តើត្រូវធ្វើបែបណា ដើម្បីកំណត់គោលដៅឱ្យរឹងមាំ?

19
តើត្រូវធ្វើបែបណា ដើម្បីកំណត់គោលដៅឱ្យរឹងមាំ?

មនុស្សម្នាក់ៗសុទ្ធតែមានក្ដីស្រមៃ និងគោលដៅរៀងៗខ្លួន ប៉ុន្តែមិនមែនឱ្យតែមានគោលដៅហើយ ដឹងតែជោគជ័យក្នុងជីវិតនោះទេ គឺវាទាមទារឱ្យយើងម្នាក់ៗមានភាពច្បាស់លាស់លើគោលដៅនោះ និងមានការព្យាយាមខ្លាំងដើម្បីធ្វើសកម្មភាពដើម្បីសម្រេចនូវគោលដៅនោះ។ ម្យ៉ាងវិញទៀត ក៏មានមនុស្សជាច្រើនក៏មានគោលដៅមិនច្បាស់លាស់ផងដែរ ជាហេតុធ្វើឱ្យជីវិតរបស់ពួកគេដំណើរការទៅមុខដោយគ្មានកោះត្រើយច្បាស់លាស់ដូចគ្នា។

ហេតុនេះ តើត្រូវធ្វើបែបណា ដើម្បីអាចកំណត់គោលដៅក្នុងជីវិតឱ្យមានភាពរឹងមាំបាន? បើយោងតាមលោក Brian Tracy ម្ចាស់សា្នដៃសៀវភៅ “គោលដៅ” បានបង្ហាញ 6 ចំណុចដែលយើងត្រូវធ្វើ ដើម្បីកំណត់គោលដៅឱ្យរឹងមាំ។

  1. ទំនួលខុសត្រូវខ្ពស់លើគោលដៅ៖ នៅពេលអ្នកមានគោលដៅហើយ អ្នកត្រូវតែមានទំនួលខុសត្រូវក្នុងការលះបង់ខ្លួនអ្នកដើម្បីសម្រេចគោលដៅនោះ។
  2. អ្នកដទៃមើលយល់និងជឿជាក់៖ គោលដៅត្រូវតែច្បាស់ និងជាក់លាក់ នៅពេលនរណាម្នាក់អានពីគោលដៅរបស់អ្នក គួរតែងាយយល់ និងអាចជឿជាក់បាន។
  3. អាចវាស់វែងបាន៖ បង្កើតគោលដៅដែលអាចវាស់វែងបានជានិច្ច ដូច្នេះអ្នកអាចសង្កេតមើលវឌ្ឍនភាពនៃគោលដៅរបស់អ្នក និងផ្ដោតលើសកម្មភាពដែលជាលទ្ធផល។
  4. គោលដៅសមស្របនឹងសមត្ថភាពជាក់ស្ដែង៖ បង្កើតគោលដៅជាក់ស្ដែងដែលទាក់ទងនឹងធនធាន និងជំនាញបច្ចុប្បន្នដែលអ្នកមាន ហើយក៏អាចសម្រេចបានយ៉ាងងាយស្រួល ដោយការខិតខំបន្ថែមតិចតួចប៉ុណ្ណោះ។
  5. កំណត់គោលដៅឱ្យមានរយៈពេលច្បាស់លាស់៖ គោលដៅគឺមានប្រភេទផ្សេងៗពីគ្នាក្នុងការសម្រេចវាឱ្យជោគជ័យ រួមមានគោលដៅរយៈពេលខ្លី គោលដៅរយៈពេលមធ្យម និងគោលដៅរយៈពេលវែង។
  6. កុំធ្វើអ្វីដែលចាកឆ្ងាយពីចក្ខុវិស័យរបស់អ្នក៖ ចូរព្យាយាមធ្វើដំណើរឆ្ពោះទៅរកការសម្រេចគោលដៅរបស់អ្នក ដោយកុំព្យាយាមងាកចាញពីចក្ខុវិស័យរបស់អ្នក ក៏ព្រោះតែអនាគតរបស់អ្នកពឹងផ្អែកទាំងស្រុងលើវិធីកំណត់គោលដៅ វិធីធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅ និងត្រូវតែត្រៀមខ្លួន ព្រមទាំងខិតខំសម្រេចឱ្យបាន។​ ហេតុនេះ អ្នកត្រូវតែមានឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងត្រៀមខ្លួនវិនិយោគពេលវេលាដើម្បីសម្រេចគោលដៅរបស់អ្នក។

ប្រភពខ្លឹមសារ៖ សៀវភៅចំណងជើងថា “គោលដៅ” និពន្ធដោយ លោក Brian Tracy