មួយ​ជំហាន​បន្ទាប់​បច្ចុប្បន្ន

1386

[box type=”note”]អត្ថបទដើមផ្សាយនៅប្លក់ ក្មេងប្រុសខ្មែរ។[/box]

តើអ្នកបានរៀបចំផែនការជីវិតបានយ៉ាងណាទៅហើយ? តើអ្នកធ្លាប់គិតថានឹងចង់ធ្វើអ្វី? តើអ្នកចង់រៀនអ្វីបន្ថែមទៀតទេ? តើអ្នកមានគម្រោងអ្វីខ្លះក្នុងជីវិត? សំណួរទាំងអស់នេះគឺជាសំណួរដ៏សែនពិបាកឆ្លើយចំពោះមនុស្សស្ទើរតែគ្រប់គ្នា។

ពេលយើងនៅក្មេងនៅឡើយ យើងដឹងតែរឿងម្យ៉ាងគត់គឺភាពសប្បាយនៅក្នុងជីវិត។ ក្រៅពីនេះគឺការទៅរៀននៅសាលា។ ពេលនោះយើងគ្មានគំនិតអ្វីដែលនឹងគិតដល់ការអភិវឌ្ឍខ្លួន និងរៀបចំផែនការជីវិតនោះទេ។ យើងហ៊ានធ្វើអ្វីដែលយើងចង់ យើងយំព្រោះប៉ាម៉ាក់មិនទិញអ្វីមួយឲ្យ យើងមិនខ្វល់ចំពោះក្មេងៗដទៃដែលធូរធារនិងមានរបស់របរប្រើច្រើនជាង យើង អ្វីដែលយើងគិតនោះគឺ «ធ្វើម៉េចឲ្យខ្លួនឯងសប្បាយ»។ ប៉ុន្តែមកដល់ពេលដែលយើងចូលវ័យជំទង់ គំនិតរបស់យើងក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ យើងចាប់ផ្ដើមច្រណែននឹងអ្នកដទៃ យើងចាប់ផ្ដើមខ្វល់ខ្វាយច្រើនអំពីការសិក្សា យើងកាន់តែវីវក់នឹងការសប្បាយរីករាយ យើងចាប់ផ្ដើមយល់អំពីភាពសប្បាយនឹងរបស់ទំនើប របស់ល្អ។ល។ ពេលនោះហើយដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរទាំងឥរិយាបថ និងគំនិត។ ប៉ុន្តែរឿងទាំងនេះក៏អាស្រ័យទៅនឹងបរិយាកាសគ្រួសារដែរ។

រហូត ដល់យុវវ័យ យើងក៏ចាប់ផ្ដើមផ្លាស់ប្ដូរកាន់តែខ្លាំង។ ហើយពេលនេះយើងម្នាក់ៗក៏ប្រែក្លាយខ្លួនជាប្រភេទមនុស្សទីទៃពី គ្នា ហើយយើងក៏ចាប់ផ្ដើមព្យាយាមគិតអំពីបញ្ហាដែលក្រសោបជុំវិញខ្លួន យើង។ ខ្លះខ្វល់ខ្វាយព្រោះបញ្ហាគ្រួសារ ខ្លះខ្វល់ខ្វាយអំពីសម្ភារៈទំនើបៗ ខ្លះខ្វល់ខ្វាយអំពីការសិក្សា ខ្លះចង់បានអាហារូបករណ៍ក្រៅប្រទេស ខ្លះខ្វល់ខ្វាយអំពីស្នេហា ខ្លះខ្វល់ខ្វាយអំពីអនាគត។ល។ នៅពេលនេះហើយដែលយើងចាប់ផ្ដើមដឹងខ្លួនឯងជាមនុស្សយ៉ាងណា ខ្សោយត្រង់ណា ពូកែត្រង់ណា ហើយអាចធ្វើឲ្យខ្លួនឯងសប្បាយបានប៉ុណ្ណា។ តែក៏មិនមែនទាំងអស់នោះទេ មានខ្លះក៏នៅតែសប្បាយវីវក់ភ្លេចការរៀបចំជីវិតរបស់គេឲ្យ ស្រស់បំព្រង ឲ្យប្រសើរ ហើយខ្ជះខ្ជាយគ្រាប់ពេជ្រដ៏មានតម្លៃទៅក្នុងភក់ ដែលពេជ្រនោះគឺជាជីវិតរបស់គេ។

