កាលពីថ្ងៃ ទី៣ ឧសភា ឆ្នាំ២០២២ អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ង៉ែត ជូ និងជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានចែករំលែកនូវគន្លឹះមួយចំនួននៅលើទំព័រហ្វេសបុករបស់គាត់ ពាក់ព័ន្ធទៅនឹង “ការវិនិយោគទៅលើវិស័យអចលនទ្រព្យអោយត្រូវនឹងការវិវត្តិរបស់ទីផ្សារនាពេលអនាគត និងអាចទទួលបានផលចំណេញខ្ពស់”។
ហើយខាងក្រោមនេះគឺជាជម្រើសទាំង៣ ដែលលោកបានលើកឡើងដើម្បីផ្ដល់ជាគំនិត សម្រាប់អ្នកទាំងអស់គ្នាពិចារណាមុនពេលអ្នកចង់ចាប់ផ្ដើមចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យៈ
១) ដីសំរាប់សកម្មភាពពាណិជ្ជកម្មនៅជាយក្រុង៖
ដីដែលអ្នកវិនិយោគគួរស្ថិតនៅជុំវិញក្រុង ត្រឹមចម្ងាយ៣០-៦០គីឡូម៉ែត្រពីកណ្តាលក្រុង និងមានក្បាលដីជាប់ផ្លូវធំឬគម្រោងផ្លូវធំ (យ៉ាងតិចទំហំ៣០ម៉ែត្រ)។ ជាទូទៅដីប្រភេទនេះ បើបានក្បាលដីកាន់តែធំកាន់តែប្រសើរដូចជាចាប់ពីទំហំ៤០-៥០ម៉ែត្រឡើង ប៉ុន្តែជំរៅដីគួរតែត្រឹម៤០-៥០ម៉ែត្របានហើយ។ ដីប្រភេទនេះជាដីលំដាប់លេខ១ដោយហេតុថាមានតម្រូវការខ្ពស់ និងអាចបំពេញអោយតម្រូវការជាទីតាំងធ្វើពាណិជ្ជកម្មនាពេលអនាគតដូចជាភោជនីដ្ឋាន ហាងកាហ្វេ យានដ្ឋានជួសជុលរថយន្ត កន្លែងដាក់តាំងលក់ផលិតផល (showroom) ហាងទំនិញជាដើម។ ចំណុចគួរកត់សំគាល់ ទីតាំងដីប្រភេទនេះមិនត្រឹមតែមានតម្រូវការខ្ពស់នោះទេ ផ្ទុយទៅវិញមានការផ្គត់ផ្គង់ទាបបំផុតបើប្រៀបធៀបទីតាំងសំរាប់ការសាងសង់ជាលំនៅដ្ឋាន។ ម្យ៉ាងទីតាំងសំរាប់សាងសង់លំនៅដ្ឋានអាចសាងសង់ទៅលើច្រើនជាន់បានដែលខុសពីទីតាំងសំរាប់ធ្វើពាណិជ្ជកម្មដែលភាគច្រើនគឺសង់ផ្ទាល់ដីដោយមិនមានច្រើនជាន់នោះទេ។
២) ដីសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាននៅជាយក្រុង៖
ដីដែលអ្នកវិនិយោគគួរស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញដូចប្រភេទដីជំរើសទី២ខាងលើដែរ (ចន្លោះពី៣០-៦០គមពីកណ្តាលក្រុងភ្នំពេញ)។ ដីប្រភេទនេះជាដីសំរាប់ការអភិវឌ្ឍលំនៅដ្ឋាននាពេលអនាគត ដូច្នេះគួរជាប់ផ្លូវទំហំយ៉ាងតិច១០ម៉ែត្រ និងមានទំហំយ៉ាងតិចចាប់ពី៣ហិកតាឡើង។ ប្រសិនបើទំហំតូចជាងនេះ នោះនឹងមានការលំបាកក្នុងការអភិវឌ្ឍជាលំនៅដ្ឋាន រីឯទីផ្សារពុះដីឡូតិ៍នឹងត្រូវបាត់បង់នាពេលអនាគត។ ដូច្នេះហើយ ប្រសិនបើអ្នកខ្វះទុនវិនិយោគ អ្នកគួរចេះសហការជាមួយមិត្តភក្តិ និងអ្នកដទៃ។
៣) ដីសំរាប់បម្រើអោយវិស័យស្សាហកម្ម៖
ជាប្រភេទដីសំរាប់សង់ជារោងចក្រ តំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសដែលបំរើអោយវិស័យឧស្សាហកម្ម។ ដីប្រភេទនះគួរមានទំហំយ៉ាងតិច៥ហិកតា។ ហើយបើសំរាប់សង់ជាតំបន់ឧស្សាហកម្មគួរមានទំហំយ៉ាងតិចក៏៥០ហិកតាដែរ។ គួរមានចម្ងាយចន្លោះពី៤០គមទៅ៨០គមពីកណ្តាលក្រុងភ្នំពេញព្រោះងាយនឹងទទួលបានការកើនតម្លៃនៅពេលក្រុងភ្នំពេញចេះតែត្រូវពង្រីកកាន់តែធំនាពេលអនាគតដែលធ្វើអោយតម្លៃដីកាន់តែកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាងនេះទៅទៀតដើម្បីសំរួលដល់ការដឹកជញ្ជូនដីប្រភែទនេះត្រូវមានទីតាំងស្ថិតក្នុងតំបន់ដែលមានបណ្តាញគមនាគមន៍ភ្ជាប់ទៅច្រកអន្តរជាតិ ឬកំពង់ផែសំខាន់ៗ។ តំបន់ទាំងនោះរួមមានដូចជាផ្លូវ៤១ ផ្លូវ៥១ ផ្លូវ៤៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។ល។ ដីប្រភេទនេះអាចនឹងប្រែក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មក្នុងរយៈពេល២០-៣០ឆ្នាំខាងមុខ។