ភាពខុសគ្នារវាង គុណតម្លៃ និង តម្លៃ

126
ភាពខុសគ្នារវាង គុណតម្លៃ និង តម្លៃ

គុណតម្លៃ និងតម្លៃ ជាផ្នែកមួយដែលម្ចាស់អាជីវកម្មខ្នាតតូច មធ្យម ឬលក្ខណៈគ្រួសារមិនទាន់មានការយល់ច្បាស់នៅឡើយ ឬក៏មានការបែងចែកមិនដាច់រវាងពាក្យទាំងពីរនេះ ហើយជួនកាលប្រើប្រាស់ខុសក្បួនជាដើម។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងថា គុណតម្លៃ និងតម្លៃ ជារឿងដែលអ្នកត្រូវដឹង ដើម្បីអាចស្វែងរកប្រាក់ចំណេញដល់ក្រុមហ៊ុន។

គុណតម្លៃ

“គុណតម្លៃ” នៅក្នុងអាជីវកម្ម សំដៅលើការបង្កើតនូវអ្វីដែលធ្វើឱ្យអតិថិជនទទួលបាននូវភាពពេញចិត្តកាន់តែខ្លាំងដោយសមស្របតាមទស្សនៈនៃការយល់ឃើញរបស់អតិថិជន និងផ្ដល់នូវបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុន។ បន្ថែមពីនេះ គុណតម្លៃ ជាទូទៅគឺជាការពិពណ៌នាថាជាអត្ថប្រយោជន៍អ្វីដែល អតិថិជននឹងទទួលបានពីផលិតផលឬសេវាកម្មនៅក្នុងអាជីវកម្មនីមួយៗ។ បើនិយាយឱ្យសាមញ្ញ គុណតម្លៃ គឺជាអ្វីដែលធ្វើឱ្យអតិថិជនបានយល់ថាផលិតផល ឬសេវាកម្មទាំងនោះមានតម្លៃខ្លាំងសម្រាប់ពួកគេ។

តម្លៃ

“តម្លៃ” នៅក្នុងអាជីវកម្មមានពីរផ្នែក ដែលភាគច្រើនវាក៏បានធ្វើឱ្យម្ចាស់អាជីវកម្មថ្មីថ្មោង ឬបុគ្គលផ្សេងទៀតមានការភ័ន្តច្រលំ គឺ Cost និង Price។ ចំពោះតម្លៃ (Cost) សំដៅលើតម្លៃដែលក្រុមហ៊ុនបានចំណាយលើការបង្កើតផលិតផល ឬសេវាកម្មសម្រាប់ដាក់លក់។ រីឯតម្លៃ (Price) សំដៅលើ ចំនួនទឹកប្រាក់ដែលអតិថិជនត្រូវបង់ប្រាក់ដើម្បីទទួលបានផលិតផល ឬសេវាកម្មពីក្រុមហ៊ុនរបស់អ្នក។