តើ Social Media Marketing គឺជាអ្វី?

163
តើ Social Media Marketing គឺជាអ្វី?

ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media marketing) សំដៅលើ ដំណើរការនៃការបង្កើតមាតិកាសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដើម្បីផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្ម បង្កើតសហគមន៍ជាមួយអតិថិជនគោលដៅ ជំរុញការចូលរួមរវាងអតិថិជនគោលដៅជាមួយអាជីវកម្មរបស់អ្នក និងជំរុញចរាចរទៅកាន់អាជីវកម្មរបស់អ្នក ជាពិសេសលើកកម្ពស់អាជីវកម្មរបស់អ្នកឱ្យមនុស្សកាន់តែចាប់អារម្មណ៍។ បន្ថែមពីនេះ វាក៏ជាទម្រង់នៃការធ្វើទីផ្សារតាមអ៊ីនធឺណិតដែលប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើជាឧបករណ៍ទីផ្សារ។

Social Media Marketing

អត្ថប្រយោជន៍នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
  • បង្កើនការយល់ដឹងអំពីម៉ាកយីហោអាជីវកម្មរបស់អ្នក
  • បង្កើតការនាំមុខគេ ជំរុញការបំប្លែងពីអតិថិជនធម្មតាឱ្យជាអតិថិជនសក្ដានុពល និងជំរុញការលក់
  • ពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក
  • អាចរៀនសូត្របន្ថែមពីដៃគូប្រកួតប្រជែងរបស់អ្នក
ផ្នែកសំខាន់ចំនួន 5 នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម

ទី1. យុទ្ធសាស្ត្របណ្ដាញសង្គម (Social Strategy)៖ សំដៅលើការកំណត់ពីរបៀបដែលក្រុមហ៊ុនរបស់អ្នកនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដើម្បីសម្រេចបាននូវគោលបំណងដែលក្រុមហ៊ុនចង់បានក្នុងការធ្វើទីផ្សារនៅលើបណ្ដាញសង្គមទាំងនោះ។ ឧទាហរណ៍ ការកំណត់គោលដៅនៃការធ្វើទីផ្សារនៅលើប្រព័ន្ធអនឡាញ ជ្រើសរើសវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការប្រើប្រាស់ និងចាប់ផ្ដើមបង្កើតមាតិកានានា។

ទី2. រៀបផែនការ និងផ្សព្វផ្សាយ (Planning and Publishing)៖ បន្ទាប់ពីរៀបចំយុទ្ធសាស្រ្តរួចរាល់ វានឹងឈានដល់ការរៀបចំការក្នុងការអនុវត្ត និងការផ្សព្វផ្សាយនូវអ្វីដែលបានគ្រោងទុកទៅតាមផែនការដែលបានកំណត់នោះ។

ទី3. ការស្ដាប់ និងការចូលរួម (Listening &Engagement)៖ នៅពេលអាជីវកម្មចាប់ផ្ដើមធ្វើសកម្មភាពនៅលើវេទិកានានាដែលបានជ្រើសរើសនោះ ច្បាស់ណាស់នឹងមានមនុស្សជាច្រើននឹងចាប់ផ្ដើមចូលរួមក្នុងការជជែកគ្នាអំពីម៉ាកយីហោ ផលិតផលសេវាកម្មរបស់អ្នកមិនខាន តាមរយៈការ Share ចែករំលែកគ្នា និង Comment ជាដើម។ ដូច្នេះអ្នកអាចប្រើប្រាស់កម្មវិធីនានា ដើម្បីស្ដាប់ ឬដកស្រង់នូវការជជែកគ្នាអំពីម៉ាកយីហោរបស់អ្នក ដើម្បីកែតម្រូវលើអ្វីដែលជាចំណុចខ្វះខាត​ ឬពង្រឹងនូវអ្វីដែលល្អស្រាប់ឱ្យកាន់តែល្អជាដើម។ បន្ថែមពីនេះ អ្នកអាចប្រើប្រាស់ Google Alerts ដើម្បីធ្វើជាជំនួយ។

ទី4. ការវិភាគ និងធ្វើរបាយការណ៍ (Analytics and Reporting)៖ ជាធម្មតានៅពេលដែលអាជីវកម្មរបស់អ្នកចាប់ផ្ដើមធ្វើការផ្សព្វផ្សាយច្រើន ច្បាស់ណាស់នឹងអាចមានមាតិកាខ្លះមានការចូលរួមតិច និងមាតិកាខ្លះក៏មានការចូលរួមល្អ ប៉ុន្តែតើត្រូវធ្វើដូចម្ដេចទើបដឹងថា ការផ្សព្វផ្សាយមួយណាដែលមានការចូលរួមច្រើនជាងគេ? ហើយ Follower ទាំងអស់ភាគច្រើនមកពីប្រភពណាខ្លះ? ត្រង់ចំណុចនេះ ជាទូទៅនៅក្នុងបណ្ដាញសង្គមនីមួយៗតែងតែមានការវិភាគ និងព័ត៌មានឱ្យអ្នក ប៉ុន្តែវាក៏មានកម្មវិធីផ្សេងទៀតដែលយើងអាចវិភាគ និងប្រមូលព័ត៌មានបានទាំងអស់ពីបណ្ដាញសង្គមនីមួយដោយដាក់បញ្ចូលគ្នាតែក្នុងកម្មវិធីតែមួយបាន។

ទី5. ការផ្សាយពាណិជ្ជកម្ម (Advertising)៖ សំដៅលើការរៀបចំកញ្ចប់ថវិកាដើម្បីចំណាយលើការជំរុញការផ្សព្វផ្សាយឱ្យកាន់តែល្អលើសពីការផ្សព្វផ្សាយដោយឥតគិតថ្លៃនៅលើបណ្ដាញសង្គម តាមរយៈការ Boost Page ជាដើម។

វេទិកាទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម រួមមាន
  • Facebook
  • TikTok
  • Instagram
  • Twitter
  • LinkedIn
  • YouTube
  • Snapchat
  • Pinterest
  • Clubhouse
  • និងជាច្រើនទៀត។