ប្រសិនបើអ្នកភ្លេចគិតអំពី បញ្ហាអនាគត ឬជំហានបន្ទាប់នៃជីវិតរបស់អ្នកបច្ចុប្បន្ន អ្នកគួរតែចាប់ផ្ដើមគិតទៅ វាអាចនឹងហួសពេលចំពោះអ្នកខ្លះ តែបើអ្នកមានសង្ឃឹមថាមិនទាន់ហួសពេលនោះទេ ត្រូវចាប់ផ្ដើមវាឡើង។

អនាគតរបស់អ្នកជាអ្វី?

ពេលនេះ យើងកំពុងឈរនៅលើកំណាត់ផ្លូវដ៏វែងអន្លាយមួយ ដែលមើលទៅមុខដាច់កន្ទុយភ្នែក ហើយមើលទៅក្រោយក៏ដូចគ្នា។ តែគួរចាំថាបើទោះផ្លូវខាងក្រោយខ្លីជាងផ្លូវខាងមុខ ប៉ុន្តែយើងមិនអាចថយក្រោយមួយជំហានណាឡើយ។ ជីវិតគឺដូចទៅនឹងការប្រណាំងប្រជែងមួយ។ បើអ្នករត់ទៅមុខ គឺរត់ទៅមុខ ដើម្បីឲ្យដល់គោលដៅ ព្រោះគោលដៅរបស់អ្នកគឺនៅខាងមុខ មិនមែនខាងក្រោយនោះទេ។ អ្នកស្ទើរតែមិនអាចប្រើផ្លូវកាត់ណាមួយដ៏ល្អសម្រាប់ការប្រណាំង ប្រជែងឡើយ ព្រោះអ្នកត្រូវស្មោះត្រង់ គឺស្មោះត្រង់ចំពោះខ្លួនឯង។

គ្មាននរណាម្នាក់អាចសម្លឹងមើលឃើញអនាគតរបស់ខ្លួននោះទេ ប៉ុន្តែខ្ញុំជឿថាម្នាក់ៗសុទ្ធតែមានគោលបំណងក្នុងជីវិតរបស់គេ។ អនាគតវាប្រៀបបានដូចជាលទ្ធផលមួយដែលកើតចេញពីសកម្មភាពបច្ចុប្បន្ន របស់អ្នក។ អ្នកឈរបាញ់ព្រួញឲ្យចំគោលដៅណាមួយ តើអ្នកត្រូវត្រៀមខ្លួនអ្វីខ្លះ? នៅពេលដែលអ្នកចាប់ផ្ដើមទាញបាញ់និងរៀបចំខ្លួននោះគឺជាអ្វីដែល អ្នកកំពុងធ្វើ ហើយពេលដែលអ្នកលែងដៃ បើវាចំគោលដៅឬមិនចំនោះជាអនាគតរបស់អ្នក។ ស្រមៃមើលថា បើអ្នកប្រើកម្លាំងខ្សោយ នោះព្រួញរបស់អ្នកមិនអាចដល់គោលដៅបានទេ ដូច្នេះហើយអ្នកត្រូវប្រឹងប្រែងព្យាយាមក្នុងជីវិតនិងពង្រឹង សមត្ថភាពខ្លួន ដើម្បីឲ្យអាចដើរដល់គោលបំណងដែលអ្នកចង់បាន។

[quote font_size=”20″ font_style=”italic” arrow=”yes” align=”right”]បើអ្នកសម្រេចចិត្តពេលនេះខុស ចាត់ទុកថាវាជាមេរៀនមួយ ព្រោះនរណាក៏អាចនឹងសម្រេចចិត្តខុស ប៉ុន្តែការសម្រេចចិត្តនានាវាតែងតែបំពេញគ្នាទៅវិញទៅមកចំពោះការសម្រេចចិត្តដទៃទៀតដែរ។[/quote]

