តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ?

115
តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ

ការជាប់គាំងគំនិតក្នុងការព្យាយាមធ្វើអ្វីមួយឱ្យបានល្អ ច្បាស់ជានឹងអាចកើតមានចំពោះមនុស្សគ្រប់គ្នា ក៏ប៉ុន្តែវាក៏មានដំណោះស្រាយផងដែរ ហើយដំណោះស្រាយនោះ ក៏វាអាស្រ័យលើបុគ្គលម្នាក់ៗផងដែរ ពីព្រោះអាចចំណង់ចំណូលចិត្ត និងការស្ដារការគិតឱ្យល្អឡើងវិញ គឺមានរបៀបខុសគ្នា ដោយមិនអាចដូចគ្នាទាំងស្រុងបានឡើង។ ទោះបីជាយ៉ាងនេះក្ដី ខាងក្រោមនេះ យើងនឹងបង្ហាញនូវកត្តាមួយចំនួនដែលតែងតែធ្វើឱ្យអ្នកនឹងជាប់គាំងគំនិត ឬអាចនិយាយបានថា គិតមិនចេញ ក្នុងការធ្វើអ្វីមួយឱ្យបានល្អតាមការគ្រោងទុក ព្រមទាំងនឹងបង្ហាញនូវដំណោះស្រាយខ្លីៗដើម្បីផ្ដល់ជាគំនិតសម្រាប់អ្នកផងដែរ។

1. អ្នកគ្មានចំណេះដឹងទូលំទូលាយលើអ្វីដែលអ្នកកំពុងធ្វើនោះ

ប្រសិនបើអ្នកគ្មានចំណេះដឹងទូលំទូលាយលើផ្នែកណាមួយដែលអ្នកចង់ធ្វើឱ្យវាទទួលបាននូវលទ្ធផលល្អនោះទេ ច្បាស់ណាស់អ្នកនឹងឧស្សាហ៍ជាប់គាំងគំនិត ឬគិតអ្វីមិនចេញសោះឡើយ ថាអ្នកនឹងត្រូវធ្វើបែបណាបន្តទៀតដើម្បីធ្វើសកម្មភាពក្នុងការសម្រេចនូវគោលបំណងនោះ។ ឧទាហរណ៍ អ្នកចង់ធ្វើឱ្យផ្នែកផ្ដល់សេវាកម្មអតិថិជនមានភាពល្អជាងមុន ប៉ុន្តែជាក់ស្ដែងអ្នកគ្មានចំណេះដឹងផ្នែកសេវាកម្មអតិថិជន ឬមានការយល់ដឹងតែបន្តិចបន្តួច សំណួរសួរថា តើអ្នកអាចចាប់ផ្ដើមពីចំណុចណាទើបល្អ? ម្យ៉ាងវិញទៀត អ្នកជាអ្នកសរសេរមាតិកាផ្នែកលក់ ប៉ុន្តែចៅហ្វាយរបស់អ្នកឱ្យអ្នកសរសេរមាតិកាផ្ដោតលើបច្ចេកវិទ្យា សំណួរសួរថា តើអ្នកនឹងសរសេរមាតិកាឱ្យបានល្អដោយរបៀបណា បើអ្នកគ្មានចំណេះដឹងផ្នែកបច្ចេកវិទ្យាផង? ដូច្នេះសរុបជារួមមក ប្រសិនបើអ្នកមិនសូវ ឬក៏គ្មានចំណេះដឹងទូលំទូលាយលើអ្វីដែលអ្នកចង់ធ្វើឱ្យល្អប្រសើរនោះទេ ច្បាស់ណាស់អ្នកនឹងស្រ្តេសពេញមួយថ្ងៃ ដោយសារតែជាប់គាំងគំនិត ឬគិតមិនចេញថា អ្នកនឹងត្រូវធ្វើបែបណាទើបល្អ។

ដំណោះស្រាយ

  • បន្តការសិក្សាជានិច្ច៖ តាមរយៈការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ការអានសៀវភៅ ឬការរៀនសូត្រពីបុគ្គលមានជំនាញលើអ្វីដែលអ្នកកំពុងចង់ដឹង ចង់ចេះបន្ថែមទៀតឱ្យបានច្រើន រហូតអ្នកជឿជាក់ថាខ្លួនឯងមានចំណេះដឹងច្រើនលើផ្នែកដែលអ្នកកំពុងចង់ធ្វើឱ្យល្អប្រសើរនោះ។
  • ស្វែងរកអ្នកជួយណែនាំផ្លូវម្នាក់ ឬច្រើននាក់៖ ធ្វើបែបនេះ ដើម្បីបង្ហាញផ្លូវដល់អ្នកថា តើអ្នកគួរធ្វើបែបណាទើបល្អ? ហើយចាប់ផ្ដើមបែបណា? ។ល។
  • ស្វែងរកជំនួយ៖ ប្រសិនបើកិច្ចការងារនោះសំខាន់ ហើយបន្ទាន់ ដោយត្រូវការរយៈពេលខ្លីដើម្បីបញ្ចប់ ដូច្នេះជម្រើសចុងក្រោយអ្នកត្រូវតែស្វែងរកអ្នកជួយ ដើម្បីដឹកនាំអ្នកឱ្យបញ្ចប់ការងារនោះឱ្យបានល្អ។ ជំនួយនេះ អ្នកអាចស្វែងរកអ្នកជុំវិញខ្លួន មិត្តរួមការងារ និងមនុស្សដែលអ្នកស្គាល់ពួកគេថា ពួកគេពិតជាអាចជួយអ្នកក្នុងការបញ្ចប់ការងារនោះបានយ៉ាងល្អ។
2. ការងារច្រើនក្នុងពេលតែមួយ

