ដំណើរ​របស់​មនុស្ស​លោក​ឆ្ពោះ​ទៅ​កាន់​លំហ

1456
រូបទី១៖នេះជាប្រព័ន្ធភពនៅជុំវិញព្រះអាទិត្យ យើងអាចមើលឃើញភពផែនដីដែលជាភពទីបី​ (សញ្ញាព្រួញ)​​ ឯរណបភពដ៏តូចមួយដែលនៅជិតផែនដីនោះគឺជាព្រះច័ន្ទ ។​ (រូបភាពដោយ NASA)

អរិយធម៌​ដំបូង​របស់​មនុស្ស​លោក​យើង​បាន​ចាប់​ផ្ដើម​ឡើង​ចន្លោះ​ពី​ឆ្នាំ​ ៤៥០០​​ ​និង​៤០០០​មុន​គ្រិស្ត​សករាជ​ ​។ ជិត​ ៦០០០​ឆ្នាំ​ក្រោយ​មក​ នៅ​ឆ្នាំ​១៩៦៩​ អា​កាស​យានិក​ជន​ជាតិ​អាមេរិក​ នែល ​អាមស្ត្រង​​​បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ រណប​ភព​ចន្ទ(១) ​។ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មនុស្ស​យើង​បាន​ឈាន​ជើង​ទៅ​ដល់​ពិភព​មួយ​ផ្សេង​ក្រៅ​ពី​ផែនដី​។ ក្នុង​ប្រមាណ​ ៤​ទស្សវត្ស​ចុង​ក្រោយ​នេះ​​អាកាស​យា​និក​​ជា​ច្រើន​នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​ក្នុង​លំហ។​​ ទាំង​នេះ​គ្រាន់​តែ​ជា​ជំហាន​ទី​មួយ​នៃ​ដំណើរ​ផ្សង​ព្រេង​របស់​មនុស្ស​លោក​ឆោ្ពះ​ទៅ​កាន់​អវកាស​ដ៏​មហា​សាល​ប៉ុណ្ណោះ​។

(១)  ជា​សកល​ ​គេ​មិន​ចាត់​ទុក​ព្រះ​ចន្ទ​ជា​ភព​ទេ​ គេ​ចាត់​ទុក​ព្រះ​ចន្ទ​ជា​រណប​របស់​ភព​ផែន​ដី​ទៅ​វិញ​។

ការ​វិវឌ្ឍន៍​មួយ​ចំនួន​ធំ​របស់​មនុស្ស​លោក​ពឹង​ផ្អែក​ទៅ​លើ​ការ​រំ​ពឹង​គិត​ ការ​ស្វែង​យល់​​និង​តម្រូវ​ការ​។ ឯ​ការ​វិវឌ្ឍន៏​របស់​មនុស្ស​ឆ្ពោះ​ទៅ​កាន់​លំហក៏​ដូចគ្នា​ដែរ​ អ្វីៗ​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​សម្លឹង​​មើល​​ទៅ​លើ​មេឃ​ ហើយ​រំពឹង​សួរ​ថា​តើ​នៅ​លើ​មេឃ​នោះ​មាន​អ្វីខ្លះ​? តើ​ផ្កាយ​ទាំង​នោះ​ជាអ្វី​? ហេតុ​អ្វី​បាន​ជា​ផ្កាយ​ដុះ​កន្តុយ​អាច​ហោះ​បាន​? ។​ល​។

ការ​ស្វែង​យល់​ពី​លំហមាន​ការ​លំបាក​យ៉ាង​ខ្លាំង​ត្រង់​ថា​ផ្កាយ​​​​​​ ​ភព​និង​ ប្រព័ន្ធ​ភព​ផ្សេងៗ​នៅ​ឆ្ងាយ​អនេក​ ហេតុ​ដូច​នេះ​បាន​​ជា​​នៅ​ដើម​សតវត្ស​ទី​១៧​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​បាន​បង្កើត​កែវ​យឹត​ដើម្បី​សិក្សា​ពី​លំហនិង​ភព​ផ្សេងៗ​ ​ក៏​ប៉ុន្តែ​បើ​យើង​បាន​ទៅ​ដល់​អវកាស​ យើង​នឹង​បង្កើន​ការ​យល់​ដឹង​ពី​អវកាស​មួយ​កម្រិ​ត​ថែម​ទៀត​។ បញ្ហា​នៅ​ត្រង់​ថា​ យើង​ត្រូវ​ការ​ម៉ា​ស៊ីន ​និង​យាន​យន្ត​ដើម្បី​ហោះ​ចេញ​ពី​ផែន​ដី​​ ​រី​ឯ​មនុស្ស​នា​សតវត្ស​ទី​១៧​នោះ​ចេះ​ត្រឹម​តែ​ប្រើ​រទេះ​សេះ​ជា​យាន​ប៉ុណ្ណោះ​។