អនាគត គឺគ្មានពេលបញ្ចប់ ប៉ុន្តែវាទៀងនៅត្រង់រឿងម្យ៉ាងគឺពេលយើងស្លាប់។ អ្នកដទៃឬក៏ខ្លួនយើងផ្ទាល់តែងតែចោទជាសំណួរដែលផ្ដើមដោយ «តើអ្នកចង់…………….នៅ……..?» ។ ពេលនោះហើយដែលនឹកឃើញថា ជីវិតរបស់អ្នកចង់បានអ្វីៗជាច្រើនទៀតគ្មានពេលបញ្ចប់ ដែលអ្វីៗទាំងឡាយដែលស្ថិតនៅខាងមុខនោះជាអនាគតរបស់អ្នក។

គេ តែងនិយាយថា ជីវិតមានន័យលុះត្រាតែជួបរឿងពិបាកនិងសប្បាយ… ចុះអ្នក? តើអ្នកគិតថាខ្លួនទទួលជួបបញ្ហាអ្វីខ្លះហើយ ច្រើនប៉ុណ្ណា? តើអ្នកអាចដោះស្រាយវាបានដល់កម្រិតណា? អ្នកត្រូវតែចាក់ឲ្យចំបញ្ហាមួយដែលជាឧបសគ្គសម្រេចបំណងអនាគតរបស់ អ្នកឲ្យបាន។ មនុស្សម្នាក់ៗមានគោលបំណងខុសៗគ្នា ខ្លាំងឬក៏ខ្សោយ។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះគឺការតាំងចិត្ត និងជម្រុញចិត្តខ្លួនឯង។ ខ្ញុំជឿថានរណាៗក៏ខ្ជិល ខ្ញុំក៏ខ្ជិល អ្នកក៏ខ្ជិល ប៉ុន្តែយ៉ាងហោចណាស់យើងទាំងអស់គ្នាមានការតាំងចិត្ត និងសម្លឹងរកមើលផ្លូវដើរទៅរកគោលបំណង ឬអនាគត ហើយខិតខំធ្វើអ្វីដែលអាចធ្វើបាននៅពេលនេះ មុននឹងឱកាសទាំងអស់កន្លងហួសទៅ។ តែកុំភ្លេចថាយើងត្រូវតែចេះបត់បែនតាមកាលៈទេសៈ។

កុំគិតថាខ្លួនឯងខុស

«កង្កែប ក្នុងអណ្ដូង» ជាពាក្យបន្ដុះបង្អាប់លើនរណាម្នាក់ដែលមិនបានដឹងមិនបានស្គាល់អំពី អ្វីដែលមាននៅក្រៅពីអ្វីដែលខ្លួនគេមាន។ ប៉ុន្តែការប្រើពាក្យនេះ ពេលខ្លះវាហាក់ដូចជាវាយប្រហារលើបុគ្គល។ យើងគួរតែគិតថាយើងជាកង្កែបមួយដែលស្ថិតនៅក្នុងបឹងមួយ យើងអាចហែលលេងកម្សាន្តបាន អាចឡើងលើគោកបាន ប៉ុន្តែនៅលើគោកវាមានផ្ទៃដីធំពេក យើងមិនដឹងថានឹងត្រូវទៅផ្លូវណាផ្សេងក្រៅពីបឹងនិងទីដែលជិត បឹង។ នេះចាត់ទុកថាជាន័យសុទិដ្ឋិនិយមមួយ។ អ្វីៗស្ថិតនៅលើខ្លួនយើងជាអ្នកសម្រេច។