ទោះបីជានៅកន្លែងការងារ ជីវិតផ្ទាល់ខ្លួន និងនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់អ្នកទេ ប្រសិនបើអ្នកមានការងារដែលត្រូវបំពេញឱ្យរួចរាល់ច្រើនក្នុងពេលតែមួយ ច្បាស់ណាស់អ្នកនឹងមានអារម្មណ៍ថាស្រ្តេស នឿយហត់ និងស្មុគស្មាញច្រើនមិនខាន។ ការដែលមានការងារច្រើនក្នុងពេលតែមួយ នឹងបណ្ដាលឱ្យអ្នកមិនអាចបញ្ចប់ការងារណាមួយឱ្យបានល្អឡើយ ព្រមទាំងនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាគិតអ្វីមិនចេញ និងគ្មានគំនិតបែបច្នៃប្រឌិតឡើយ​​ ពីព្រោះអ្នកនឹងព្យាយាមបង្ខំខ្លួនឯងឱ្យបញ្ចប់ការងារទាំងអស់ឱ្យបានរួចរាល់នៅក្នុងថ្ងៃនេះតែម្ដង។

ដំណោះស្រាយ

  • រៀបចំការងារអាទិភាព ដើម្បីបញ្ចប់ការងារនោះតាមលំដាប់នៃភាពសំខាន់ និងទាន់ពេលវេលា។ ធ្វើបែបនេះ ទើបអ្នកមិនប្រញាប់ ឬសម្រុកធ្វើការងារច្រើនក្នុងពេលតែមួយ ដែលធ្វើឱ្យផលិតភាពការងារមិនល្អ ឬអាចធ្វើឱ្យអារម្មណ៍អ្នកមិនល្អ ដែលជាហេតុធ្វើឱ្យអ្នកជាប់គាំងការគិត។
  • ស្វែងរកជំនួយ ដោយអ្នកអាចឱ្យក្រុមការងារណាដែលអាចធ្វើការងារណាមួយ ឬច្រើនជំនួសអ្នកបាន ដើម្បីឱ្យពួកគេជួយបំពេញ។
3. គេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ និងអាចបន្តធ្វើសកម្មភាពនានាបានយ៉ាងល្អ។ ប៉ុន្តែប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់វិញ អ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើអ្វីឡើយ ព្រមទាំងវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការគិតផងដែរ ដូចជាធ្វើឱ្យការគិតរបស់អ្នកមានភាពស្ពឹកស្រពោន និងគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ។

ដំណោះស្រាយ

  • រៀបចំផែនការគេងសម្រាប់ខ្លួនឯង ដើម្បីធ្វើឱ្យធានាថា អ្នកគេងបានគ្រប់គ្រាន់ និងគេងបានទៀងទាត់ពេលវេលា ដោយមិនឧស្សាហ៍នៅយប់ជ្រៅជារៀងរាល់ថ្ងៃពេកជាដើម។
4. ស្ថិតនៅក្នុងបរិយាកាសអាប់អួរពេក

អ្នកត្រូវដឹងថា កន្លែងណាដែលនឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងកន្លែងណាដែលអ្នកមានអារម្មណ៍មិនល្អ ពីព្រោះបរិយាកាសក៏ជាផ្នែកមួយដែលអាចធ្វើឱ្យអ្នកធ្វើការងារបានល្អ និងមិនបានល្អដូចគ្នា ដូច្នេះអ្នកក៏ត្រូវជ្រើសរើសទីតាំង និងរៀបចំកន្លែងដែលអ្នកនឹងត្រូវបញ្ចប់ការងារនៅទីនោះឱ្យបានល្អ ដើម្បីធានាថាការគិតរបស់អ្នកនឹងមិនជាប់គាំងឡើយ។ ឧទាហរណ៍ ការងាររបស់អ្នកត្រូវការផ្ដោតអារម្មណ៍ឱ្យខ្លាំង ទើបអាចធ្វើបានល្អ ដូចជាការងារសរសរកូដ ការគិតផែនការ គិតយុទ្ធសាស្រ្ត គិតពីការរចនា។ល។ ដូច្នេះប្រសិនបើកន្លែងនោះរញ៉េរញ៉ៃ កន្លែងអាប់អួរគ្មានពន្លឺចេញចូល ជាដើម នោះច្បាស់ណាស់អ្នកនឹងកាន់តែមានអារម្មណ៍ស្រ្តេស និងអារម្មណ៍មិនល្អមិនខាន ដែលជាហេតុធ្វើឱ្យអ្នកនឹងគិតមិនចេញថាអ្នកនឹងត្រូវធ្វើបែបណាឡើយ ហើយការងារនោះចេញលទ្ធផលមកក៏មិនសូវល្អផងដែរ។

ដំណោះស្រាយ

  • រៀបចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ និងមានផាសុកភាព
  • សូមការអនុញ្ញាតដល់ក្រុមការងារ និងអ្នកជុំវិញខ្លួន ដើម្បីរក្សាភាពស្ងប់ស្ងាត់អំឡុងពេលណាមួយ ដើម្បីអ្នកមានអារម្មណ៍ល្អក្នុងការផ្ដោតជាដើម
  • អ្នកត្រូវជ្រើសរើសទីតាំងល្អសម្រាប់ខ្លួនឯង ដើម្បីធានាថាអ្នកមានអារម្មណ៍ស្រស់ស្រាយ និងអាចបញ្ចប់ការងារនោះដោយជោគជ័យ