គួរផ្លាស់ប្តូរតាមទំនោរសង្គមឬក៏បិទអាជីរកម្ម?ករណីសិក្សាក្រុមហ៊ុនកាហ្វេStarbucks

1303

ហាងនីមួយៗ ក្រុមហ៊ុននីមួយៗ ឬក៏ម៉ាកសញ្ញានីមួយៗ មុននឹងបង្កើតឡើងនិងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារ គឺតែងតែងមានគោលបំណង និងគោលដៅច្បាស់លាស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន ឬក៏ដើម្បីស្របទៅតាមទំនោរសង្គម។ ប៉ុន្តែពេលខ្លះការគិតទុកមុននោះមិនប្រាកដថាអាចបំពេញតម្រូវការ ឬទំនោរសង្គមដូចជាការរំពឹងរហូតនោះទេ។ ពេលខ្លះ ដើម្បីឱ្យអាជីវកម្ម ឬម៉ាកសញ្ញាមួយទទួលបានជោគជ័យគឺទាមទារឱ្យម្ចាស់អាជីវកម្មឬអ្នកគ្រប់គ្រងអាជីវកម្មនោះធ្វើការកែប្រែ និងបត់បែនតាមកាលៈទេសៈ ដើម្បីឱ្យប្រាកដថាដំណើរការអាជីវកម្មគឺប្រព្រឹត្តទៅបានដោយជោគជ័យ។

ជាក់ស្តែង ករណីអាជីវកម្មហាងកាហ្វេដ៏ល្បីទូទាំងពិភពលោកគឺក្រុមហ៊ុនStarbucksដែលមុនដំបូងឡើយ គោលបំណងចំបងគឺបើកអាជីវកម្ម ដោយការលក់កាហ្វេគុណភាពខ្ពស់ រួមជាមួយការផ្តល់ជាកន្លែងទំនាក់ទំនងសង្គម ឬក៏ជាកន្លែងកសាងមិត្តភាពថ្មី។ ដោយសារបរិយាកាសសង្គមនាពេលនោះ មនុស្សចេញពីផ្ទះនៅពេលព្រលឹមទៅកន្លែងធ្វើការងារ ហើយត្រលប់មកផ្ទះនៅពេលបញ្ចប់ការងារ ដូច្នេះហើយទើបក្រុមហ៊ុនកាហ្វេនេះចាប់ឱកាសបើកបំរើជាកន្លែងដែលមានបរិយាកាសស្ថិតនៅចន្លោះរវាងបរិយាកាសធម្មតានៃផ្ទះនិងកន្លែងការងារ។

កន្លងអស់៤ទសវត្សមកហើយដែលក្រុមហ៊ុននេះនៅតែអាចរក្សាបាននូវភាពជោគជ័យនិងឈានមុខគេ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះបានវិវត្តិពីជាអាជីវកម្មខ្នាតតូចទៅជាសាខាក្រុមហ៊ុនfranchise(២៣,០០០ហាង) ខណៈដែលជំនួញប្រភេទនេះរីកដុះដាលដូចផ្សិតដែលបណ្តាលឲ្យក្រុមហ៊ុនចាស់និងថ្មីៗខ្លះក៏បានបិតទ្វារទៅវិញក៏ដោយ។ តើមានមូលហេតុអ្វី?

សម្រាប់ជំនួញគ្រប់ប្រភេទការសម្របខ្លួនទៅតាមបរិបទទីផ្សារគឺជារឿងដែលចាំបាច់បំផុត។ តួយ៉ាងទំនោរនៃអតិថិជនគោលដៅរបស់ក្រុមហ៊ុនStartbuckមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ដូចជាការមកដល់នៃឧបករណ៍អេឡិចត្រូនិកបានធ្វើឲ្យមនុស្សស្ទើរតែគ្រប់រូបដែលមកហាងកាហ្វេទាន់សម័យប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីធ្វើការងារ ជាជាងការរាប់អានមិត្តនិងជជែកកំសាន្តដែលជារូបភាពដើម និងជាគោលបំណងចំបងនៃការបង្កើតStarbucks។ ក្រុមហ៊ុនStarbuckបានប្តូរយុទ្ធសាស្រ្តទីផ្សារដោយសម្របខ្លួនយ៉ាងឈ្លាសវៃទៅតាមសម័យកាលទំនើបដោយបំពេញតម្រូវការថ្មីរបស់អតិថិជនដូចជាការជួបជុំមិត្តភ័ក្រ្ត ពិភាក្សាជំនួញ កន្លែងផ្ទាល់ខ្លួនសម្រាប់ធ្វើការងារ សិក្សា អានសៀវភៅ និងជាទីសម្រាប់ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន, កុំព្យួទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ដែលជាកត្តាក្រុមហ៊ុនStarbuckបានផ្តោតទៅលើការឌីហ្សាញដែលពោលពេញដៅយគំនិតច្នៃប្រឌិត, កន្លែងមានផាសុខភាពនិងងាយស្រួល, ជម្រើសតុនិងកៅអីប្រភេទផ្សេងៗគ្នា បញ្ចូលអាហារតាមតំបន់ទៅក្នុងបញ្ជីមុខម្ហូប កន្លែងសាកថ្ម និងជាពិសេសwifi។

ដោយសារតែការចេះបត់បែនតាមសម័យកាល និងទំនោរសង្គម ធ្វើឱ្យStarbuckនៅតែរក្សាតំណែងជាហាងកាហ្វេដ៏លេចធ្លោជាងគេមួយនៅទូទាំងពិភពលោក ហើយហាងនេះផងដែរក៏បានលេចវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។