តើអ្នកសម្រេចថាចង់ តែនៅក្នុងបឹងនិងទីដែលជិតបឹង ឬក៏អ្នកចង់ដើរផ្សងព្រេងឬព្យាយាមស្គាល់អ្វីៗដទៃទៀត? ប៉ុន្តែយើងឈប់និយាយអំពីកង្កែបត្រង់នេះ ព្រោះវាមិនដូចមនុស្សទេ។ យើងចេះគិតពិចារណា ត្រិះរិះ ស្វែងយល់ និងវិភាគ។ ផ្លូវដែលយើងកំពុងដើរនេះគឺជាការសម្រេចចិត្តរបស់យើង។ ផ្ទៃដីធំណាស់ អ្នកត្រូវសួរខ្លួនឯងថាចង់ដើរទៅកន្លែងណា? នៅក្នុងដំណើររបស់យើង អ្វីដែលសំខាន់បំផុតគឺការសម្រេចចិត្ត។ មនុស្សជាច្រើនក្រោយសម្រេចចិត្តធ្វើអ្វីមួយហើយ អាចនឹងស្ដាយក្រោយចំពោះអ្វីដែលគេបានធ្វើ។ ដូចអ្វីដែលខ្ញុំបានលើកឡើងពីខាងដើម យើងមិនអាចមើលឃើញអនាគតរបស់យើងទេ អ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺកំណត់គោលបំណងមួយឬបន្ត បន្ទាប់ ហើយធ្វើ ក៏ប៉ុន្តែវាត្រូវតែមានភាពបត់បែន។ បើអ្នកសម្រេចចិត្តពេលនេះខុស ចាត់ទុកថាវាជាមេរៀនមួយ ព្រោះនរណាក៏អាចនឹងសម្រេចចិត្តខុស ប៉ុន្តែការសម្រេចចិត្តនានាវាតែងតែបំពេញគ្នាទៅវិញទៅមកចំពោះការសម្រេចចិត្តដទៃទៀតដែរ។ វាក៏ដូចទៅនឹងការដែលស្គាល់មនុស្សនៅក្នុងសង្គម នៅពេលណាមួយអ្នកអាចនឹងត្រូវការពួកគេ ដោយអាស្រ័យទៅនឹងទ្រឹស្ដីសង្គមថា «មនុស្សដែលរស់នៅក្នុងសង្គមមួយ តែងពឹងផ្អែកគ្នាទៅវិញទៅមក»។ អ្នកត្រូវតែមានសុទិដ្ឋិនិយមចំពោះការសម្រេចចិត្តរបស់ខ្លួនឯង ត្រូវសិក្សាអំពីកំហុសរបស់អ្នក និងរកវិធីផ្លាស់ប្ដូរវាទៅជាមេរៀនមួយដ៏ល្អប្រសើរសម្រាប់អភិវឌ្ឍ ជីវិតរបស់អ្នក។

ស្វែងយល់អំពីខ្លួនឯងឲ្យបានច្រើន

ការ ស្វែងយល់អំពីខ្លួនឯងក៏ជាផ្នែកមួយនៃការបំភ្លឺផ្លូវរបស់អ្នក ហើយអ្នកក៏នឹងងាយរៀបចំខ្លួនចំពោះសកម្មភាពនិងគោលបំណងដែលអ្នកចង់ ទទួលបាន។ ខ្ញុំតែងនិយាយប្រាប់អ្នកដទៃថា «ខ្ញុំស្រលាញ់ខ្លួនឯងណាស់!» នេះមិនមែនខ្ញុំមានបញ្ហាក្នុងខ្លួនទេ តែខ្ញុំជឿថានៅពេលស្វែងយល់អំពីខ្លួនឯងនិងស្រលាញ់ខ្លួនឯងឲ្យ ច្រើន វាអាចជួយឲ្យខ្ញុំងាយនឹងដើរនៅលើផ្លូវមួយដ៏វែងនេះដោយគ្មាន បញ្ហាធំដុំអាចមករារាំងខ្ញុំបាន។ យើងត្រូវចេះសប្បាយនឹងអ្វីដែលយើងមាន។ នរណាក៏ចេះច្រណែនដែរ ខ្ញុំក៏ចេះច្រណែននឹងអ្នកដទៃ ហើយអ្នកដទៃក៏ចេះច្រណែនខ្ញុំដែរ ព្រោះនេះជាធម្មជាតិនៃមនុស្ស។ បើអ្នកស្រលាញ់អ្នកដទៃដែរនោះ គួរណាកុំស្រលាញ់គេទាំងស្រុងត្រូវដកខ្លះសម្រាប់ខ្លួនឯងផងទើប ជាការប្រសើរ។ នៅពេលដែលយើងស្រលាញ់ខ្លួនឯងច្រើន យើងនឹងដឹងថាយើងជាមនុស្សប្រភេទណាហើយតើយើងមានសមត្ថភាពដល់ កម្រិតណា។ ហើយពេលនោះ យើងអាចនឹងងាយក្នុងការសម្រេចចិត្តចំពោះរឿងរ៉ាវនានា។ ពេលខ្លះយើងចង់ធ្វើអ្វីមួយ យើងធ្វើអ្វីទៅតាមតែចិត្តរហ័ស ដែលនេះនរណាក៏ជួបប្រទះ។ ការដែលនិយាយអំពីការស្រលាញ់ខ្លួនឯងគឺយើងដឹងថាខ្លួនអាចធ្វើ អ្វីបាន ចង់បានអ្វី ហើយថែមទាំងអាចធ្វើឲ្យខ្លួនឯងសប្បាយថែមទៀតផងនៅពេលមានបញ្ហា ណាមួយ។ នៅពេលខ្ញុំមានបញ្ហាទុក្ខសោកខ្ញុំបានព្យាយាមផ្លាស់ប្ដូររឿងរ៉ាវ ទាំងនោះទៅជាមេរៀនសម្រាប់ខ្លួនឯង។ អ្វីដែលខ្ញុំបានសិក្សាអំពីវាមានដូចជា៖

