អ្នកសរសេរមាតិកាគឺជាអ្នកជំនាញក្នុងការសរសេរដែលមានគុណភាព និងមានប្រយោជន៍ ដើម្បីដាក់បញ្ចូលទៅក្នុងគេហទំព័រ ប្លុក ឬសរសេរចែករំលែកនូវចំណេះដឹងល្អៗនៅលើបណ្ដាញសង្គម ជាដើម។ ហើយគោលដៅចម្បងសម្រាប់អ្នកសរសេរមាតិកានេះផងដែរ គឺផ្ដោតទៅលើការបង្កើតនូវប្រភេទមាតិកាណាដែលអាចជម្រុញឲ្យមានអ្នកចូលរួមច្រើន ជាប្រភេទមាតិការបែបចែករំលែកចំណេះដឹង និងមានប្រយោជន៍សម្រាប់អ្នកទស្សនា។
អ្នកសរសេរមាតិកាអាចសរសេរបានគ្រប់ទម្រង់ មិនថាការសរសេរជាប្រភេទអត្ថបទអប់រំ (អាជីវកម្ម ទីផ្សារ ហិរញ្ញវត្ថុ ការងារ ស្នេហា ការលើកទឹកចិត្ត និងអភិវឌ្ឍខ្លួន) ព័ត៌មាន ការកម្សាន្ត ឬជាការសរសេរពណ៌នាពីផលិតផលណាមួយជាដើម។
ហើយពួកគេក៏ត្រូវតែជាប្រភេទមនុស្សដែលអាចបត់បែនបានគ្រប់កាលៈទេសៈ ជាពិសេសនោះគឺត្រូវតែមានជំនាញផ្នែកសរសេរ និងស្រាវជ្រាវបន្ថែមទៀត បូករួមជាមួយនឹងការអត់ធ្មត់ផងដែរ ដើម្បីអាចសរសេរបាននូវអត្ថបទមួយដែលមានគុណភាព និងផ្ដល់ជាគុណប្រយោជន៍ទៅដល់អ្នកអាន។
ព្រោះរាល់ការសរសេរនីមួយៗ ពុំមែនគ្រាន់តែសរសេរឲ្យតែហើយៗនោះទេ គឺត្រូវអាននូវព័ត៌មានឬចំណេះដឹងដែលពាក់ព័ន្ធជាច្រើន ដើម្បីយកមកគិតពិចារណាបន្ថែមពីលើមួយតង់ទៀត ព្រមទាំងត្រូវពិនិត្យមើលម្ដងហើយម្ដងទៀតរាល់អក្ខរាវិរុទ្ធ អានហើយអានទៀត ដើម្បីបញ្ជាក់ថាការសរសេរអត្ថបទចែករំលែករបស់យើងវាមានភាពត្រឹមត្រូវ និងមានភាពប្រាកដប្រជា ដើម្បីទទួលបាននូវទំនុកចិត្តពីទស្សនិកជនគោលដៅរបស់យើង។
ចុះអ្នកទាំងអស់គ្នាមានដែលឆ្ងល់អត់ ថាតើ Content Writer ហើយ Copy Writer វាមានភាពខុសគ្នាត្រង់ចំណុចណាខ្លះ?? តោះមកអានទាំងអស់គ្នា!
* Content Writer:
1. ជាប្រភេទនៃការសរសេរបែបអប់រំ ចែករំលែកចំណេះដឹងថ្មីៗ ទូទៅ ឬពាក់ព័ន្ធទៅនឹងជំនាញណាមួយជាដើម។ Ex: អត្ថបទពាក់ព័ន្ធនឹងការធ្វើទីផ្សារ ការបង្កើតមាតិកា ឬការបង្កើតធុរកិច្ចថ្មី។ល។
2. សរសេរឡើងមិនមែនដើម្បីបញ្ចុះបញ្ចូលនរណាម្នាក់ទេ តែសរសេរដើម្បីចែករំលែកនូវគំនិត ចំណេះដឹង ទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានដឹងអំពីប្រធានបទមួយនេះឬមួយនោះ។
3. សរសេរសម្រាប់មនុស្សទូទៅ ដើម្បីផ្ដល់ជាគំនិតក្នុងការធ្វើរឿងអ្វីមួយ។
* Copy Writer:
1. ជាប្រភេទនៃការសរសេរបែបណែនាំនូវប្រភេទផលិតផល ឬប្រភេទសេវាកម្មណាមួយទៅកាន់អតិថិជនគោលដៅ ដើម្បីជម្រុញដល់ការលក់
2. សរសេរដោយការលេងពាក្យសម្ដី ដើម្បីបន្ទន់ចិត្ត ឬបញ្ចុះបញ្ចូលអ្នកអានឲ្យចង់ទិញផលិតផល
3. សរសេរផ្ដោតទៅលើក្រុមអតិថិជននៃប្រភេទអាជីវកម្ម