ប្រហែលជានៅក្នុងខណៈពេលនេះអ្នកហាក់ដូចជាកំពុងតែទាល់តំរិះ មិនដឹងថាគួរតែធ្វើបែបណាដើម្បីបន្តដង្ហើមអាជីវកម្មដែលកំពុងតែជួបវិបត្តិនេះយ៉ាងដូចម្តេច ធ្លាប់តែពីមុន អតិថិជនចូលមកឡើងពេញៗហាង តែក្នុងពេលនេះវិញគឺស្ងាត់ឈឹងតែម្តង ។ អ្នកកំពុងតែពិចារណាថាគួរបន្តទៀតឬបិទទ្វារសិនអ្នកមានអារម្មណ៍ទៅមុខមិនរួចទេ កែប្រែក៏មិនកើតដែរ ។
ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ ខ្ញុំចង់លើកទឹកចិត្តដល់អ្នកទាំងអស់គ្នាថាសូមកុំបោះបង់អី ក្តីសង្ឃឹមគឺនៅតែមានដរាបណាអ្នកមិនចុះចាញ់ មិនបណ្តោយតាមយថាកម្ម ។
ខ្ញុំចង់រំលឹកលោកអ្នកថា អ្នកដែលខ្លាំងពិតប្រាកដ នឹងព្យាយាមចាប់យកឱកាសដែលមាននៅក្នុងវិបត្តិមួយនេះពីព្រោះពួកគេជឿថានៅក្នុងវិបត្តិគឺរមែងតែងតែមានឱកាសប្រសិនបើយើងចេះកែច្នៃ ។ លោកអ្នកសាកគិតទៅមើល នៅពេលទីផ្សារងាយស្រួលរកលុយ អ្នកណាក៏អាចរកលុយបាន អ្នកណាក៏អាចរកស៊ីបាន ។ ប៉ុន្តែនៅពេលដែលមានវិបត្តិ វាគឺជាឱកាសរបស់អ្នកខ្លាំងក្នុងការបញ្ចេញសមត្ថភាពដោះស្រាយ និងស្រោចស្រង់គ្រប់គ្នាចេញពីគ្រោះនេះ ទៅរកឱកាសវិញ ។.
ពេលមានវិបត្តិគឺជាពេលដ៏លំបាកហើយក៏ជាពេលមួយដែលយើងមានពេលផ្តោតលើការបង្កើនប្រសិទ្ធិភាពការងារដើម្បីរស់និងបត់បែនទៅតាមស្ថានការណ៍ឲ្យបានលឿន ។ ពេលនេះគឺជាពេលដែលបង្រៀនយើងឲ្យចេះជាងមុន ឆ្លាតជាងមុន និង ហ៊ានផ្លាស់ប្តូរនូវអ្វីដែលយើងមិនដែលហ៊ានពីមុនមក ។
ក្នុងស្ថានភាពបែបនេះ ខ្ញុំចង់បំផុសគំនិតលោកអ្នកឲ្យងាកមកចាប់អារម្មណ៍លើវិស័យឌីជីថលវិញ។ វាគឺកត្តាដ៏សំខាន់ខ្លាំងណាស់ដែលលោកអ្នកត្រូវចេះបទបែនតាមស្ថានភាពជាក់ស្តែង ដើម្បីបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួន ។ ជាជាងការផ្តោតទៅធ្វើតែរឿងដដែលៗក្នុងស្ថានភាពៃការផ្លាស់ប្តូរនេះ លោកអ្នកត្រូវមានផ្នត់គំនិតរកគិតពីវិធីសាស្ត្រដោះស្រាយ ថាតើយើងគួរតែធ្វើអ្វីសម្រាប់អាជីវកម្មរបស់យើងនៅក្នុងខណៈដែលកំពុងតែមានវិបត្តិបែបនេះ ។
នៅក្នុងអត្ថបទនេះខ្ញុំសូមធ្វើការចែករំលែកនូវគំនិតមួយចំនួន ៣ ដែលម្ចាស់អាជីវកម្មអាចយកទៅអនុវត្តន៍បាន ៖
១ . បន្តរក្សាទំនាក់ទំនងជាមួយអតិថិជន
