ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

103
ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

បើយោងតាមទំព័រផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសង្កេតឃើញនៃភាពអវិជ្ជមានពីការចែករំលែក “ព័ត៌មានមិនពិត – Fake News” កំពុងកើតមានយ៉ាងច្រើន ជាពិសេសលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media)។ ហេតុដូចនេះទើបក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានធ្វើការចែករំលែកការយល់ដឹងអំពី “ព័ត៌មានមិនពិត – Fake News” ជាទស្សនទានជូនដល់បងប្អូនពលរដ្ឋ ដូចសេចក្តីសេង្ខេបខាងក្រោម៖

ព័ត៌មានមិនពិត – Fake News” គឺជាប្រភេទព័ត៌មានមិនត្រឹមត្រូវ (Misinformation) ព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបានបោះពុម្ព ឬផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media) ដែលមានចេតនាបំផ្លាញ ឬធ្វើឱ្យខូចកិត្តិយសដល់អង្គភាព ក្រុមហ៊ុន ឬបុគ្គល ដោយហេតុផលមនោគមន៍វិជ្ជា ការសងសឹក ផលប្រយោជន៍ហិរញ្ញវត្ថុ ឬផលចំណេញផ្នែកនយោបាយជាដើម។ លើសពីនេះក្នុងព្រះរាជាណាចក្រកម្ពុជា “ព័ត៌មានមិនពិត – Fake News” សង្កេតឃើញមាន 3 ប្រភេទ ធំៗគឺ៖

1- ព័ត៌មានតិះដៀល ឬប្រមាថ (Satire or Parody) ៖ ជាប្រភេទអត្ថបទប្រើពាក្យកំប្លែងលេងសើច ការនិយាយបំផ្លើស ឬការសើចចំអក ការរិះគន់ហែកហួរបុគ្គល ឬក្រុមមនុស្ស ជាពិសេសក្នុងបរិបទនយោបាយ និងលើប្រធានបទផ្សេងទៀត។ មកដល់បច្ចុប្បន្នបច្ចេកទេស Deep Fake ត្រូវបានយកមកប្រើប្រាស់ក្នុងការរចនាជាវីដេអូ ឬសម្លេង បង្កើតជាព័ត៌មានតិះដៀល ឬប្រមាថខាងលើផងដែរ។

2- ព័ត៌មានប្រឌិត (Misleading News) ៖ ជាប្រភេទអត្ថបទដែលដកស្រង់ព័ត៌មាន ឬការស្រាវជ្រាវផ្សេងៗ មកបន្ថែមអត្ថន័យហួសការពិត និងមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារដើម (Misinformation) ក្នុងគោលបំណងទាក់ទាញអ្នកទស្សនា។

3- ព័ត៌មានបោកបញ្ឆោតដោយចេតនា (Clickbait) ៖ ជាប្រភេទព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបង្កើតឡើងដោយចេតនាដើម្បីរកលុយតាមរយៈចំនួននៃការចុច ឬចំនួនទស្សនា ឬជាការឃោសនាបង្កើតឱ្យមានការភ័ន្តច្រឡំលើអ្វីមួយ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងដើម្បីសុខមាលភាពសង្គមជាតិ បងប្អូនប្រជាពលរដ្ឋអាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកំណត់សុក្រិតភាពនៃព័ត៌មាន ដូចសង្ខេបជូនខាងក្រោម៖

  • អានខ្លឹមសារអត្ថបទ និងឈ្វេងយល់អំពីប្រភពនៃព័ត៌មាន (អ្នកនិពន្ធ គេហទំព័រ)
  • ធ្វើការផ្ទៀងផ្ទាត់អត្ថបទ ពីប្រភពផ្សេងៗ
  • ធ្វើការត្រួតពិនិត្យកាលបរិច្ឆេទអត្ថបទ
  • ធ្វើការប្រឹក្សាយោបល់ជាមួយបងប្អូន ឬមិត្តភ័ក្ត មុននឹងផ្សព្វផ្សាយបន្ត
  • ធ្វើការរាយការណ៍ព័ត៌មានប្រឌិត (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយសង្គម ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ច។

មាត្រាចែងពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានប្រឌិតក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

  • មាត្រា305 “បទបរិហារកេរ្តិ៍ជាសាធារណ:” បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី 100,000រៀល (មួយសែនរៀល) ទៅ 10,000,000រៀល (ដប់លានរៀល) ។
  • មាត្រា502 “បទប្រមាថ” បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី 1 (មួយ) ថ្ងៃ ទៅ 6 (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី 1,000រៀល (មួយពាន់រៀល) ទៅ 100,000រៀល (មួយសែនរៀល)។
  • និងមានទោសទណ្ឌផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា។