ជំនាញដ៏ល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចត្រូវតែមាន!

39
ជំនាញដ៏ល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចត្រូវតែមាន!

ជំនាញជាច្រើនដែលម្ចាស់អាជីវកម្មខ្នាតតូចត្រូវមាន ដើម្បីជួយធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី មានជំនាញកាន់តែល្អបំផុតដែលម្ចាស់អាជីវកម្មខ្នាតតូចចាំបាច់ត្រូវតែមាន និងត្រូវតែអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនលើជំនាញទាំងនោះឱ្យកាន់តែខ្លាំង ដើម្បីអាចជួយក្រុមការងារ និងក្រុមហ៊ុនកាន់តែមានសំទុះនៃភាពរីកលូតលាស់បានកាន់តែលឿនស្របតាមការគ្រោងទុក។ ជំនាញសំខាន់ៗទាំងនោះ រួមមាន៖

1. ជំនាញភាពជាអ្នកដឹកនាំ

អ្នកដឹកនាំល្អ តែងតែព្យាយាមដឹកនាំអ្នកនៅក្រោមបង្គាប់ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ក្រុមហ៊ុន និងជួយជ្រោមជ្រែងពួកគេឱ្យទទួលបានភាពរីកចម្រើននៅក្នុងអាជីពការងារផ្ទាល់ខ្លួន មិនមែនគ្រាន់តែតាំងខ្លួនឯងជាចៅហ្វាយនាយ និងព្យាយាមឱ្យអ្នកនៅក្រោមបង្គាប់ដើរតាមប៉ុណ្ណោះនោះទេ។ ម្យ៉ាងវិញទៀត អ្នកដឹកនាំល្អ តែងតែមានជំនាញភាពជាអ្នកដឹកនាំ ពីព្រោះជំនាញនេះអាចជួយឱ្យអ្នកដឹកនាំកាន់តែក្លាយជាមនុស្សល្អនៅក្នុងក្រសែភ្នែករបស់អ្នកនៅក្រោមបង្គាប់ទាំងអស់ និងជាគំរូដ៏ល្អសម្រាប់ពួកគេ តាមរយៈការយកចិត្តទុកដាក់ ការចេះស្ដាប់យោបល់អ្នកនៅក្រោមបង្គាប់គ្រប់ឋានៈទាំងអស់ មានសមត្ថភាពក្នុងការចែករំលែកសារច្បាស់លាស់ និងធ្វើឱ្យគំនិតស្មុគស្មាញក្លាយជាគំនិតងាយយល់សម្រាប់មនុស្សគ្រប់គ្នា ចេះលើកទឹកចិត្តក្រុមការងារ មានភាពច្នៃប្រឌិត មានភាពបត់បែន អាចគ្រប់គ្រងផែនការការងារបានយ៉ាងល្អ ចេះគ្រប់គ្រងពេលវេលា ស្ថិតនៅភាពវិជ្ជមានជានិច្ច មានទស្សនវិស័យច្បាស់លាស់ និងជាច្រើនទៀតដែលបង្ហាញពីភាពជាអ្នកដឹកនាំដ៏ល្អបំផុតដើម្បីជួយអ្នកនៅក្រោមបង្គាប់ឱ្យរីកចម្រើន និងជោគជ័យទាំងអស់គ្នាលើគោលដៅរួមដែលបានកំណត់។

ហេតុដូចនេះហើយ ម្ចាស់អាជីវកម្មខ្នាតតូចមិនគួររំលងនូវការអភិវឌ្ឍជំនាញមួយនេះឡើយ ដើម្បីធ្វើឱ្យការដឹកនាំរបស់ខ្លួនកាន់តែទទួលបានប្រសិទ្ធភាពជាងមុន។

