ពីអ្នកចូលចិត្តដើរលេង មកចាប់ផ្ដើមបង្កើត Uot App ដ៏មានសក្ដានុពល

86
ពីអ្នកចូលចិត្តដើរលេង មកចាប់ផ្ដើមបង្កើត Uot App ដ៏មានសក្ដានុពល

លោក ពេជ សូវៀត ជាអគ្គនាយក និងជាសហស្ថាបនិកនៃ Uot App ដែលជាសហគមន៍ទេសចរណ៍ឌីជីថលសម្រាប់អ្នកចូលចិត្តដើរលេង ដែលអាចឱ្យមនុស្សស្វែងរកទីកន្លែងដើម្បីធ្វើដំណើរកំសាន្តជាច្រើននៅក្នុងប្រទេសកម្ពុជា ព្រមទាំងអាចធ្វើឱ្យបុគ្គលដែលជាអ្នកស្រឡាញ់ និងចូលចិត្តការធ្វើដំណើរផ្សងព្រេងនោះអាចបង្កើតក្តីសុបិន និងបទពិសោធន៍ដ៏រីករាយរបស់ពួកគេទៅកាន់ទីកន្លែងដែលពួកគេប្រាថ្នាបានយ៉ាងងាយស្រួលជាមួយ Uot App នេះ។

អួត App

នៅក្នុង Uot App មានមុខងារចំនួន 4៖
  1. អួតតគ្នា៖ ជាបន្តុំព័ត៌មានសម្រាប់អ្នកស្រលាញ់ការដើរលេង ដោយបង្ហាញពីទីកន្លែងស្អាតៗ ហើយងាយស្រួល សប្បាយ និងចាយលុយតិច។
  2. អួត៖ សម្រាប់​ចែករំលែកបទពិសោធន៍ល្អៗ ទៅកាន់សហគមន៍អ្នកស្រលាញ់ការដើរលេង។
  3. ផ្សព្វផ្សាយ៖ សម្រាប់ការផ្សាយពាណិជ្ជកម្ម ដោយម្ចាស់អាជីវកម្មដែលមានផលិតផលឬសេវាកម្មទាក់ទងនឹងទេសចរណ៍ដើម្បីផ្សព្វផ្សាយលក់។
  4. ណាត់គ្នាដើរ៖ ជាបន្តុំពត៌មានសម្រាប់មិត្តភក្ត័ និងម្ចាស់អាជីវកម្មទេសចរណ៍កក់ការដើរលេងជាក្រុមដោយខ្លួនឯង។

ប៉ុន្តែទម្រាំអាចបង្កើត Uot App នេះបានលោកសូវៀត បានបង្ហាញថាក្រុមរបស់លោកបានចូលរួមការប្រកួតប្រជែងជាច្រើនដើម្បីអាចទទួលបានដើមទុនក្នុងការដំណើរការ ដោយក្នុងនោះ Uot App ទទួលបានពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មីដែលទទួលបានជ័យលាភីលេខពីរ និងពានរង្វាន់បញ្ជាក់ពីការសសើរទាក់ទងទៅនឹងទេសចរណ៍បៃតងដែលផ្ដល់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លើសពីនេះ ក៏រួមផ្សំជាមួយនឹងក្ដីស្រលាញ់និងឆន្ទៈដែលលោកមានចំពោះអាជីវកម្មមួយនេះ ដោយសារលោកជាអ្នកចូលចិត្តដើរលេង ហើយសង្កេតឃើញថានៅប្រទេសកម្ពុជាក៏មានកន្លែងដំណើរកំសាន្តជាច្រើនដែរ ហើយសុទ្ធស្អាតៗ គ្រាន់តែពេលខ្លះអ្នកដែលចូលចិត្តដើរលេងមួយចំនួនធំ គឺពិបាកស្វែងរកទីកន្លែងនោះ ឬមិនស្គាល់តែម្ដង ដូច្នេះទើបលោកសម្រេចចិត្តរួមដៃគ្នាជាមួយនឹងដៃគូម្នាក់ទៀតដែលមានជំនាញលើការបង្កើត App និងបង្កើតក្រុមដើម្បីបង្កើត Uot App ឡើង។

ឆ្លងតាមបទពិសោធន៍នៃការបង្កើត Uot App មក លោកសូវៀតបានផ្ដល់ជាដំបូន្មានមួយចំនួនដើម្បីជួយដល់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបង្កើតថ្មីផ្ទាល់ខ្លួន ត្រូវតែដឹង។
  1. ត្រូវតែមានក្ដីស្រលាញ់ និងឆន្ទៈក្នុងការចាប់ផ្ដើមអាជីវកម្មណាមួយពិតប្រាកដ
  2. ត្រូវតែមានទស្សនវិស័យ និងបេសកកម្មជាក់លាក់ដើម្បីចាប់ផ្ដើម
  3. ត្រូវតែមានដៃគូសហការដែលមានជំនាញនៅក្នុងការចាប់ផ្ដើម ដើម្បីបំពេញឱ្យគ្នា
  4. ត្រូវហ៊ានដកដើមទុនផ្ទាល់ខ្លួន ដើម្បីចាប់ផ្ដើម ហើយត្រូវចេះគ្រប់គ្រងក្នុងការចំណាយ
  5. ត្រូវហ៊ានចូលរួមប្រកួតនានាដែលពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្ម ដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែម និងអាចទទួលបានដើមទុនពីកម្មវិធីប្រកួតនោះ ប្រសិនបើឈ្នះការប្រកួត
  6. ត្រៀមចិត្តដើម្បីទទួលយករាល់បញ្ហា ឬឧបសគ្គដែលនឹងកើតឡើងនៅពេលចាប់ផ្ដើម
  7. ត្រូវចេះកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនឱ្យអ្នកវិនិយោគ និងអតិថិជនជឿជាក់