ក្នុង​រយៈ​ពេល​ជា​ង​៣០០​ឆ្នាំ​កន្លង​មក​ គេ​សង្កេត​​ឃើញ​​ថា​មាន​ការ​រីក​ចម្រើន​​​នូវ​ការ​យល់​ដឹង​ពី​មុខ​វិជ្ជា​ផ្សេងៗ​​ ដូច​ជា​រូបវិទ្យា​​ គីមីវិទ្យា​​ និង ​គណិតវិទ្យា​។ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ទើប​​តែ​​មាន​លទ្ធភាព​បញ្ជូន​មនុស្ស​ទៅ​អវកាស​បាន​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី២០​នេះ​ទេ ឯ​គ្រឿង​អេ​ឡិច​ត្រូ​និច​មួយ​ចំ​នួន​ដូច​ជាប្រព័ន្ធ​បង្ហាញ​ទីតាំង​ (២) ដែល​​ត្រូវ​ការ​ផ្កាយ​រណប​ដើម្បី​ដំណើរ​ការ​ក៏ទើបតែមានដែរ​ ។​ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំហរ​​បាន​ជួប​ប្រទះ​នឹង​​ការ​​លំបាក​ម្យ៉ាង​ដែរ​​​ត្រង់​ថា​​មាន​ការ​ជំទាស់​ពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​លើក​សំណួរ​ឡើង​ដូច​ជា ​តើ​​ឡើង​ទៅ​កាន់​លំហ និង​យល់​​ដឹង​ពី​អវកាស​​មាន​សារៈ​សំខាន់​អ្វី​? តាម​​ពិ​ត​ទៅ​តា​រា​វិទ្យា​​ និង​រូប​វិ​ទ្យា​ក៏​មាន​សារៈ​សំខាន់​ដូច​ជា​មុខ​វិជ្ជា​ផ្សេងៗ​ដែរ​​​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​អាស្រ័យ​​ទៅ​លើ​អ្នក​ប្រើ​វា​តែ​ប៉ណ្ណោះ ​។ វិទ្យុសកម្ម​អាច​ប្រល័យ​លោក​បាន​ តែ​វា​ក៏​អាច​ជួយ​ព្យាបាល​ជម្ងឺ​មហារីក​​មួយ​ចំនួន​បា​ន​ផងដែរ​ ​។

រូបទី៣៖ ភពព្រះអង្គារ(Mars)ជា​ភព​​ដ៏​សែន​ត្រជាក់ ​តែ​យើង​អាច​កែ​ប្រែ​ភព​នេះ​អោយ​មាន​កំដៅ​ស្រដៀង​នឹង​ភព​ផែន​ដី​បាន ​តែ​បញ្ហា​ត្រង់​ថា​យើង​ត្រូវ​ការ​ពេល​និង​ថវិកា​ដ៏​មហិមា​។​(រូបថតៈ យឹមវិរៈ​ American Museum Of Natural History ទី​ក្រុង​ញុវ​យ៉ក​)

ការ​ធ្វើ​ដំណើរ​ទៅ​ក្នុង​លំហរ​ក៏​ជា​ការ​ចាំ​បាច់​មួយ​ដែរ​ ព្រោះ​ថា​មាន​ធាតុ​ផ្សេងៗ​ដូច​ជា​ហេល្យូម​៣(៣)​ដែល​មិន​សូវ​មានលើ​​ផែន​ដី​ តែ​អ្នក​វិទ្យាសាស្រ្ត​​ជឿ​ថា​សំបូរ​នៅ​លើ​ព្រះ​ចន្ទ​ទៅ​វិញ​។ ម្យ៉ាង​ទៀត​កំណើន​ប្រជាជន​នៅ​លើ​ពិភព​លោក​ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់ ​ឯ​​ធនធាន​វិញ​​គឺ​​មាន​​កំណត់។ ចំនុច​មួយ​ទៀត​នោះ​គឺ​បញ្ហា​ត្រង់​ថា​ តើ​មនុស្ស​លោក​នឹង​សម្រប​សម្រួល​យ៉ាងណា​ក្នុង​បរិស្ថាន​នៅ​ពិភព​ថ្មី​​? ទាំង​នេះ​វា​ជា​បញ្ហា​នៅ​ក្នុង​អនាគត​កាល​ដ៏យូរ​អង្វែង​មែន​ ក៏​ប៉ុន្តែ​បើ​យើង​រង់​​ចាំ​រហូត​ទឹក​មក​ដល់​ច្រមុះ​ទើប​រៀន​ហែល​ទឹក​នោះ​ពិត​ជា​ជួប​​នឹង​គ្រោះ​ធំ​ជាក់​​ជា​មិន​ខាន​។ ហេតុ​ដូច​នេះ​ទើប​ក្នុង​ពេល​បច្ចុប្បន្ន ​អ្នក​វិទ្យាសាស្រ្ត​កំពុង​រំពៃគិត​និង​ពិភាក្សា​ពី​ទ្រឹស្ដី​ផ្សេងៗ​ស្តី​ពី​លទ្ធភាព​ក្នុង​ការ​កែ​ប្រែភព​ព្រះអង្គារ​អោយ​ទៅ​ជា​ភព​ផែន​ដីទី​ពីរ​រូបថតទី(៣)។