សិក្សាជំនាញភាពជាអ្នកដឹកនាំ៖ https://alison.com/courses?query=leadership%20skills

2. ជំនាញទំនាក់ទំនង

ជំនាញទំនាក់ទំនង ពិតជាសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ពីព្រោះជំនាញនេះនឹងជួយធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែពង្រីកខ្លួនបានកាន់តែធំ តាមរយៈការមានបណ្ដាញទំនាក់ទំនងច្រើន ក្នុងការជួយជ្រោមជ្រែងបន្ថែមលើតម្រូវការនានានៅក្នុងអាជីវកម្ម។ លើសពីនេះ ជួយបង្កើនទំនាក់ទំនងរវាងម្ចាស់អាជីវកម្មជាមួយនឹងក្រុមការងារបានយ៉ាងជិតស្និតជាងមុន ដែលជាហេតុធ្វើឱ្យពួកគេអាចបំពេញការងារបានយ៉ាងមានប្រសិទ្ធភាព។

ហេតុដូចនេះ ម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ ត្រូវតែចាប់ផ្ដើមពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យបានខ្លាំង ដើម្បីអាចយកជំនាញមួយនេះក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទងជាមួយក្រុមការងារ សម្រួលដល់ការច្នៃប្រឌិតរបស់ក្រុម ជួយជំរុញលើការសហការគ្នារបស់ក្រុម ព្រមទាំងជួយធ្វើឱ្យក្រុមការងារ និងក្រុមហ៊ុនកាន់តែរីកចម្រើនជាបន្តបន្ទាប់។

សិក្សាជំនាញទំនាក់ទំនង៖ https://alison.com/courses?query=Communication%20Skills

3. ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម គឺវាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ពីព្រោះវានឹងជួយឱ្យម្ចាស់អាជីវកម្មដឹងថា តើដំណើរការអាជីវកម្មនឹងត្រូវចំណាយបែបណា? ហើយចំណាយលើអ្វីខ្លះ? បន្ថែមពីនេះ នឹងអាចបង្កើនលំហូរសាច់ប្រាក់ឱ្យបានល្អជាប្រចាំ ជាពិសេសនឹងជួយឱ្យមានផែនការបន្តទៀតកាន់តែល្អនាពេលអនាគត។ បន្ថែមពីនេះ វាក៏ជួយម្ចាស់អាជីវកម្មពីការកេងប្រវ័ញ្ឌដោយមិនដឹងខ្លួនពីសំណាក់បុគ្គលិកដែលកាន់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ។

ហេតុនេះ ម្ចាស់អាជីវកម្មខ្នាតតូច បើចង់ធ្វើឱ្យលំហូរសាច់ប្រាក់នៅក្នុងក្រុមហ៊ុនកាន់តែមានចរន្តល្អ អាចត្រៀមទុកមុននូវហានិភ័យលើការជាប់គាំងសាច់ប្រាក់ ការរៀបចំផែនការអាជីវកម្មឱ្យល្អសម្រាប់អនាគត អាចវិនិយោគលើរឿងសំខាន់ផ្សេងៗសម្រាប់អាជីវកម្ម និងអាចគ្រប់គ្រងសាច់ប្រាក់បានយ៉ាងរលូនជាដើម។

ពង្រឹងសមត្ថភាពលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ https://alison.com/courses?query=Financial%20Literacy

4. ជំនាញលក់

ជំនាញលក់ ជាជំនាញមួយដែលម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមាន ពីព្រោះវាជាផ្នែកមួយនៃការបង្កើនចំណូលដ៏ធំជាងគេ ព្រមទាំងជាផ្នែកមួយដែលអាចបណ្ដុះបណ្ដាលដល់ក្រុមអ្នកលក់ផ្សេងទៀតឱ្យកាន់តែខ្លាំងផងដែរ។ អ្នកត្រូវដឹងថា ម្ចាស់អាជីវកម្មមានជំនាញលក់ខ្លាំង នោះក្រុមអ្នកលក់ក៏ខ្លាំងផងដែរ ហើយបើក្រុមហ៊ុនសម្បូរដោយអ្នកលក់ខ្លាំង នោះក្រុមហ៊ុននឹងកាន់តែមានលំហូរសាច់ប្រាក់ចូលកាន់តែច្រើន។ ប៉ុន្តែបើម្ចាស់អាជីវកម្ម មិនពូកែលក់ផង នោះច្បាស់ជាគ្មានឥទ្ធិពលខ្លាំងដល់ក្រុមលក់ឡើយ ព្រមទាំងនឹងធ្វើឱ្យផ្នែកលក់នឹងមិនពូកែដូចគ្នា បន្ទាប់មកក្រុមហ៊ុននឹងទទួលរងនូវភាពលក់មិនដាច់ជាក់ជាមិនខាន។

