ផ្លាស់ប្ដូរខ្លួនឯងពីមនុស្សដែលគ្មានការងារធ្វើ ក្លាយទៅជាមហាសេដ្ឋីបន្ទាប់ពីរយៈពេល១ឆ្នាំ

76

ប្រសិនបើគាត់ស្ដាប់តាមឪពុករបស់គាត់ដោយស្វែងរកការងារធ្វើនៅក្នុងរោងចក្រ នោះឥលូវនេះ Khaby ប្រហែលជារស់នៅពឹងទៅលើប្រាក់ខែបន្តិចបន្តួចទាំងនោះជំនួសឲ្យទ្រព្យសម្បត្តិ២លានដុល្លារនោះជាមិនខាន។​បច្ចុប្បន្ននេះបើគិតពីអ្នកគាំទ្ររបស់ Khaby នៅលើបណ្ដាញសង្គមវិញ គឺមានប្រហែលជា១៤០លាននាក់ជាង បូករួមជាមួយនឹងអ្នកគាំទ្រនៅលើបណ្ដាញសង្គមTikTok ចំនួន១០៥លាននាក់ និងនៅលើ Instagram ប្រហែលជា៣៦លាននាក់។ ទាំងនេះគឺជាសមទ្ធិផលរបស់ Khaby គាត់បានប្រឹងប្រែងដោយខ្លួនឯងនៅអាយុ២១ឆ្នាំ ហើយឥលូវនេះ​Khaby គឺមានការគាំទ្រយ៉ាងខ្លាំងនៅលើTikTok ដែលគាត់មិនដែលនឹកស្មានដល់ទាល់តែសោះ។

Khaby Lame មានដើមកំណើតនៅ Senegalese ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីតាលី។ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានវាយលុកមក គាត់ក៏បានជួបនឹងពេលវេលាមួយដ៏ខ្មៅងងឹត ពិបាកចិត្ត និងមានភាពឯកា។ Khaby បានឆ្លងកាត់នូវភាពសោកសៅអស់រយៈពេលមួយខែនៅក្នុងខែដំបូងនៃជំងឺរាតត្បាតដោយសារតែការបង្ខាំងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងគោលបំណងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩មួយនេះ។

Khaby បានបាត់បង់ការងារជាកម្មករនៅទីក្រុង Chivasso។​ បន្ទាប់ពីបាត់បង់ការងារនេះហើយ គាត់គ្មានជម្រើសថានឹងត្រូវធ្វើអ្វី គាត់ក៏បានសម្រេចចិត្តត្រឡប់ទៅផ្ទះឳពុកម្ដាយរបស់ខ្លួនវិញ។ ប៉ុន្តែយើងឃើញថា អ្វីដែលជាសំណាងអាក្រក់សម្រាប់គាត់ ក៏បានក្លាយទៅជាសំណាងល្អសម្រាប់អ្នកដទៃទៅវិញ។

ខណៈពេលដែល Khaby បានត្រលប់ទៅរស់នៅជាមួយនឹងឪពុកម្ដាយរបស់ខ្លួនវិញ Khaby បានរៀបចំគម្រោងដែលល្អអស្ចារ្យមួយ ដោយបង្កើតឆានែលផ្ទាល់ខ្លួនមួយដើម្បីបង្ហោះនូវវីដេអូគ្រួសារ ក៏ដូចជាវីដេអូកំប្លែងៗមួយចំនួនដាក់ចូលទៅក្នុង​បណ្ដាញសង្គមដើម្បីឲ្យមានមនុស្សមើលច្រើន។ Khaby បានក្លាយទៅជាអ្នកបង្កើតមាតិកាវីដេអូកំប្លែងៗនៅលើបណ្ដាញសង្គម TikTok ដែលនេះវាបានជួយ Khabyបានក្លាយទៅជាមហាសេដ្ឋីនិងជា Idol របស់មនុស្សគ្រប់គ្នាផងដែរ។ ហើយអ្វីដែលបានធ្វើឲ្យ Khaby ទទួលបាននូវភាពជោគជ័យនោះគឺ

