ធុរកិច្ចអន្តរជាតិ៖ តើមានក្រិតក្រមដែលឬទេនៅពេលជួបជុំញ៉ាំអាហារនៅភោជនីយដ្ឋាន?

2077

ការធ្វើធុរកិច្ច​អន្តរជាតិ​តម្រូវឱ្យយើងដឹងពី​វប្បធម៌​របស់ប្រទេស​នីមួយៗដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងបង្កើន​ចំណង​មិត្ត​ភាពកាន់តែជិតស្និតរវាងគ្នានឹងគ្នា និង​បញ្ចៀសការយល់ច្រឡំ​នឹងគ្នាផងដែរ។

សូម្បីតែការចូលអង្គុយនៅភោជនីយដ្ឋាន​ក៏មានពី​​ក្រិតក្រម​ និងអតិថិវិន័យ(etiquette) ផងដែរសម្រាប់ប្រទេស ឬតំបន់មួយចំនួនជាពិសេស​សម្រាប់ជនជាតិចិន។

ប្រជាជនលោកខាងលិច (ជនជាតិ​ស្បែកស) ភាគច្រើន​មិនសូវ​ខ្វល់ខ្វាយច្រើនពី​ទីតាំងកន្លែងអង្គុយប៉ុន្មាននោះទេ។ នៅពេលដែលមានការញ៉ាំអាហារជួបជុំមិត្តភក្តិ ឬ​ការពិសាអាហាសាមគ្គីលក្ខណៈធុរកិច្ច ភ្ញៀវទាំងអស់​អាចជ្រើស​រើសកន្លែងអង្គុយ​ទៅតាម​ការស្រឡាញ់របស់ខ្លួន។ ហើយប្រសិនបើ​ការជួបជុំញ៉ាំអាហារនៅផ្ទះក្នុងឱកាស​បុណ្យ​ណូអែល និងបុណ្យThanksgiving វិញម្ចាស់ផ្ទះតែងតែអង្គុយ​នៅក្បាលតុ ឬចុងតុមានរាងចតុកោណកែង ហើយភ្ញៀវ​អង្គុយសងខាងតុនោះ ដោយ​មិនមានអត្ថន័យ​អ្វីគួរកត់សម្គាល់ពីទីតាំងអង្គុយនោះទេ។

ប៉ុន្តែសម្រាប់ជនជាតិ​ចិន​វិញ ភាគច្រើនគេចូលចិត្ត​អង្គុយតុមូលនៅពេលជួបជុំញ៉ាំអាហារជាមួយគ្នាម្តងៗ ហើយ​ទីតាំងអង្គុយវិញ​គឺអាច​បញ្ជាក់ពីឋានៈរបស់ភ្ញៀវដែលអង្គុយលើកៅអីនោះ។ អ្នកដែលអង្គុយនៅឆ្ងាយជាងគេពីច្រកចូល (ភាគច្រើននៅក្នុងបន្ទប់VIP)គឺជាភ្ញៀវកិត្តិយសដែលមានឋានៈ និងតួនាទីខ្ពស់ជាងគេ ហើយ​អ្នកដែលអង្គុយនៅជិតច្រកទ្វាចូលដែលជាទូទៅនៅទល់មុខ​ភ្ញៀវដែលពិសេសជាងគេនោះគឺជាអ្នកចេញលុយ។ គាត់មិនប្រាកដជាអ្នកអញ្ចើញភ្ញៀវនោះទេ គាត់អាចជាជំនួយការរបស់ដែលអ្នកដែលរៀបចំការជួបជុំនេះឡើងដើម្បីទទួលខុសត្រូវគិតគូរថ្លៃចំណាយអាហារមួយពេលនោះ។ ក្រៅពីនោះ ការអង្គុយគឺធ្វើផ្អែកតាមឋានៈរបស់ភ្ញៀវនីមួយៗពីធំទៅតូចគិតចាប់ពីភ្ញៀវកិត្តិយស​ដែលមានឋានៈខ្ពស់ជាងគេ។

ជាទូទៅសម្រាប់ការជួបជុំរបស់ជនជាតិចិនគឺតែងតែមានតុវិលដើម្បីងាយស្រួលក្នុង​ការលូកចាប់ម្ហូប ហើយអ្នករត់តុតែងតែដាក់ម្ហូបថ្មីៗនៅមុខអ្នកដែលមានឋានៈខ្ពស់ជាងគេ។ ជាទូទៅ​លុះត្រាតែគាត់​ចាប់ផ្តើមលូកម្ហូប​ហើយ ទើបអ្នកផ្សេងចាប់ផ្តើម​បន្តបន្ទាប់តាមក្រោយ។