សិក្សាជំនាញលក់៖ https://www.linkedin.com/learning/topics/sales-skills

5. ជំនាញសេវាកម្មអតិថិជន

ជំនាញសេវាកម្មអតិថិជន ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកធ្វើឱ្យអាជីវកម្មទទួលបានភាពរីកចម្រើន និងជោគជ័យបានយ៉ាងឆាប់រហ័ស ពីព្រោះជំនាញនេះអាចបង្កើនអតិថិជនថ្មីៗបានច្រើន ជួយជំរុញផ្នែកធ្វើទីផ្សារ បង្កើនចំនួនអតិថិជនដ៏ស្មោះត្រង់បានច្រើន និងអាចរក្សាអតិថិជនទាំងថ្មី ទាំងចាស់ឱ្យប្រើប្រាស់ផលិតផលសេវាកម្មនៅក្រុមហ៊ុនរបស់អ្នកជានិរន្ត។ បន្ថែមពីនេះ វាក៏ជាផ្នែកមួយក្នុងការជួយបន្ថែមគុណតម្លៃលើផលិតផលឬសេវាកម្មរបស់អ្នក តាមរយៈការចេះដោះស្រាយជាមួយអតិថិជន ចេះណែនាំផលិតផលសេវាកម្មដ៏ល្អជូនអតិថិជន ចេះឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានារបស់អតិថិជន និងតែងតែផ្ដល់នូវបទពិសោធន៍ល្អៗជាមួយអតិថិជន។

សិក្សាជំនាញសេវាកម្មអតិថិជន៖ https://www.linkedin.com/learning/topics/customer-service-3

6. ជំនាញទីផ្សារឌីជីថល

សម័យនេះ គឺជាសម័យឌីជីថល ហេតុនេះប្រសិនបើម្ចាស់អាជីវកម្មខ្នាតតូចនៅតែមិនទាន់មានការយល់ដឹងផ្នែកទីផ្សារឌីជីថលទៀត ហើយព្យាយាមប្រើប្រាស់យុទ្ធសាស្រ្តបែបប្រពៃណី នោះអាជីវកម្មនឹងមិនអាចដើរទាន់សម័យកាល និងមិនរីកចម្រើនបានលឿនឡើយ។ បន្ថែមពីនេះ មនុស្សបច្ចុប្បន្នក៏កំពុងមានភាពពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ ហើយក្នុងនោះសុទ្ធសឹងជាសម្រុកអតិថិជនរបស់អ្នក ដូច្នេះប្រសិនបើនៅតែរឹងរុសមិនបំម្លែងខ្លួនឯងឱ្យមានជំនាញនេះ ឬប្រើប្រាស់ទីផ្សារឌីជីថលនោះទេ នោះអាជីវកម្មរបស់អ្នកនឹងបាត់បង់ឱកាសរីកចម្រើនជាច្រើន។ បន្ថែមពី ម្ចាស់អាជីវកម្មត្រូវមានចំណេះដឹងផ្នែកទីផ្សារឌីជីថលមួយចំនួនដូចជា SEO ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងអ្វីៗជាច្រើនទៀតដើម្បីដឹកនាំអាជីវកម្មឱ្យឆ្ពោះទៅកាន់ភាពរីកចម្រើន។

សិក្សាជំនាញទីផ្សារឌីជីថល៖ https://olympus.mygreatlearning.com/courses/11107

និង https://www.linkedin.com/learning/search?keywords=Digital%20Marketing%20