាមតថភាពធម្មជាតិនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ និងកាយវិការរបស់សត្វ ដូចជាសត្វបក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា ។ល។

នៅថ្ងៃទី 29 ខែវិច្ឆិការ ឆ្នាំ2022នេះ នៅក្នុងកិច្ចប្រជុំលើកទី17 នៃគណៈកម្មាធិការអន្តរជាតិដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាតនៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងបេតិកតិភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្ដីសម្រេច 17.COM 7.b.1 ហើយនេះបើយោងតាមសេចក្ដីប្រកាសចេញពីក្រសួងវប្បធម៌នងវិចិត្រសិល្បៈ។

ចំពោះការចុះបញ្ជី “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងបេតិកតិភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់

គុនល្បុក្កតោ