គាត់បានយកនូវសកម្មភាពសាមញ្ញៗនៃការរស់នៅរបស់មនុស្សយកមកបង្កើតនូវសំណើចសម្រាប់ទស្សនិកជន៖

ការបង្កើតជាមាតិកាវីដេអូសាមញ្ញធម្មតា គឺជាគន្លឹះដែលជួយធ្វើឲ្យ Khaby មានប្រជាប្រិយភាពនិងអ្នកគាំទ្រច្រើន ប៉ុន្តែអ្វីដែពិសេសនោះគឺនៅក្នុងវីដេអូរបស់ Khaby មួយៗគាត់មិនដែលនិយាយនោះទេ គឺគាត់ប្រើតែកាយវិការនិងទឹកមុខរបស់គាត់តែប៉ុណ្ណោះក្នុងការបង្ហាញពីភាពហួសចិត្ត និងភាពអស់សំណើចចំពោះសកម្មភាពរស់នៅប្រចាំថ្ងៃ។ ចំពោះការបង្ហាញពីតិចនិកផ្ទាល់ខ្លួនរបស់គាត់ Khaby បានទាក់ទាញនូវចំណាប់អារម្មណ៍មនុស្សជាច្រើនឲ្យងាកមកគាំទ្រ និងមើលវីដេអូរបស់គាត់កាន់តែច្រើន។ ហើយបច្ចុប្បន្ននេះ គាត់បានទទួលបានអ្នកគាំទ្រច្រើនជាង១.៥ពាន់លាននាក់នៅលើបណ្ដាញសង្គមTikTok។

ប្រើប្រាស់កាយវិការសកលលោក

មនុស្សគ្រប់គ្នាបានចាត់ទុក Khaby Lame គឺជាអ្នកកំប្លែងស្ងួត ដែលគាត់បានជ្រើសរើសយកការប្រើប្រាស់កាយវិការ ជាភាសាក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សគ្រប់គ្នានៅទូទាំងពិភពលោក។ ម្យ៉ាងវិញទៀតបើយើងក្រឡេកទៅមើលអ្នកគាំទ្ររបស់ Khaby Lame វិញ ភាគច្រើនគឺជាជនជាតិអ៊ីតាលី សេនេហ្គាល់ អាមេរិក និងប្រទេសអ៊ឺរ៉ុប ហើយក្នុងនោះក៏មានប្រទេសអាស៊ីផងដែរ។

យោងទៅតាមស្ថិតិបានបង្ហាញថា ក្នុងការបង្ហោះវីដេអូកំប្លែងៗរបស់គាត់ម្ដងៗជាមធ្យម គឺមានអ្នកចូលចិត្តប្រហែល ៩.៦លាននាក់ និងអ្នកបញ្ចេញមតិប្រហែលជា ៨២០០០នាក់។ ចំណែកឯគេហទំព័រវិភាគនៃប្រព័ន្ធផ្សព្វផ្សាយសង្គម SocialBlade ក៏បានបន្ថែមទៀតថា អត្រានៃអ្នកតាមដានមើលវីដឹអូរបស់ Khaby គឺច្រើនជាងអត្រារបស់ Charli D’Amelio ជិត៨ដងនៃម្ចាស់គណនីដែលមានភាពល្បីល្បាញនិងមានអ្នកតាមដានច្រើនជាងគេនៅ TikTok ។ ហើយបើយើងគិតជាមធ្យម គណនីTikTok របស់ Khaby តែងតែមានអ្នក add មកជា១លានអ្នកជារៀងរាល់ថ្ងៃ ពិតជាមិនគួរឲ្យជឿ។

បើនិយាយអំពីចំណូលដែលគាត់អាចរកបាន Khaby Lame អាចរកលុយបានប្រហែលជា ៥០​ ០០០ដុល្លារ ទៅ ៨៤​ ០០០ដុល្លារ ក្នុងការបង្ហោះវីដេអូម្ដងៗ នោះបើយោងតាមគេហទំព័រ Influencer Marketing Hub បានប៉ាន់ស្មាន។