ធនាគារជីបម៉ុងនៅតែបន្តជាមួយនឹងយុទ្ធសាស្រ្តឌីជីថល

743

នាថ្មីៗនេះធនាគារពាណិជ្ជកម្មជីបម៉ុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងដៃគូពាណិជ្ជកម្មថ្មីចំនួន៦ ដើម្បីឲ្យសេវាកម្មនៃការបើកប្រាក់ខែ (Payday) មានដំណើរការទៅបានយ៉ាងរលូន។​ នាពេលបច្ចុប្បន្ននេះធនាគារមានក្រុមហ៊ុន ចំនួន៣០ដែលជាដៃគូពាណិជ្ជកម្មនិង មានគណនីជិត១០,០០០គណនី។

លោក ហុង​ សុខឡេង ( Hong Sok Leng) ដែលជាអនុប្រធានជាន់ខ្ពស់នៃធនាគារពាណិជ្ជកម្មជីបម៉ុង បានមានប្រសាសន៍ថា ដៃគូអាជីវកម្មថ្មីចំនួន៦ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃសេវាកម្ម Payday​​​ គឺមានរយៈពេលវែង។ ធនាគារជីបម៉ុងបាននិយាយថា ឥលូវនេះធនាគារជាធនាគារបែបឌីជីថល ដែលផ្ដោតទៅលើបច្ចេកវិទ្យា សម្រាប់ការធ្វើប្រតិបត្តិការ និង កិច្ចការជំនួញផ្សេងៗ ដូចជា ការទូទាត់ប្រាក់បៀវត្ស ការដកប្រាក់ ការផ្ទេរប្រាក់និង សេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។ លោក សុខឡេង បានបន្ថែមទៀតថា សេវាកម្ម Payday​ របស់ធនាគារបានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន សម្រាប់ក្រុមហ៊ុន និង និយោជិក។ សេវាកម្មនេះជួយបំពេញចិត្តឲ្យនិកយោជកនូវសិទ្ធពិសេស ដូចជាផ្ដល់នូវអត្រាការប្រាក់ខ្ពស់ និង ការបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះជាពិសេស។

លោក ហុង សុខឡេង បាន​បន្តទៀតថា សេវាកម្ម Payday  វាគឺជាប្រព័ន្ធមួយដែលគិតគូរពីអតិថិជន ហើយសេវាកម្មនេះផ្ដល់ជូនតាមរយៈអ៊ីនធើណេតជាមួយនឹងប្រតិបត្តិការដែលអាចបត់បែនបាន ទៅតាមពេលវេលាជាក់ស្ដែងតាមរយៈ ធនាគារអ៊ីនធើណេតសាជីវកម្មជីបម៉ុង។ ធនាគារពាណិជ្ជកម្មជីបម៉ុងសព្វថ្ងៃនេះ មានទូរ ATMs ចំនួន៣៦  និង មានសាខាចំនួន៧។ ធនាគារនឹងបើកសាខា៤ផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ និង នៅតាមខេត្តមួយចំនួននៅដើមខែមិថុនានេះរួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប​ និង​ ខេត្តកំពង់ចាម និង នៅលើវិថីផ្លូវលេខ២៧១ នៅក្នុងទីក្រុងភ្នំពេញ។

លោក លាង ម៉េង ( Leang Meng)  ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនិង ជាប្រធានស្ដីទីនៃធនាគារពាណិជ្ជជីបម៉ុងមានប្រសាសន៍ថា ធនាគារជីបម៉ុងបានប្ដេជ្ញាចិត្តថានឹងក្លាយជាធនាគារពាណិជ្ជឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង មានភាពល្បីល្បាញជាងគេ។ ហើយលោកបានបន្ថែមទៀតថា ធនាគារចង់ឮនូវការចង់បានព្រមទាំងតម្រូវការពីអតិថិជន និង​ដៃគូពាណិជ្ជរបស់ខ្លួន​ ដើម្បីស្វែងរកដំណោះស្រាយ និង ស្វែងរកសេវាកម្មមួយដែលល្អដើម្បីបំពេញតម្រូវការឲ្យអតិជន និង ដៃគូពាណិជ្ជរបស់ខ្លួន។ជាចុងក្រោយគាត់បានបន្ថែមទៀតថា​ “ការធ្វើសេវាកម្ម និង ផលិតផលបែបឌីជីថលនេះ គ្រាន់តែជាជំហានទី១នៃការចាប់ផ្ដើមតែប៉ុណ្ណោះ ពួកយើងនៅមានជំហាន១០ផ្សេងទៀតដែលត្រូវឆ្ពោះទៅរក”។