ប្រើភ្នំភ្លើងសិប្បនិម្មិតដើម្បីកាត់បន្ថយការឡើងកម្តៅផែនដី?

545

នៅខែតុលាខាងមុខ​នេះ អ្នក​ស្រាវជ្រាវ​របស់​ចក្រភព​អង់គ្លេស​នឹង​ធ្វើ​ការ​បាញ់​ទឹក​ឡើងទៅ​លំហអាកាសដែលមាន​ចម្ងាយ​​ប្រមាណ​១ គម។ នេះ​គឺជា​ការ​ពិសោធន៍​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​បង្ហូរ ហើយនៅថ្ងៃ​ណា​មួយ​គេ​នឹង​ប្រើ​ប្រព័ន្ធ​នេះ​ដើម្បី​ធ្វើ​ការ​សាប​ព្រួស​សារធាតុSulfateទៅ​ក្នុង​បរិយាកាសដែល​មាន​រយៈកម្ពស់​២០គម ជាមួយ​នឹង​បាឡុងអ៊ីដ្រូសែន​ដែល​មាន​ទំហំ​ប៉ុន​ពហុកីឡាដ្ឋានដើម្បី​ធ្វើ​ជា​ជំនួយ។ នេះ​គឺ ជា​គម្រោង​មួយ​ដើម្បី ធ្វើការ​គ្រប់គ្រង​បរិយាកាស​នៃ​ភពផែន​ដី​យើង​នេះ ដោយ​ធ្វើ​ឲ្យ​កំដៅ​ផែនដី​ចុះ​ត្រជាក់​ដោយ​សារ​ការបង្កើត​ភ្នំភ្លើង​សិប្បនិម្មិតនេះ។

នៅ​ក្នុង​ឆ្នាំ​១៩៩១ ភ្នំ​ភ្លើង​មួយ​នៅ​ប្រទេស​ហ្វីលីពីន​​មាន​ឈ្មោះ​ថា Pinatubo​បាន​ផ្ទុះ​ឡើង​ដែល​ពេលនោះ​សារធាតុSulfateប្រមាណ​២០​លាន​តោន បាន​បាចសាច​ទៅ​ក្នុង​បរិយាកាស នាំអោយ​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​ភពផែនដី​ចុះ​ត្រជាក់ប្រមាណ ០,៥ អង្សាររហូត​ដល់​ទៅ​១៨​ខែ។ ប្រសិន​បើ​ការ​ពិសោធន៍​បង្កើត​ភ្នំភ្លើង​សិប្បនិម្មិត​នេះបាន​សម្រេច គេ​អាច​យក​វិធី​នេះដើម្បី​បញ្ចូន​សារធាតុ​បន្ថែម​ទៀត​ទៅក្នុង​បរិយាកាស សម្រាប់​ជាជំនួយ​ក្នុង​ការ​បញ្ចូន​ថាម​ពល​ព្រះ​អាទិត្យ​ត្រឡប់​ទៅលំហវិញ ដែល​វា​អាច​ជា​ជំនួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​កើន​កម្តៅ​ផែនដី។

នៅ​ខែ​តុលា​ខាង​មុខ​នេះ ការ​ពិសោធ​នឹង​ផ្តោត​ទៅ​លើ​ថា​តើ​ ការបញ្ចូន បាឡុង​អ៊ីដ្រូសែន​ និង​បំពង់​បង្ហូរ​មាន​ប្រសិទ្ធិភាព​យ៉ាងណាក្នុងការ​បញ្ចូល​សារធាតុ​ដែលជា​ភ្នាក់ងារ ​ជួយ​ជះ​ពន្លឺ​និង​កម្តៅ​ព្រះ​អាទិត្យ​ទៅ​ក្នុង​លំហ​អាកាស​វិញ។

កាល​ពី​អតីត​កាល អ្នកវិទ្យាសាស្ត្រ​ ក៏បាន​លើក​ឡើង​អំពី​វិធី​ក្នុង​ការ​បញ្ចូន​សារធាតុ​ផ្សេងៗទៅក្នុង​បរិយាកាស​ផងដែរ ដោយ​ប្រើ​ប្រាស់​កាំភ្លើង​យន្តហោះ កាំជ្រួចរ៉ុកកែតនិង បំពង់ផ្សែង។ នៅ​ក្នុង​ឆ្នាំ២០០៩ អ្នកវិទ្យាសាស្ត្រ​រ៉ូស្សី បាន​ធ្វើ​ការ​សាកល្បង​ប្រើប្រាស់​យន្ត​ហោះ​ដើម្បីធ្វើការ​បញ្ចូន​សារធាតុ​ផ្សេងៗទៅក្នុង​បរិយាកាស​ក្នុង​ទ្រង់ទ្រាយ​តូច។ ប៉ុន្តែ​យោង​តាមវិស្វករ​ Hugh Hunt នៃ​សាកលវិទ្យាល័យ​ Cambridge ​ការប្រើប្រាស់​បាឡុងអ៊ីដ្រូសែន​គឺជា​ជម្រើស​ដ៏ល្អ​មួយ​ដោយ​សារតែ​ការ​ចំណាយ​គឺ​មាន​កម្រិត​តិច​តួច​បើប្រៀប​ធៀប​ទៅ​នឹង​ការប្រើប្រាស់​យន្តហោះ។

