តើក្រុមហ៊ុន Google រកចំណូលពីណាមក?

310

ក្រុមហ៊ុន Google! ក្រុមហ៊ុន Google!  អ្នកណាៗក៏ស្គាល់ពីកិត្តនាម និងកេរ្តិ៍ឈ្មោះដ៏ល្បីនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះដែរ។ សូម្បីតែមហាសេដ្ឋីខាងបច្ចេកវិទ្យាលំដាប់ទី០២ ពិភពលោក Elon Musk ធ្លាប់បានលើកឡើងថាក្រុមហ៊ុនតែមួយគត់ដែលលោកមានការព្រួយបារម្ភជាងគេលើផ្នែកបច្ចេកវិទ្យា និង Artificial Intelligence (AI) នោះគឺក្រុមហ៊ុន Google នេះឯង ដែលនេះសរបញ្ជាក់ឲ្យឃើញពីអានុភាពនៃក្រុមហ៊ុនយក្សមួយនេះ នៅក្នុងវិស័យបច្ចេកវិទ្យា។​

តាមពិតទៅក្រុមហ៊ុន Google គឺជាក្រុមហ៊ុនសម្ព័ន្ធមួយ និងជាក្រុមហ៊ុនដែលរកប្រាក់ចំណូលបានច្រើនស្ទើរតែទាំងអស់នៃក្រុមហ៊ុន Alphabet ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៥​ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ១,៥០០,០០០,០០០,០០០ដុល្លាសហរដ្ឋអាមេរិក ($1.5 trillion) នេះបើយោងតាមគេហទំព័រព័ត៌មានអន្តរជាតិ CNBC ដែលចុះផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនមួយនេះបានចំណាយលើការវិនិយោគជាច្រើននៅលើវិស័យបច្ចេកវិទ្យា ដែលមានដូចជា បណ្តាញសង្គម ការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Ads and AdSense) ម៉ាស៊ីនស្វែងរក (search engine) ទូរស័ព្ទដៃ Artificial Intelligence (AI) រថយន្តដែលបើកបរដោយខ្លួនឯង និងបច្ចេកវិទ្យាក្នុងផ្នែកសុខភាពជាដើម។

ថ្ងៃនេះ គំនិត សូមលើកយកប្រភពចំណូលដ៏សំខាន់ចំនួន០២ របស់ក្រុមហ៊ុន Google ដើម្បីចែករំលែកជូនប្រិយមិត្ត។

១. ការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Ads and AdSense)

ថ្វីត្បិតតែក្រុមហ៊ុន Google វិនិយោគទៅលើជំនួញច្រើនក៏ពិតមែន ក៏ប៉ុន្តែក្នុងចំណោមគម្រោងទាំងអស់ដែល Google បានធ្វើការវិនិយោគខាងលើ ជំនួញដែលជោគជ័យបំផុតនោះគឺបានពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Ads and AdSense) ដោយនៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមួយនេះ បានរកប្រាក់ចំនូលបាន ១៨៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក ($183 Billion) ដែលក្នុងនោះ​ ១៤៧ ពាន់លានដុល្លាអាមេរិក ដែលស្មើនឹងជាង ៨០% គឺបានមកពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Ads and AdSense) នេះឯង បើយោងតាមគេហទំព័រព័ត៌មានអន្តរជាតិ CNBC ដដែល។ ការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Ads and AdSense) នេះជួយឲ្យអ្នកផ្សព្វផ្សាយទាំងអស់ អាច​ផ្សព្វផ្សាយទៅកាន់អតិថិជនទាំងអស់នៅលើគ្រប់ផលិតផលរបស់ Google (Gmail, Maps, Google Play app store) ដែលមានលក្ខណៈសម្បត្តិដូច ឬស្រដៀងទៅនឹងអតិថិជនគោលដៅរបស់អ្នក តាមរយៈព័ត៌មាន និងទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន។

២. បណ្តាញសង្គម YouTube

ទោះបីជាបណ្តាញសង្គម YouTube រកប្រាក់ចំណូលបានទាបជាងគេក្នុងចំណោមប្រភពចំណូលសំខាន់ៗទាំងអស់ របស់ Google ក៏ប៉ុន្តែបណ្តាញសង្គមនេះ ត្រូវបានគេមើលឃើញថាបានរីកចម្រើនលឿនជាងគេបំផុត ដោយនៅក្នុងឆ្នាំ២០២០ បណ្តាញសង្គម YouTube អាចរកចំណូលបានរហូតដល់ ២០ ពាន់លានដុល្លា ដែលស្មើនឹង ១៣% នៅចំណូលសរុបប្រចាំឆ្នាំ២០២០ របស់ Google។ ការបញ្ជាទិញក្រុមហ៊ុន YouTube កាលពីខែវិច្ឆិការ ឆ្នាំ២០០៦ គឺជាការវិនិយោគដ៏ចំណេញបំផុត ជាមួយចំនួនទឹកប្រាក់ ១.៦៥ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ថ្វីត្បិតតែចំនួននេះគឺច្រើនបន្តិចមែនកាលពីជំនាន់នោះ ក៏ប៉ុន្តែក្រុមហ៊ុន Google អាចរកចំណូលមកវិញបានរហូតចន្លោះពី ១៥ ពាន់លានដុល្លាសហរដ្ឋអាមេរិក ទៅ ២០ ពាន់លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ៕

 

 

Previous articleការដឹកនាំ នៅក្នុងយុគសម័យ ឌីជីថល
Next articleធ្វើយ៉ាងម៉េចទើបខ្ញុំអាចមានផលិតភាពខ្ពស់បាន?
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