នៅក្នុងស្ថានភាពបែបនេះ អ្វីដែលអ្នកគួរតែធ្វើបំផុតនោះគឺយកចិត្តទុកដាក់ជាមួយអតិថិជនរបស់លោកអ្នកក៏ដូចជាបន្តរក្សាទំនាក់ទំនងឲ្យបានជិតស្និតជាមួយពួកគេ ។ អំឡុងពេលនេះ អតិថិជនក៏កំពុងតែជួបវិបត្តិដូចជាលោកអ្នកដែរ ។ ដូច្នេះហើយក្រៅពីចង់ឲ្យពួកគាត់ទិញទំនិញរបស់អ្នក។
អ្នកក៏គួរតែព្យាយាមបង្ហាញពួកគាត់ ថាអ្នកបានខ្វល់ខ្វាយពីពួកគាត់ ។ ជាក់ស្តែងអ្នកអាចផ្តល់ជូនជាការបញ្ជុះតម្លៃ ឬក៏សេវាកម្មដឹកជញ្ជូនដែលឥតគិតថ្លៃសម្រាប់អតិថិជន ជាដើម។ ប្រសិនបើអ្នកអាចចូលរួមជួយអតិថិជន ជាមួយនឹងគោលដៅច្បាស់លាស់ ជាមួយគំនិតប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាសេវាកម្មដែលអាចបំពេញតម្រូវការដ៏ចំាបាច់ពិតប្រាកដរបស់អតិថិជន ជាមួយនឹងផលិតផលដែលគាត់អាចទុកចិត្តនិងមានតម្លៃសមរម្យជាងគេនោះ នៅពេលដែលអ្វីៗត្រឡប់មករកភាពដើមវិញ ពួកគាត់នឹងក្លាយទៅជាអតិថិជនដែលស្មោះស្ម័គ្រជាមួយនឹងអ្នក ។
ដូច្នេះកុំបណ្តោយឲ្យអាជីវកម្មរបស់លោកអ្នកអសកម្ម អ្នកអាចបន្តផ្តល់សេវាកម្មនិងការផ្គត់ផ្គង់ដល់អតិថិជនរបស់អ្នក ហើយកុំបង្អាក់នូវគំនិតដែលអ្នកបានគិតចេញជាច្រើន ព្រោះថា គំនិតទំាងនោះ វាអាចជួយអ្នក ជួយអាជីវកម្មរបស់អ្នកបន្តទៅមុខទៀត ឬក៏អាចធ្វើឲ្យអាជីវកម្មរបស់អ្នកផ្ទុះឡើងខ្លាំងផងក៏ថាបាន ។
២ . ប្រសិនបើអតិថិជនមិនហ៊ានមករកយើងនៅក្នុងហាងទេ យើងទៅរកគាត់ដល់ផ្ទះវិញ
ខ្ញុំបានឮម្ចាស់អាជីវកម្មជាច្រើននិយាយថា ក្នុងកាលៈទេសៈនេះមនុស្សលែងហ៊ានទិញទំនិញ ឬ ចាយលុយទៀតហើយ ។ តែតាមពិតទៅមនុស្សនៅតែមានតម្រូវការទៅលើទំនិញផ្សេងៗ អាហារ ភេសជ្ជៈ និង របស់ប្រើប្រាសជាប្រចាំដដែល ។ ពិតណាស់មនុស្សមិនហ៊ានចេញក្រៅមែនតែពួកគេអាចធ្វើការទិញតាមអនឡាញបាន ។ កាលពីមុនអតិថិជនមករកអ្នកដល់ហាងតែពេលនេះផ្ទុយស្រទ្បះអ្នកត្រូវតែទៅស្វែងរកអតិថិជនវិញ ។
