មេរៀនជាច្រើនដែលយើងអាចរៀនពីរឿង  Squid Game មួយនេះបាន

133

១. លុយអាចធ្វើឲ្យមនុស្សក្បត់មនសិការខ្លួនឯង

 

This image has an empty alt attribute; its file name is image-9-1024x514.png

សព្វថ្ងៃនេះយើងម្នាក់ៗ ខិតខំប្រឹងប្រែងរៀនសូត្រ ខំប្រឹងប្រែងធ្វើការរកស៊ី ព្រលឹមចេញព្រលប់ចូល ហត់នឿយយ៉ាងណាក៏មិនហ៊ានឈប់សម្រាក គឺដើម្បីតែគោលបំណងតែមួយគត់គឺដើម្បីបានប្រាក់យកមកចិញ្ចឹមជីវិតឲ្យកាន់តែមានជីវភាពធូធារ និងអាចទិញនូវអ្វីដែលខ្លួនចង់បាន។ ប៉ុន្តែបើសិនជាយើងងប់ងល់នឹងលុយទាំងនោះខ្លាំងពេក ឬបណ្ដោយឲ្យលុយទាំងនោះមានឥទ្ធិពលខ្លាំងក្លាមកលើយើង  រហូតដល់ភ្លេចក្រុមគ្រួសារ ភ្លេចបងប្អូន ក្បត់មិត្តភក្តិ ឬកាប់សម្លាប់គ្នាដើម្បីតែលុយ នោះចុងក្រោយអ្នកនឹងគ្មាននរណាម្នាក់នៅក្បែរយើងនោះទេ។

សម្រាប់អ្នកដែលបានមើលរឿង Squid Game នេះ អ្នកប្រាកដជាដឹងហើយថា តួអង្គម្នាក់ៗដោយសារតែប្រាក់ចំនួន 45.6 billion won ម្នាក់ៗដែលធ្លាប់តែជាមនុស្សស្មោះត្រង់នឹងគ្នា ជាមនុស្សដែលស្រលាញ់រាប់អាន ក៏ចាប់ផ្ដើមហ៊ានលើកដៃកាប់សម្លាប់គ្នា ហ៊ានក្បត់គ្នាដោយរិះរកមធ្យោបាយយ៉ាងណាឲ្យតែខ្លួនឯងបានរស់ និងអាចទទួលបានលុយដ៏ច្រើនមហាសាលនោះបានត្រឡប់ទៅវិញ។

និយាយរួមទៅ លុយពិតជាមិនអាចទិញសុភមង្គលពិតប្រាកដដូចដែរគេបាននិយាយនោះពិតមែន ប៉ុន្តែប្រសិនបើម្នាក់ៗគ្មានលុយនៅក្នុងខ្លួនទេ អ្វីក៏ពួកគេហ៊ានធ្វើដែរដើម្បីចម្អែតក្រពះ និងអ្វីដែលពួកគេចង់បាន។

២. កុំជឿជាក់នរណាម្នាក់ខ្លាំងពេក

មិនមែនមិនឲ្យអ្នកមិនជឿជាក់ទៅលើមនុស្សជុំវិញខ្លួនរបស់អ្នកនោះទេ ព្រោះមនុស្សយើងម្នាក់ៗមិនមែនសុទ្ធតែជាមនុស្សអាក្រក់ឬមានគំនិតមិនល្អដូចគ្នាទាំងអស់នោះទេ​ អ្នកខ្លះក៏ល្អ អ្នកខ្លះក៏ស្មោះត្រង់ ហើយអ្នកខ្លះទៀតក៏អាចជឿទុកចិត្ត អាចពឹងពាក់បាន ប៉ុន្តែពេលខ្លះអ្នកក៏មិនគួរផ្ដល់ការទុកចិត្តទៅកាន់នរណាម្នាក់ទាំងស្រុងនោះដែរព្រោះវានឹងធ្វើឲ្យអ្នកជួបបញ្ហា។

ប៉ុន្តែបើសួរថា ចុះធ្វើបែបណាទើបដឹងថាគេជាមនុស្សអាចទុកចិត្តបាន? ទុកចិត្តថាគេមិនក្បត់យើង?? ចំពោះគំនិតខ្ញុំផ្ទាល់ខ្ញុំគិតថា យើងអាចជឿជាក់ឬមិនជឿជាក់នរណាម្នាក់បាន គឺយើងត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងដែលយើងកំពុងតែរស់នៅនោះ មើលថាតើកន្លែងដែលយើងកំពុងតែរស់នៅនោះកំពុងតែស្ថិតនៅក្នុងសង្វៀន(ប្រកួតប្រជែងគ្នា)ឬយ៉ាងណា? បើសិនជាកំពុងតែស្ថិតនៅក្នុងសង្វៀន នោះអ្នកត្រូវដឹងថា ពួកគេមកទីនេះដើម្បីតែឈ្នះ ដើម្បីបានពានរង្វាន់ទៅវិញ ដូចនេះពួកគេនឹងប្រើគ្រប់វិធីសាស្ត្រដើម្បីឲ្យអ្នកចាញ់។

