ទម្លាប់ 3 ដើម្បីពង្រឹងការគិត​ពិចារណាសម្រាប់អ្នកដឹកនាំ

130
ទម្លាប់ 3 ដើម្បីពង្រឹងការគិតពិចារណាសម្រាប់អ្នកដឹកនាំ

អ្នកដឹកនាំធុរកិច្ច មិនមែនចេះតែវែកញែកលើបញ្ហាដោយគ្មានការគិតពិចារណាឱ្យបានត្រឹមត្រូវនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរបស់ពួកគេ។ ដូច្នេះបើយោងតាមគេហទំព័រ Harvard Business Review បានឱ្យដឹងថាមានទម្លាប់សាមញ្ញចំនួនបី ដែលអ្នកដឹកនាំអាចធ្វើបានដើម្បីហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាអ្នកគិតពិចារណាប្រកបដោយប្រសិទ្ធភាពជាងមុន។ ទម្លាប់ទាំង 3 នោះ រួមមាន៖

1. ការសាកសួរការសន្មត់

ការសាកសួរការសន្មត់ ជាការស្វែងរកថាតើពេលណាត្រូវចោទសួរដើម្បីការសន្មត់? ដោយជាក់ស្តែង វិធីសាស្រ្តសួរសំណួរ គឺមានប្រយោជន៍ណាស់ ជាពិសេសនៅពេលដែលអ្នកមានភាគហ៊ុនច្រើន។

ដូច្នេះប្រសិនបើអ្នកកំពុងពិភាក្សាអំពីយុទ្ធសាស្ត្រក្រុមហ៊ុនរយៈពេលវែង ទាំងការខិតខំប្រឹងប្រែង និងការចំណាយពេលដែលត្រូវសម្រេច អ្នកត្រូវតែសួរសំណួរជាមូលដ្ឋានអំពីជំនឿរបស់អ្នក ដូចជា៖

  • តើអ្នកដឹងទេថាអាជីវកម្មរបស់អ្នកនឹងកើនឡើងដោយរបៀបណា?
  • តើអ្នកនឹងស្រាវជ្រាវអ្វីខ្លះ អំពីការរំពឹងទុករបស់អ្នកនិងអនាគតនៃទីផ្សារ?
  • តើអ្នកបានឆ្លៀតពេលដើម្បីអូសទាញចិត្តអតិថិជនឱ្យមកទិញផលិតផលរបស់អ្នកឬទេ?

ម្យ៉ាងទៀត ដើម្បីសួរការសន្មត់របស់អ្នក គឺត្រូវពិចារណាលើជម្រើសផ្សេងៗ ដោយអ្នកអាចសួរថា៖

  • ចុះបើអតិថិជនរបស់យើងបានផ្លាស់ប្តូរ?
  • ចុះបើអ្នកផ្គត់ផ្គង់របស់យើងឈប់ធ្វើអាជីវកម្ម?

ហើយសំណួរប្រភេទនេះជួយឱ្យអ្នកទទួលបានទស្សនៈថ្មីនិងសំខាន់ដែលជួយឱ្យការគិតរបស់អ្នកមានភាពប្រសើរឡើង។

2. ហេតុផលត្រូវតែមានភាពតក្ក

មានន័យថា ហេតុផលដែលបានបង្កើតឡើងឬការវាយតម្លៃទាំងអស់របស់អ្នកដឹកនាំ ត្រូវតែមានគោលការណ៍ជាក់លាក់ និងច្បាស់លាស់ ពីព្រោះរាល់ការគិតរបស់អ្នកដឹកនាំទាំងអស់​ មិនមែនសុទ្ធតែអាចសន្មត់ថាត្រឹមត្រូវទាំងអស់ឡើយ។ ជាឧទាហរណ៍ អ្នកគ្រប់គ្រងអាចជឿថាភ្នាក់ងារលក់របស់ពួកគេអាចបង្កើនការលក់កាន់តែច្រើននៅនិទាឃរដូវ ដោយសារតែក្នុងខែកុម្ភៈនឹងមានការផ្តល់ជូនប្រាក់រង្វាន់នៃការលក់ប្រចាំឆ្នាំ ប៉ុន្តែរហូតដល់ការសន្មត់នេះត្រូវបានសាកល្បង វាមិនមានវិធីណាដើម្បីឱ្យអ្នកដឹកនាំអាចដឹងថាតើជំនឿរបស់ពួកគេត្រឹមត្រូវឬអត់?

ហេតុដូចនេះនៅក្នុងក្រុមហ៊ុនរបស់អ្នក សូមយកចិត្តទុកដាក់ចំពោះ “ខ្សែសង្វាក់” នៃតក្កវិជ្ជាដែលបង្កើតឡើងដោយសំណុំនៃហេតុផលជាក់លាក់មួយ ដោយសួរខ្លួនឯងថា៖

  • តើសំណុំនៃហេតុផលទាំងអស់ត្រូវបានគាំទ្រនៅគ្រប់ចំណុចដោយភស្តុតាងឬទេ?
  • តើ​ភស្តុតាង​ទាំង​អស់​ត្រូវ​បាន​បង្កើត​ឡើង​ ដោយមានការ​សន្និដ្ឋាន​ត្រឹមត្រូវ​ឬទេ?

3. ស្វែងរកភាពចម្រុះនៃការគិត និងការសហការ

ប្រសិនបើមនុស្សដែលនៅជុំវិញយើងមានការគិតដូចយើង នោះយើងកាន់តែមានភាពរឹងប៉ឹងក្នុងការគិត ហើយទំនងជាមិនសូវផ្លាស់ប្តូរជំនឿរបស់យើងដោយផ្អែកលើព័ត៌មានថ្មីៗឡើយ។ ដូច្នេះដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានការគិតចម្រុះ និងចាកចេញពីការគិតធម្មតាៗរបស់ខ្លួនឯង ចូរសេពគប់មនុស្សដែលខុសពីអ្នក ឧទាហរណ៍ ប្រសិនបើអ្នកកំពុងធ្វើការផ្នែកគណនេយ្យ ចូរបង្កើតមិត្តភក្តិដែលធ្វើការផ្នែកទីផ្សារជាដើម។

ការដែលសេពគប់ជាមួយនឹងក្រុមមនុស្សផ្សេងៗ វាអាចផ្តល់ឱ្យអ្នកនូវឱកាសដើម្បីទទួលយកការផ្តល់យោបល់របស់ពួកគេ ដើម្បីជាជំនួយដល់ការគិតរបស់អ្នកបន្ថែមទៀត។