ដំណាក់កាលនៃការសរសេរផែនការពង្រីកអាជីវកម្ម

502
ដំណាក់កាលនៃការសរសេរផែនការពង្រីកអាជីវកម្ម

នៅពេលចាប់ផ្ដើមធ្វើអាជីវកម្មមួយ​ ទទួលបាននូវលទ្ធផលល្អ ម្ចាស់អាជីវកម្មភាគច្រើន​ តែងតែមានផ្នត់គំនិតចង់ពង្រីក ប៉ុន្តែមុននឹងអាចពង្រីកបាន លុះត្រាតែ រៀបចំផែនការពង្រីកអាជីវកម្មមួយទៀត។

តើធ្វើបែបណា ទើបអាចរៀបចំផែនការពង្រីកអាជីវកម្មបាន?

ចំណុចនេះ តម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ដែលមានគោលបំណងចង់ពង្រីកអាជីវកម្ម ត្រូវតែឈ្វេងយល់ពីដំណាក់កាលនៃការសរសេរផែនការពង្រីកអាជីវកម្មជាមុនសិន។

ដំណាក់កាលទាំង 8 ​នៃការសរសេរផែនការពង្រីកអាជីវកម្ម រួមមាន៖

1. គិតពីគោលដៅដែលចង់សម្រេចនាពេលអនាគត

ម្ចាស់អាជីវកម្ម ត្រូវសិក្សាពីទីផ្សារគោលដៅ ការប្រកួតប្រជែង និងការរីកចម្រើនរបស់ក្រុមហ៊ុន កន្លងមក បន្ទាប់មករៀបចំផែនការសម្រាប់ការពង្រីកនាពេលអនាគត។

2. ឈ្វេងយល់ពីផែនការពង្រីកឱ្យបានច្រើន

មុននឹងចាប់ផ្ដើមសរសេរ ត្រូវសិក្សាបន្ថែមឱ្យបានច្រើនលើគំរូនៃការធ្វើផែនការពង្រីករបស់ក្រុមហ៊ុនល្បីៗមួយចំនួន។

3. ស្វែងរកឱកាសក្នុងការពង្រីក

ម្ចាស់អាជីវកម្ម ត្រូវកំណត់ថា តើមានឱកាសពង្រីកអ្វីខ្លះ ទាំងនៅក្នុងការបង្កើតផលិតផលថ្មី សេវាកម្មថ្មី គោលដៅទីផ្សារថ្មី ការបើកទីតាំងថ្មី ឬឆ្ពោះទៅកាន់ពិភពលោក បន្ទាប់មក សូមបញ្ចូលវានៅក្នុងផែនការពង្រីក។

4. វាយតម្លៃក្រុមការងារ

ម្ចាស់អាជីវកម្ម គួរតែបញ្ចូលការវាយតម្លៃសមត្ថភាពបុគ្គលិក និងមើលពីតម្រូវការជាក់ស្ដែងរបស់បុគ្គលិក ដើម្បីបំពេញតាមគោលដៅពង្រីក។ ធ្វើបែបនេះ អ្នកអាចកំណត់ថា តើការរីកចម្រើនអាចសម្រេចបានកម្រិតណា? ពេលណាត្រូវចាប់ផ្តើមជ្រើសរើសមនុស្សថ្មី និងជំនាញអ្វីដែលអាចបញ្ចូលនៅកន្លែងថ្មី?

5. ស្វែងរកប្រភពដើមទុន

នៅក្នុងផែនការពង្រីក ម្ចាស់អាជីវកម្មត្រូវបញ្ចូលនូវព័ត៌មានលម្អិតពីរបៀបដែលនឹងប្រើប្រាស់ដើមទុនទាំងនោះមកពង្រីកអាជីវកម្ម បន្ទាប់មក កំណត់ទិសដៅនៃប្រភពដើមទុនដែលនឹងទទួលបាន។

6. ប្រឡូកនៅក្នុងពិភពទីផ្សារខាងក្រៅ

ភាពរីកចម្រើនអាជីវកម្ម តម្រូវឱ្យមានការប្រឡូកចូលទៅកាន់ទីផ្សារគោលដៅ ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មមានទីផ្សារកាន់តែខ្ពស់ ដើម្បីជំរុញឱ្យមានភាពរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។

7. ស្វែងរកជំនួយបន្ថែម

នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មអាចស្វែងរកជំនួយ តាមរយៈការសូមដំបូន្មានពីម្ចាស់អាជីវកម្មផ្សេងទៀតដែលជោគជ័យក្នុងការធ្វើផែនការពង្រីក ដើម្បីជាជំនួយក្នុងការសរសេរផែនការពង្រីកផ្ទាល់ខ្លួន។

8. ចាប់ផ្ដើមសរសេរផែនការ

ម្ចាស់អាជីវកម្ម អាចសរសេរផែនការអាជីវកម្មនៅក្នុង Software ពីព្រោះកម្មវិធីសូហ្វវែ ភាគច្រើនផ្តោតលើផែនការអាជីវកម្ម ប៉ុន្តែអាចកែច្នៃដើម្បីបង្កើតផែនការដែលផ្តោតលើការពង្រីក។