គេ​ប្រមើល​មើល​ថា ការធ្វើការ​ពិសោធន៍ដោយប្រើប្រាស់​ទឹកគឺ​មិន​មាន​ផ្តល់​នូវ​ផល​ប៉ះពាល់​អ្វីនោះទេ ប៉ុន្តែក្រុម​អ្នកជំនាញ​បរិស្ថាន​ខ្លះ​បាន​ធ្វើការ​រិះគន់​គម្រោងនេះ។ យ៉ាងណាមិញ ក្រុម​អ្នកឯកទេស​កាណាដាមួយ​ក្រុម បាន​លើកឡើង​ថា​ ការ​ធ្វើពិសោធន៍នេះ​គឺ​ជា​ការ​មិនទទួលខុសត្រូវ​អន្តរជាតិ។ ពួកគេ​បាន​ទទូចសុំឲ្យ​រដ្ឋាភិបាល​ចក្រភពអង់គ្លេសធ្វើការ​ផ្អាកការ​ធ្វើ​ពិសោធន៍នេះដោយពួកគេ​លើកឡើង​ថា “ការសាកល្បងនេះ​អាចនឹងផ្តល់​ផល​មិន​ល្អ និងអាច​បង្ក​ឲ្យ​មាន​ការផ្លាស់ប្តូរ​អាកាសធាតុ ដូចជា​គ្រោះ​មហន្តរាយរាំងស្ងួតដ៏ខ្លាំងខ្លា”។

លោក Alan Robockអ្នក​ឧត្តុនិយម​វិទ្យា​នៃ​សាកលវិទ្យាល័យRutgers បាន​ចែករំលែកពីកង្វល់​របស់លោកទៅលើ​ការ​សាកល្បងមួយនេះ។ គាត់បានប្រើប្រាស់​កុំព្យូទ័រ​សម្រាប់​ធ្វើការ​ប្រមើលមើល​ពី​ឥទ្ធិពល​នៃ​ពពក​ដែលមាន​សារធាតុSufate ដោយ ​គាត់​បាន​លើកឡើង​ថា វា​អាចធ្វើឲ្យ​អាកាសធាតុ​ម៉ូសុង​នៅ​អាស៊ី និង​អាព្រិច​នៅ​រដូវក្តៅ​ចុះខ្សោយ ដែលនាំ​ឲ្យ​កម្រិត​ទឹក​ភ្លៀង​មាន​ការ​ធ្លាក់ចុះហើយ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់ការ​បង្កបង្កើន​ផលសម្រាប់​ផ្គត់ផ្គង់​ប្រជាជន​រាប់ពាន់លាននាក់នៅលើពិភពលោក។ គាត់​បាន​បន្ថែមទៀត​ថា វា​នៅ​មាន​សភាព​ក្មេងខ្ចីណាស់​ក្នុង​ការ​ធ្វើ​ពិសោធន៍មួយនេះ។ ការប្រើប្រាស់​កុំព្យូទ័រ​បន្ថែមដើម្បី​ទស្សន៍ទាយ​អំពី​ផលប៉ះពាល់​ដល់​ស្រទាប់​អូហ្សូន និង​វដ្ដ​នៃ​ទឹក​ គឺជា​ការចាំបាច់បំផុត។

ចំពោះ​គំនិត​អ្នក​វិញ តើ​ការ​ពិសោធន៍នេះ​គួរ​តែ​ប្រព្រឹត្ត​ឡើងដែរ​ឬទេ? ហេតុអ្វី?

 

ប្រភព៖ http://www.scientificamerican.com/

Previous articleបម្លាស់ប្តូរអាកាសធាតុ៖ កំណើនកម្តៅផែនដីប្រហែលមានប្រយោជន៍?
Next articleវិទ្យាសាស្ត្ររីករាយ៖ ដកកាក់ចេញពីចានយ៉ាងម៉េចទើបមិនអោយប៉ះទឹក?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។