តើត្រូវធ្វើបែបណា ទើបអាចយកគំនិតអាជីវកម្មប្រឡូកចូលក្នុងទីផ្សារបាន?

62
តើត្រូវធ្វើបែបណា ទើបអាចយកគំនិតអាជីវកម្មប្រឡូកចូលក្នុងទីផ្សារបាន?

ការដែលអាចចាប់ផ្ដើមអាជីវកម្មឱ្យដំណើរការបាន ទាមទារឱ្យមានផ្នែកជាច្រើនចូលរួមជួយជ្រោមជ្រែង ដូចជាធនធានមនុស្ស ដើមទុនជាសាច់ប្រាក់ របៀបដឹកនាំគ្រប់គ្រងចាត់ចែង និងជាច្រើនទៀត ប៉ុន្តែអ្វីដែលសំខាន់មុនគេក្នុងការចាប់ផ្ដើមអាជីវកម្ម គឺត្រូវមានគំនិតអាជីវកម្មជាមុនសិន។ ការមានគំនិតអាជីវកម្ម ទើបមានការចាប់ផ្ដើមធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវទីផ្សាគោលដៅ។

បន្ទាប់ពីមានគំនិតអាជីវកម្មហើយ គឺឈានដល់ការយកគំនិតអាជីវកម្មនោះប្រឡូកចូលក្នុងទីផ្សារ។ តើត្រូវប្រឡូកចូលក្នុងទីផ្សារបែបណា?

ឆ្លងតាមការធ្វើបទសម្ភាសន៍ជាមួយលោក ពេជ្រ វិសាល សហស្ថាបនិកនៃក្រុមហ៊ុន The Boxes គឺលោកបានឆ្លើយតបមកកាន់ក្រុមការងាររបស់គេហទំព័រគំនិតថា “ការមានគំនិតអាជីវកម្ម គឺនរណាៗក៏អាចមានដែរ ប៉ុន្តែមិនប្រាកដថាអ្នកមានគំនិតអាជីវកម្មនោះ អាចយកគំនិតអាជីវកម្មដែលខ្លួនមានមកប្រឡូកចូលក្នុងទីផ្សារជាក់ស្ដែងបានជោគជ័យឡើយ ហេតុនេះហើយបើតាមបទពិសោធន៍របស់ខ្ញុំ គឺយើងត្រូវតែមានអ្នកជួយបង្ហាញផ្លូវ(Mentor) និងត្រូវសិក្សាពីតម្រូវការទីផ្សារលើវិស័យដែលយើងកំពុងចង់ចាប់ផ្ដើមនោះឱ្យបានច្បាស់”។

គួរបញ្ជាក់ផងដែរ មុននឹងលោក ពេជ្រ វិសាល ចាប់ផ្ដើមបង្កើត The Boxes ដែលជាគេហទំព័រផ្ដល់សេវាកម្មរចនាប្រអប់វេទខ្ចប់បែបបរិស្ថាននេះឡើង គឺដំបូងឡើយលោកជានិស្សិតដែលទើបបញ្ចប់ការសិក្សារជំនាញកសិកម្មពីប្រទេសវៀតណា​ម ព្រមទាំងបានសម្លឹងឃើញឱកាសលើវិស័យ ecommerce ដែលអាចឱ្យមនុស្សធ្វើការបញ្ជាអីវ៉ាន់តាមវេបសាយចូលមកកាន់ប្រទេសកម្ពុជា។ បន្ទាប់លោកក៏ចាប់ផ្ដើមសិក្សាបន្ថែមពីតម្រូវការទីផ្សារលើការរចនាប្រអប់ និងស្វែងរកអ្នកជួយបង្ហាញផ្លូវ (Mentor) ក្នុងការចាប់ផ្ដើមអាជីវកម្មនេះ។ លោកវិសាល ក៏បានបង្ហើបដែរថា នៅឆ្នាំក្រោយ The Boxes នឹងពង្រីកខ្លួនចូលទីផ្សារនៅប្រទេសវៀតណាម។