ជាក់ស្តែងដូចជាហាងទំនិញគ្រឿងទេសធំៗដូចជា AEON Express Chipmong Retail និង Makro ព្រមទាំងអាជីវកម្មធនតូចមួយចំនួនបានបត់ខ្លួនយ៉ាងរហ័សនិងប្រកបដោយភាពឆ្លាតវៃក្នុងស្ថានភាពបែបនេះ ដោយផ្លាស់ប្តូរទៅជាការបម្រើសេវាកម្មអតិថិជនអនឡាញវិញ ។ ដោយឡែកចំពោះអាហារដ្ឋានមួយចំនួនដូចជា One More , Park Café , Topaz និងភោជនីយដ្ឋានទៀតនៅតែបន្តបើកទ្វារ ហើយបញ្ជូលមុឺនុយអេឡិចត្រូនិចក្នុងអាជីវកម្មរបស់ខ្លួនដែលអនុញ្ញាតឲ្យអតិថិជនកម្មង់មុខម្ហូបតាមអនឡាញ រួមជាមួយនឹងការផ្តល់នូវសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃដល់មាត់ទ្វារផ្ទះអតិថិជនតែម្តង ។
ក្នុងកាលៈទេសៈនេះ អ្នកមិនអាចរងចាំអតិថិជនជិះកាត់ហាងដើម្បីចូលទិញទំនិញក្នុងហាងរបស់អ្នកតែមួយមុខនោញទេដោយសារតែម្នាក់ៗកាត់បន្ថយការចេញក្រៅដែលមិនចាំបាច់ហើយច្បាស់ណាស់វានឹងប៉ះពាល់ដល់លំហូរអតិថិជនរបស់អ្នកជាមិនខាន ។ តែអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺស្វែងរកច្រកផ្សព្វផ្សាយណាដែលមានលទ្ធភាពបង្កើតឬសហការជាមួយក្រុមហ៊ុនដឹកជញ្ជូលដូចជា Nham24 Muuve E-gets Foodpanda ជាដើមដើម្បីបន្តផ្គត់ផ្គង់ផលិតផលដល់អតិថិជន ។
៣ . ផ្តោតលើការទីផ្សារឌីជីថលរួមជាមួយការប្រើប្រាស់ប្រព័ន្ធឌីជីថលជាចម្បង
នៅក្នុងស្ថានភាពបែបនេះកត្តាដ៏ចម្បងមួយដែលអ្នកមិនគួរមើលរំលងនោះគឺជាការធ្វើទីផ្សារតាមរយៈបណ្តាញសង្គម ។ ដោយសារតែមនុស្សភាគច្រើនចេញមកក្រៅមិនកើត ដូច្នេះពួកគេនៅក្នុងផ្ទះហើយកាន់តែចំនាយពេលកាន់តែច្រើនជាមួយបណ្តាញសង្គមជាពិសេសគឺ Facebook យ៉ាងហោចណាស់ក៏ ២ ទៅ ៣ ម៉ោងដែរ ។ ជាហេតុធ្វើឲ្យបណ្តាញសង្គមគឺជាច្រកផ្សព្វផ្សាយដ៏សំខាន់បំផុតដែលអ្នកមិនគួរមើលរំលង ។
វាដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្តូរខ្លួនឯងមកប្រើប្រាស់បណ្តាញសង្គមដើម្បីអាចបន្តដង្ហើមនៃអាជីវកម្មរបស់អ្នកបាន ។ ជាក់ស្តែងប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងវិស័យអាហារនិងភេស្ជៈអ្វីដែលអ្នកគួរតែធ្វើនៅពេលនេះគឺ ៖
-
ចាប់ផ្តើមមានសកម្មភាពទីផ្សារលើបណ្តាញសង្គម
-
ចាប់ផ្តើមរៀនពីវីធីសាស្រ្តនៅក្នុងថតរូបឲ្យមានភាពទាក់ទាញ
-
ចាប់ផ្តើមរៀនពីវីធីសាស្រ្តនៅក្នុងការ Boost Page បែបងាយ ៗ រៀនវិធីសាស្រ្តងាយៗនៅ ផ្សព្វផ្សាយតាមបណ្តាញសង្គម
-
ពង្រឹងលើការវិចខ្ជប់ និងរសជាតិនៃអាហារ ភេសជ្ជៈ
-
ការទូទាត់ប្រាក់បែបឌីជីថល