ថ្វី​ត្បិត​តែ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំហជា​ដំណើ​រ​ដ៏​វែង​ឆ្ងាយ​មួយ​ តែ​វា​មាន​សារៈ​សំខាន់​យ៉ាង​ច្រើន​ ហេតុ​ដូចនេះ​បាន​ជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ប្រទេស​មួយ​ចំនួន​ដូច​ជា​ចិន​និង​​ឥណ្ឌា​មាន​គម្រោង​នឹង​បញ្ជូន​អាកាស​យានិក​​របស់​ខ្លួន​​​ទៅ​កាន់​ព្រះ​ចន្ទ​មុន​ឆ្នាំ​២០៣០​ ឯ​សហរដ្ឋអាមេរិក​​ក៏​មាន​គម្រោង​បញ្ជូន​អាកាស​យានិក​ទៅ​ភព​ព្រះ​អង្គារ​មុន​ឆ្នាំ​២០៣០ដែរ(​(រូបភាពទី៤)  ព្រោះ​ពួក​គេ​ដឹង​ថា​ដំណើរ​ដ៏វែង​ឆ្ងាយ​មួយ​ គឺ​តែង​តែ​ចាប់​ផ្ដើម​ឡើង​ជាមួយ​នឹង​ជំហាន​ទី​មួយ​ជានិច្ច។

 

និយមន័យមួយចំនួន

-(២)  ប្រព័ន្ធ​បង្ហាញ​ទីតាំង​​ ឬ​ជាភាសា​អង់គ្លេស​ ​Global ​Positioning​ System (GPS) ​វា​​ជា​​គ្រឿង​អេឡិច​ត្រូនិច​ម្យ៉ាង​ដែល​អាចបង្ហាញ​ពីទីតាំងនិង​គោល​ដៅ​របស់​អ្នកប្រើ​ដោយការឆ្លើយ​ឆ្លង​សញ្ញា​តាម​រលក​ធាតុ​អាកាស​ជាមួយ​នឹង​ផ្កាយ​រណប​នាៗ​ដែល​នៅ​លើ​មេឃ​។

-(៣)​​ ​ហេល្យូម​៣(Helium3)​៖ ជា​សារ​ជាតិ​គីមី​ម្យ៉ាង​ដែល​អ្នក​វិទ្យាសាស្រ្ត​ជឿថា​នឹង​អាច​ប្រើវា​ក្នុង​ប្រតិកម្ម​នុយ​ក្លេ​អែរ​បង្រួម​(nuclear fusion) អោយ​ទៅ​ជា​ថាម​ពល​ផ្សេងៗ​ (ហេល្យូម​មាន​តម្លៃ​ប្រហែល​ ៤​លាន​ដុល្លា​អា​មេរិក​ក្នុង​មួយ​គីឡូ​ ឯ​មាស​មាន​តំលៃ​ប្រហែល​ជា​៦ម៉ឺន​ដុល្លា​ក្នុង​មួយ​គីឡូ)។

-NASA(National Aeronautics and Space Administration)៖ ជា​ទី​ភ្នាក់​ងារ​របស់​សហរដ្ឋអាមេរិក​ដែល​មាន​ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ផែ្នក​អវកាស ​និង​អាកាស​ចរណ៏​វិទ្យា។

Previous articleតើ​អ្នក​ជឿ​ដែរឬទេ​ថា​ “គំនិត” អាច​ទាយ​ចិត្តរបស់​អ្នកបាន ?
Next articleតើមនុស្ស​អាច​មាន​ជីវិត​អមតៈ​ដែរ ឬ​ទេ?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។