តើអ្នកត្រូវការលុយប៉ុន្មានដើម្បីបើកហាងកាហ្វេ?

38
តើអ្នកត្រូវការលុយប៉ុន្មានដើម្បីបើកហាងកាហ្វេ?

នាពេលបច្ចុប្បន្ននេះ យុវជននៅកម្ពុជាភាគច្រើនចាប់អារម្មណ៍ខ្លាំងក្នុងការចាប់ផ្ដើមអាជីវកម្ម ជាពិសេសការបើកហាងកាហ្វេផ្ទាល់ខ្លួន ប៉ុន្តែអ្វីដែលជាចម្ងល់នៃការចង់ដឹងបន្ថែមនោះគឺការចំណាយ ដោយមិនដឹងថាការបើកហាងកាហ្វេមួយ តើត្រូវការដើមទុនប៉ុន្មានឡើយ?​

ជាទូទៅ បើយោងតាមម្ចាស់អាជីវកម្មហាងកាហ្វេនានាភាគច្រើនការចំណាយលើការបើកហាងកាហ្វេ គឺមិនដូចគ្នាឡើយ ពីព្រោះទំហំនៃអាជីវកម្មផ្សេងគ្នា និងពេលខ្លះទិញហ្រ្វេនឆាយពីម៉ាកយីហោផ្សេងទៀត ដូច្នេះយើងអាចសន្មត់បានថា ការចំណាយ គឺស្ថិតនៅលើទំហំអាជីវកម្មដែលយើងចង់ចាប់ផ្ដើម។

ម្យ៉ាងទៀត ចុះប្រសិនបើសំណួរសួរថា អាចប៉ាន់ស្មានបានទេ ថាតើចំណាយអស់ប៉ុន្មាន? គឺអាច។ បើយោងតាមគេហទំព័រ startmycoffeeshop.com បានឱ្យដឹងថាតម្លៃនៃការបើកហាងកាហ្វេ អាចចន្លោះពី 80,000 ដុល្លារ ទៅ 300,000 ដុល្លារ ឬច្រើនជាងនេះ អាស្រ័យលើទីតាំងហាងកាហ្វេ បរិក្ខារ ការផ្គត់ផ្គង់ កម្លាំងពលកម្ម ភាពស្របច្បាប់ និងទីផ្សារជាដើម។ ដូច្នេះ យើងអាចអានការពន្យល់សម្រាយបន្ថែមនៃការចំណាយដូចខាងក្រោម៖

1. ទីតាំង

ទីតាំងជាផ្នែកសំខាន់ ដែលយើងត្រូវជ្រើសរើសដំបូងគេ និងចង់បានទីតាំងដែលល្អ ដូច្នេះប្រសិនបើអ្នកមានទីតាំងស្រាប់ និងមានអំណោយផលល្អ នោះជាការល្អដោយចំណេញលើការចំណាយ ប៉ុន្តែប្រសិនបើមិនមានទេ គឺអ្នកត្រូវការលុយដើម្បីជួល ឬទិញទីតាំងដើម្បីសាងសង់ហាងកាហ្វេ។ បន្ថែមពីនេះ ក៏ត្រូវគិតពិចារណាក្នុងការចំណាយលើឧបករណ៍ប្រើប្រាស់ដូចជាហ្គាស អគ្គិសនី ទឹក ទូរស័ព្ទ និងអ៊ីនធឺណិត ព្រមទាំងគិតគូរអំពីការជួសជុល ការតុបតែងហាង និងការដំឡើងឧបករណ៍នានា។ គួរបញ្ជាក់ផងដែរ អ្នកអាចនឹងត្រូវចំណាយច្រើន ឬតិច អាស្រ័យលើតំបន់ដែលអ្នកជ្រើសរើសនោះ។

2. គ្រឿងបរិក្ខារ

ចំពោះគ្រឿងបរិក្ខារសម្រាប់ហាងកាហ្វេដែលអ្នកត្រូវចំណាយសំខាន់ៗ រួមមានដូចខាងក្រោម៖

(បញ្ជាក់៖ ឧបករណ៍នីមួយៗ វាមានកម្រិតនៃគុណភាព ដូច្នេះអ្នកអាចជ្រើសរើសឧបករណ៍ផ្សេងពីនេះ ឬដូចរៀបរាប់ខាងក្រោមឱ្យសមស្របជាមួយនឹងចំនួនថវិការបស់អ្នកដែលអាចចំណាយបាន)