ជាក់ស្ដែងអ្នកឃើញនៅក្នុងរឿង Squid Game នេះស្រាប់ហើយ តួអង្គ Ahli គឺជាមនុស្សម្នាក់ដែលស្មោះត្រង់ និងតែងតែជឿជាក់ទៅលើមនុស្សដែលធ្លាប់បានជួយខ្លួនពេលដែលខ្លួនខ្វះខាត បើទោះបីជាការជួយនោះមិនច្រើនក៏ដោយ ក៏ Ahli នៅតែនឹងរលឹកដល់គុណស្រ័យដែល Sang- woo បានជួយដែរ។ ប៉ុន្តែចុងក្រោយមនុស្សដែល Ahli ទុកចិត្ត(Sang- woo)និងជឿជាក់បំផុតថាមិនអាចកុហកខ្លួនដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួននោះ ក៏បានក្បត់ដោយសារតែលុយចំនួន45.6 billion won នោះឯង។

ដូចនេះនៅក្នុងរឿងមួយនេះ ចង់បង្ហាញអ្នកឲ្យឃើញថា អ្នកពុំគួរទុកចិត្តនរណាខ្លាំងពេកនោះទេ ព្រោះមិត្តអាចប្ដូរទៅជាសត្រូវបានគ្រប់ពេល។ ដោយហេតុនេះហើយ មុននឹងអ្នកជឿជាក់ទៅលើនរណាម្នាក់ អ្នកគប្បីមើលពីស្ថានភាព មើលពីគោលបំណងរបស់ពួកគេថាពួកគេមកចូលរួមលេងហ្គេមនេះដើម្បីអ្វី ហើយបើសិនជាគោលបំណងដូចគ្នាគឺពួកគេគ្មានថ្ងៃឲ្យអ្នកឈ្នះល្បែងនេះជាដាច់ខាត។

៣. គ្មានអ្វីដែលផ្ដល់ឲ្យយើងទទេៗនោះទេ

អ្នកត្រូវចាំថា នៅលើលោកនេះគ្មានអ្វីដែលផ្ដល់ឲ្យអ្នកទទេរៗដោយគ្មានសំណងនោះទេ បើទោះបីជាមានក៏របស់ទាំងនោះអាចធ្វើឲ្យអ្នកឈឺខ្លួនឬបាត់បង់របស់សំខាន់អ្វីមួយដែរ។

លុយចំនួន45.6 billion won គឺច្រើន ច្រើនខ្លាំងមែនទែន ប៉ុន្តែសួរថា តើដើម្បីបានលុយទាំងនោះមានមនុស្សប៉ុន្មានរយនាក់ដែលត្រូវបាត់បង់ជីវិត? ហើយមានមនុស្សប៉ុន្មានរយនាក់ដែលក្បត់ឧត្តមគតិខ្លួនឯងខ្លះ?

គោលបំណងដែលគេផ្ដល់យ៉ាងច្រើនបែបនេះដល់អ្នក ក៏ព្រោះតែគេចង់ពង្វក់ចិត្តគំនិតអ្នកឲ្យមានភាពលោភលន់ ស្អប់គ្នា និងកាប់សម្លាប់គ្នានេះឯង។

៤. ចេះសហការគ្នា

នៅក្នុងរឿងមួយនេះបាន បង្ហាញឲ្យយើងដឹងថា សាមគ្គីភាពគឺជាកម្លាំងមួយដ៏ធំមហិមាដែលអាចជួយឲ្យក្រុមរបស់អ្នកអាចយកឈ្នះដៃគូរប្រកួតប្រជែង ក៏ដូចជាអាចជួយឲ្យក្រុមខ្លួនអ្នកអាចមានជីវិតឡើងវិញបាន បើទោះបីជាក្រុមរបស់អ្នកមានសមាជិកតិចជាងគេក៏ដោយ ខ្សោយជាងគេក៏ដោយ ក៏អ្នកនៅតែអាចមានឪកាសឈ្នះបានដែរ។ អ្វីដែលសំខាន់គឺការរួបរួមគ្នានៅក្នុងក្រុម ការប្រើភាពវៃឆ្លាតរបស់អ្នកមកគិត គិតពីវិធីសាស្ត្រយ៉ាងណាដើម្បីយកឈ្នះឬផ្ដួលដៃគូរប្រកួតបាន។ តែប្រសិនបើសមាជិកក្រុមតិចហើយ គ្មានសាមគ្គីភាព គ្មានគោលជំហរច្បាស់លាស់ ឆាប់បាក់ស្មារតី (ឆាប់អស់សង្ឃឹម ឆាប់ស្លន់ស្លោរ ឆាប់ភ័យខ្លាច)និងគ្មានអ្នកដឹកនាំត្រឹមត្រូវ នោះអ្នកប្រាកដជាចាញ់ជាមិនខាន។