  1. ខ្ញុំបានស្វែងយល់និងពង្រឹងការបញ្ជាចិត្ត។
  2. ខ្ញុំបានស្វែងយល់ថាវាកើតឡើងក៏ព្រោះមូលហេតុមួយឬច្រើនពាក់ព័ន្ធ។
  3. ខ្ញុំបានពង្រឹងចិត្តខាងក្នុងឲ្យបានខ្លាំងជាងមុន។
  4. ខ្ញុំបានគិតឃើញថាវាសប្បាយចំពោះការកើតទុក្ខ។
  5. ហើយ ខ្ញុំអាចមើលឃើញអ្វីៗទាំងអស់សុទ្ធតែស្រស់ស្អាត ដូច្នេះខ្ញុំក៏បង្រៀនខ្លួនឯងធ្វើឲ្យជីវិតស្រស់ស្អាតដូចរបស់ ទាំងនោះដែរ។

សេចក្ដីរួមចុងក្រោយ

«មួយជំហាន បន្ទាប់បច្ចុប្បន្ន» ជាគំនិតមួយដែលខ្ញុំបានបង្កើតឡើងសម្រាប់ខ្លួនឯង ហើយចង់យកមកចែករំលែកដល់អ្នក។ មួយជំហាននៃជីវិត វាមិនមែនមានតែរឿងម្យ៉ាងដែលត្រូវគិតនោះទេ តែមានរឿងសព្វសារពើដែលត្រូវយកមកថ្លឹងថ្លែងនិងធ្វើការសម្រេច ចិត្ត។ អ្វីដែលខ្ញុំបានសរសេរមកហូរហែពីខាងលើមកនេះ គ្រាន់តែជាគំនិតដ៏ស្ដួចស្ដើងដែលខ្ញុំព្យាយាមសិក្សាអំពីជីវិត ខ្លួនឯងនិងអ្នកដទៃ។ ព្រោះខ្ញុំយល់ថា បើទោះខ្ញុំមិនដែលបានទៅក្រៅប្រទេសក៏ពិតមែនពេលនេះ បើទោះខ្ញុំមិនមានទ្រព្យសម្បត្តិច្រើននៅពេលនេះ ប៉ុន្តែមិនមែនមានន័យថាជីវិតខ្ញុំនៅតែប៉ុណ្ណឹងនោះទេ ខ្ញុំត្រូវព្យាយាមធ្វើអ្វីតាមតែខ្លួនអាចធ្វើបាននិងពង្រីក សមត្ថភាពឲ្យបានលើសពីអ្វីដែលខ្លួនកំពុងមាន។ ខ្ញុំអាចនិយាយបានថានៅពេលនេះខ្ញុំមានជីវិតមួយដ៏ល្អ ហើយខ្ញុំមានការងារដែលខ្ញុំចង់ធ្វើ ខ្ញុំបានរៀនអ្វីដែលប៉ងប្រាថ្នា ខ្ញុំបានស្គាល់មនុស្សជាច្រើន ខ្ញុំបានជួយគេ គេបានជួយខ្ញុំ។ល។ ប៉ុន្តែខ្ញុំមិនភ្លេចអ្វីដែលខ្ញុំបាននិយាយនោះឡើយថា «មួយជំហានបន្ទាប់បច្ចុប្បន្ន» និង «ការចង់បានគឺគ្មានទីបញ្ចប់» គួបផ្សំទាំង «ការគិតបែបសុទិដ្ឋិនិយម»។ 🙂