  • ម៉ាស៊ីន Espresso
  • ម៉ាស៊ីនឆុងកាហ្វេ Drip
  • ម៉ាស៊ីនកិនកាហ្វេ
  • ធុងទឹកក្តៅ
  • ទូរដាក់ទឹកកក
  • និងផ្សេងទៀតតាមតម្រូវការជាក់ស្ដែង។
3. ការផ្គត់ផ្គង់

ការចាប់ផ្ដើម ក៏ដូចជាដំណើរការអាជីវកម្មបែបហាងកាហ្វេ គឺទាមទារឱ្យមានការផ្គត់ផ្គង់នានា ដូចជាកែវក្រដាស ឬប្លាស្ទិក កន្សែង ឧបរកណ៍កូរកាហ្វេ គម្រប ថង់ និងផ្សេងៗទៀតដែលជួយផ្គត់ផ្គង់សម្រាប់ការរៀបចំកាហ្វេ។ លើសពីនេះ អ្នកក៏ត្រូវពិចារណាផងដែរនូវគ្រឿងផ្សំ និងការផ្គត់ផ្គង់ទាំងអស់ដែលត្រូវការដោយផ្អែកលើការផ្តល់ផលិតផលរបស់អ្នកឱ្យរួចរាល់ដល់អតិថិជន ដូចជាក្រែម ស្ករ សារធាតុជំនួសស្ករ ស៊ីរ៉ូ គ្រឿងទេស ទឹកដោះគោ ម្សៅកាកាវ និងច្រើនទៀត។

លើសពីនេះ អ្នកក៏ត្រូវគិតពីអាហារសម្រន់ នំ សាំងវិច ឬប្រភេទអាហារផ្សេងទៀតនៅក្នុងម៉ឺនុយរបស់អ្នក ហើយអ្នកក៏ត្រូវគិតពិចារណាលើការផ្គត់ផ្គង់ និងគ្រឿងផ្សំទាំងអស់ដែលត្រូវការដើម្បីផលិតដែរ។​ បន្ថែមពីនេះ អ្នកក៏ពិចារណាអំពីប្រភេទគ្រាប់កាហ្វេដែលអ្នកត្រូវជ្រើសរើសផងដែរ។

4. ពលកម្ម

នៅក្នុងចំណុចនេះ អ្នកត្រូវគិតអំពីថ្លៃដើមនៃថ្លៃពលកម្មទាំងអស់ ដោយត្រូវព្យាយាមធ្វើយ៉ាងណាកុំឱ្យការចំណាយដំបូងលើសពី30% -35% នៃប្រាក់ចំណូលសរុបរបស់អ្នកនោះទេ។ បន្ថែមពីនេះ អ្នកក៏ត្រូវគិតដែរថាតើអ្នកត្រូវចំណាយប៉ុន្មានលើការជួលបុគ្គលិកម្នាក់ៗ? ហេតុអ្វីត្រូវគិត? ពីព្រោះកម្លាំងពលកម្ម តំណាងឱ្យផ្នែកសំខាន់នៃថវិកាសម្រាប់ដំណើរការអាជីវកម្មរបស់អ្នក។

5. ផ្នែកច្បាប់

នៅពេលអ្នកចាប់ផ្ដើមបើកហាងកាហ្វេ ជាទូទៅអ្នកត្រូវចុះឈ្មោះអាជីវកម្មរបស់អ្នក និងធានាអាជ្ញាប័ណ្ណអាជីវកម្ម។ ម្យ៉ាងវិញទៀត​ ចំពោះតម្រូវការផ្នែកច្បាប់ និងថ្លៃសេវា វាពឹងអាស្រ័យនៅលើរដ្ឋអ្នកកំណត់។

6. ផ្នែកទីផ្សារ

បច្ចុប្បន្ននេះ ចំពោះនៅកម្ពុជាកំពុងតែមានហាងកាហ្វេជាច្រើន ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្ដើមផ្នែកនេះដែរ គឺប្រឈមនឹងត្រូវមានគូប្រកួតប្រជែងច្រើន។ ទោះបីជាយ៉ាងនេះក្ដី ក៏វាមានវិធីក្នុងការយកឈ្នះនូវហាងកាហ្វេនានាផងដែរ តាមរយៈការបង្កើតភាពលេចធ្លោជាងគេទាំងរសជាតិ និងការតុបតែងហាង ជាពិសេសការចេះវិនិយោគលើការធ្វើទីផ្សារដ៏ឆ្លាតវៃ ប៉ុន្តែក៏ទាមទារឱ្យអ្នកសហការជាមួយអ្នកជំនាញទីផ្សារបន្ថែម។