ចង់​រៀន​តាម​Online​ដោយ​ឥត​គិត​ថ្លៃ​ពី​សា​កល​វិទ្យាល័យ​ល្បី​ៗ​លើ​ពិ​ភព​លោក​ទេ​?

2636

រៀន​លើ​បណ្តាញឱកាស​ល្អ​ដ៏កម្រ​ រក​បាន​បាន​មកដល់​ហើយ​សម្រាប់​អ្នក​ដែល​ស្រេក​ឃ្លាន​ចង់​អភិវឌ្ឍ​ និង​បង្កើន​ចំណេះដឹង​របស់ខ្លួន។ បច្ចុប្បន្ននេះ​មាន​គេហទំព័រ​ពីរ​កំពុង​តែបន្ត​ផ្តល់​ការ​សិក្សា​លើបណ្តាញ​(Online Learning) នៅ​លើ​មុខវិជ្ជា និង​ជំនាញជាច្រើន​រាប់មិនអស់ដោយឥតគិត​ថ្លៃ​ពីសំណាក់​សាកលវិទ្យាល័យ​ល្បីៗ​លើ​ពិភពលោក​ជាច្រើន។ អ្វីដែល​លោកអ្នកត្រូវការ​នោះ​គឺ​ឆន្ទៈក្នុង​ការ​សិក្សា អ៊ីនធឺណិត និង​ពេលវេលា​មួយចំនួន​សម្រាប់​ការសិក្សា​តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អ្នកនឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​អេឡិចត្រូនិច​បញ្ចាក់​បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។ តើ​ចង់រៀនដែរឬទេ? បើចង់ សូម​តាមជាមួយ«គំនិត»បន្តទៀត​ក្នុង​អត្ថបទនេះ!

គេហទំព័រCOURSERA

Coursera គឺជា​គេហទំព័រ​មួយ​ដែលផ្តល់​ការសិក្សាលើ​បណ្តាញ​ធំបំផុត​មួយ​ដោយ​ឥតគិតថ្លៃ ដែល​រួម​សហការ​ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន​ជុំវិញពិភពលោក​ដូចជា​ សាកលវិទ្យាល័យ Stanford សាកលវិទ្យាល័យ​British Columbia សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ហុងកុង សាកលវិទ្យាល័យ តូក្យូ និង​សាកលវិទ្យាល័យ​ដ៏ទៃៗទៀត​សរុប៦២​ជុំវិញពិភពលោក។ ​គេហទំព័រ​ដ៏​មាន​ប្រយោជន៍នេះ បាននឹងកំពុង​ផ្តល់​នូវមុខវិជ្ជា​រាប់រយ​មុខ​ដែលមុខវិជ្ជា​ទាំងនេះផ្តល់​ដោយ​សាកលវិទ្យាល័យ​ល្បីៗ​ដែលជាដៃគូ និង​សាស្ត្រាចារ្យ​ល្បីៗដែលមានបទពិសោធន៍។ មុខវិជ្ជា​ទាំងនោះ​​គឺមាន​ស្ទើរ​គ្រប់ផ្នែកដូចជា ពាណិជ្ជកម្ម គ្រប់គ្រង កុំព្យូទ័រ វិទ្យាសាស្ត្រពិត និងសង្គម វិស្វកម្ម សេដ្ឋកិច្ច ច្បាប់ ។ល។ អ្នកអាច​រើស​មុខវិជ្ជា​ណាដែលអ្នកពេញចិត្តបាន​ដោយសេរី​ដោយ​មិនកំណត់។ រាល់​មុខវិជ្ជា​នីមួយៗនឹង​មាន​ផ្តល់​ជូន​នូវ វីដេអូ​បង្រៀន ឯកសារ​ដែលចាំបាច់ទាក់ទង​នឹង​មុខវិជ្ជា។ ហើយដើម្បី​អាចទទួលបាន​វិញ្ញាបនប័ត្រ​អេឡិចត្រូនិចបញ្ជាក់​ពីភាព​ជោគជ័យ អ្នកត្រូវ​បំពេញ​កិច្ចការ​មួយចំនួន ​ដែល​បានដាក់ឲ្យ ធ្វើ​តេស្ត ចូលរួម​ការពិភាក្សា​លើបណ្តាញ និង​ការ​ប្រឡង​បញ្ចប់​វគ្គ។  រាល់​មុខជំនាញ​ទាំងអស់​គឺ​បង្រៀន​ជាភាសាអង់គ្លេស ដូចនេះដើម្បី​អាចទទួល​ចំណេះ​ដឹង​បាន​ជា​អតិបរិមានោះ អ្នកចូលរួម​ទាំងអស់​គួរ​មាន​កម្រិត​ភាសា​អង់គ្លេស​​ខ្ពស់។ ដូច្នេះនៅចាំអីទៀត ចូលទៅ​កាន់​គេហទំព័រ​ COURSERA តាម​រយៈ​អាស័យដ្ឋាន www.coursera.org ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន​នូវ​មុខវិ​ជ្ជាណាដែល​អ្នក​ពេញចិត្ត។

coursera

គេហទំព័រedX

edXគឺជា​គេហទំព័រ​ផ្សេងមួយទៀត​ដែល​កំពុង​តែផ្តល់​ការ​សិក្សា​លើ​បណ្តាញ​ដោយ​ឥតគិត​ថ្លៃ​ផងដែរ។ គេហទំព័រ​នេះ​ដំបូង​ឡើយ​គឺ​បង្កើត​ឡើង​ដោយ​ចូលរួម​សហការ​ពី​សាកលវិទ្យាល័យ​លំដាប់​កំពូលពិភពលោក​​ពីរគឺ សាកលវិទ្យាល័យ​Harvard និង MIT (Massachusetts Institute of Technology)។ បច្ចុប្បន្ន គេហទំព័រនេះ បាន​ចូលរួម​សហការ​ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ​១០​បន្ថែមទៀត ដែលសុទ្ធសឹង​ជា​សាកវិទ្យាល័យ​លំដាប់​កំពូល​ៗ។ តំណើរ​ការ​របស់​edXគឺស្រដៀង​នឹង​Courseraផងដែរ ដោយ​អ្នក​នឹងទទួលបាន​វិញ្ញាបនប័ត្រ​អេឡិចត្រូនិច​បញ្ចាក់​ពីការសិក្សា​ប្រសិនបើអ្នក​បំពេញ​តាម​លក្ខខណ្ឌ​ដែល​ដាក់​ឲ្យ​សម្រាប់​មុខវិជ្ជា​នីមួយៗ។ សម្រាប់​គេហទំព័រ​នេះ មុខវិជ្ជា​ភាគ​ច្រើនគឺ​ផ្តោត​លើ​វិទ្យាសាស្ត្រ វិស្វកម្ម និង​វិទ្យាសាស្ត្រ​សង្គម។ រាល់​មេរៀន​ទាំង​អស់​គឺ​បង្រៀន​ឡើង​ដោយ​ប្រើប្រាស់​ភាសាអង់គ្លេស។ ដូច្នេះ​កុំ​ចាំ​យូរ​ ចូលទៅកាន់​គេហទំព័រ​ edXតាម​រយៈwww.edx.org

edX