Home ធុរកិច្ច តើធ្វើយ៉ាងណាទើបអាចជួយឲ្យក្រុមហ៊ុនរបស់អ្នកកាន់តែមានអតិថិជនច្រើនឡើងៗ?

តើធ្វើយ៉ាងណាទើបអាចជួយឲ្យក្រុមហ៊ុនរបស់អ្នកកាន់តែមានអតិថិជនច្រើនឡើងៗ?

406

ដំណើរជីវិតរបស់អាជីវកម្មទាំងអស់គឺពឹងផ្អែកទាំងស្រុងទៅលើរឿងតែមួយគត់នោះគឺការលក់។ ការលក់ពិតជាសំខាន់ខ្លាំងមែនទែនសម្រាប់អាជីវកម្ម ព្រោះវាប្រៀបដូចជាខ្យល់សម្រាប់ដកដង្ហើមដើម្បីទ្រទ្រង់ឲ្យអាជីវកម្មទាំងនោះអាចឈរជើង និងមានវត្តមាននៅលើទីផ្សាបានយូរអង្វែង។ បើសិនជាគ្មានដំណើរការនៃការលក់ទេ នោះក៏គ្មានការដោះដូរលុយនៅលើទីផ្សារដែរ ហើយបើសិនជាជាគ្មានចំណូលទេ នោះអាជីវកម្មរបស់អ្នកមិនយូរមិនឆាប់ប្រាកដជាដួលរលំជាក់ជាពុំខាន។ ដូចនេះក្រុមហ៊ុនឬអង្គភាពត្រូវយកចិត្តទុកដាក់ទៅលើដំណើរការនៃការលក់នេះ ដោយគិតពីយុទ្ធវិធីបែបណាដើម្បីឲ្យផលិតផលរបស់ខ្លួនលក់ដាច់ ទទួលបានប្រាក់ចំណូលខ្ពស់ និងមានអតិថិជនស្គាល់កាន់តែច្រើន។ តួយ៉ាងបើសិនជាអ្នកមានចំណុចពិសេសទាំងពីរទាំងនេះនៅក្នុងក្រុមហ៊ុនរបស់អ្នក នោះការលក់របស់អ្នកនឹងកើនឡើងជាងមុន ដោយអ្នកពុំចាំបាច់ចំណាយធនធាន និងពេលវេលាច្រើននោះទេ។

១. ផ្ដល់ភាពស្មោះត្រង់ទៅកាន់អតិថិជន

Outdoor Dining, Restaurant, Bar, Waiter, Al Fresco

ជាការពិតណាស់អតិថិជនមិនចូលចិត្តឲ្យនរណាម្នាក់មកនិយាយបោកប្រាស់ ឬ កេងប្រវ័ញ្ចពីពួកគេនោះទេ បើសិនជាពួកគេដឹង ពួកគេនឹងកត់ចំណាំក្រុមហ៊ុនអ្នកទុក ទោះបីជាលើកក្រោយក្រុមហ៊ុនអ្នកលក់ផលិតផលឬសេវាកម្មល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេនឹងមិនត្រលប់មកវិញដែរ។  ដូចនេះដើម្បីឲ្យពួកគេនៅចងចាំយើងនៅក្នុងចិត្ត យើងគប្បីបង្ហាញនូវភាពស្មោះត្រង់ ក៏ដូចជាអ្វីដែលយើងមាន តាមរយៈការផ្ដល់ការយកចិត្តទុកដាក់ និងការព្រួយបារម្ភរបស់យើងទៅកាន់ពួកគេ ព្រោះអ្វីដែលពិតប្រាកដ ច្បាស់លាស់ បូករួមនឹងភាពស្មោះត្រង់ផងនោះ វានឹងធ្វើឲ្យអតិថិជនពេញចិត្តលើយើង ទុកចិត្តលើយើង ចង់ប្រើប្រាស់ផលិតផលឬសេវាកម្មរបស់យើង ថែមទាំងចង់ណែនាំនូវផលិតផលទាំងនោះទៅកាន់អ្នកដទៃទៀតផង ។ អាស្រ័យហេតុនេះហើយ កុំដើម្បីតែប្រាក់ចំណេញតិចតួចសុខចិត្តលក់មុខ លក់កិត្តិយសរបស់ក្រុមហ៊ុនដែលខិតខំសាងមកអី ព្រោះវានឹងធ្វើឲ្យអ្នកពិបាកនឹងស្ដារមុខមាត់មកវិញណាស់។

២. បង្ហាញពីគុណតម្លៃរបស់អ្នក

Man and Woman Near Table

គុណតម្លៃគឺជាអ្វីដែលអាជីវកម្មរបស់អ្នកអាចផ្ដល់ទៅឲ្យអតិថិជន ហើយពួកគេប្រាកដជាពេញចិត្ត និងទទួលបានវាដោយក្ដីរីករាយ។ជាក់ស្ដែងនៅរៀងរាល់ពេលដែលអតិថិជនចង់ទិញនូវផលិតផលឬក៏សេវាកម្មណាមួយនោះ ពួកគេនឹងសួរទៅកាន់អ្នកថា តើអ្នកអាចផ្ដល់អ្វីខ្លះទៅដល់ពួកគេ? តើវាមានគុណប្រយោជន៍ប៉ុណ្ណាប្រសិនបើជាពួកគេទិញវា? តើវាអាចធ្វើឲ្យពួកគេមានភាពងាយស្រួលយ៉ាងណាខ្លះទៅដល់ការរស់នៅ និងជីវិតរបស់ពួកគេ? តើលទ្ធផលដែលពួកគេនឹងទទួលនោះ វាដូចគ្នាទៅនឹងផលិតផលដទៃឬយ៉ាងណា?។ល។

នៅពេលដែលអតិថិជនទុកចិត្តអ្នក ពេញចិត្តអ្នក និងដឹងពីអ្វីដែលអ្នកអាចផ្ដល់ឲ្យហើយនោះ ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការទិញផលិតផលរបស់អ្នកទៅប្រើប្រាស់នោះទេ ហើយពួកគេថែមទាំងហ៊ានចំណាយលុយច្រើនជាងនេះទៅទៀត ដើម្បីទិញនូវផលិតផលឬសេវាកម្មរបស់អ្នក។ ដូចនេះបើក្រុមហ៊ុនអ្នកមានគុណតម្លៃច្បាស់លាស់ ដែលអាចជួយសម្រួលនៃការប្រើប្រាស់របស់អតិថិជនបាន នោះអ្នកមិនចាំបាច់ហត់នឿយទៅស្វែងរកពួកគេនោះទេ គឺពួកគេប្រាកដជាមករកអ្នកដោយឯកឯងជាក់ជាមិនខាន។