៥. ជម្រើសរបស់យើងថ្ងៃនេះនឹងធ្វើឲ្យយើងស្ដាយក្រោយ

ជីវិតរបស់អ្នកល្អឬអាក្រក់គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នក បើអ្នកជ្រើសរើសផ្លូវខុស ជីវិតរបស់អ្នកនឹងជួបតែបញ្ហា ភាពឯកា ភាពអស់សង្ឃឹម ឬអាចនឹងបំផ្លាញជីវិតរបស់អ្នក តែបើអ្នកមានការគិតពិចារណាបានល្អិតល្អន់មុនពេលសម្រេចចិត្តធ្វើអ្វីមួយ នោះជីវិតរបស់អ្នកប្រាកដជាល្អតាមហ្នឹងដែរ ពោលគឺ មានលុយចាយគ្រប់គ្រាន់ មានសេចក្ដីសុខ មានសុភមង្គល មានអ្នកស្រលាញ់រាប់អានច្រើន។ល។

នៅក្នុងរឿង Squid Game នេះមនុស្សចំនួន៤៥៦នាក់ បានសម្រេចចិត្តចូលទៅលេងល្បែងដ៏គួរឲ្យខ្លាចមួយនេះ ទាំងមិនដឹងថាល្បែងមួយនេះគេតម្រូវឲ្យលេងអ្វី ឬគិតថាវាគឺជាល្បែងសាមញ្ញធម្មតា។ ប៉ុន្តែចុងក្រោយតើពួកគេទាំងនោះបានអ្វីមកវិញខ្លះ? គឺទទេ មិនបានលុយហើយថែមទាំងបាត់បង់ជីវិតទៀត។

ដូចនេះបើសិនជាអ្នកសម្រេចចិត្តដោយខ្វះការពិចារណា ខ្វះការពិនិត្យពិច្ច័យឲ្យបានល្អិតល្អន់ នោះជីវិតរបស់អ្នកនឹងប្រែពីពណ៌ដ៏ស្រស់សោភាទៅជាពណ៌ស្មៅអាប់អួរជាមិនខាន។

៦. អ្វីដែលអ្នកចង់បានបំផុត នឹងធ្វើឲ្យអ្នកសោកស្ដាយបន្ទាប់ពីទទួលបានវា

Seong Gi-hun គឺជាតួអង្គសំខាន់នៅក្នុងរឿង Squid Game។ គាត់គឺជាមនុស្សម្នាក់ដែលញៀននឹងការលេងល្បែង ហើយក៏កំពុងតែរស់នៅជាមួយនឹងម្ដាយចាស់ផងដែរ។ Seong Gi-hun សម្រេចចិត្តចូលលេងល្បែងនោះទាំងប្រថុយជីវិត ដោយគិតថាខ្លួនប្រាកដជាអាចឈ្នះលុយដ៏ច្រើនមហាសាលទាំងនោះបាន ដើម្បីយកមកឲ្យម្ដាយចាស់របស់គាត់ដើម្បីទៅពិនិត្យសុខភាព និងយកលុយទាំងនោះដើម្បីអាចមានសិទ្ធក្នុងការចិញ្ចឹមកូនស្រីរបស់ខ្លួនបាន។

ចុងក្រោយ Seong Gi-hun គឺជាអ្នកឈ្នះក្នុងការលេងល្បែងមរណៈមួយនេះដោយទទួលបានទឹកប្រាក់ចំនួន 45.6 billion won។ ប៉ុន្តែការឈ្នះមួយនេះមិនបានធ្វើឲ្យគាត់សប្បាយរីករាយនោះទេ តែបែរជាធ្វើឲ្យគាត់សោកស្ដាយ និងអស់សង្ឃឹមយ៉ាងខ្លាំងទៅវិញ ព្រោះពេលដែលគាត់ត្រឡប់មកផ្ទះវិញ អ្វីៗក៏គ្មានសល់(ម្ដាយក៏ស្លាប់ ហើយ មិត្តភក្តិជិតស្និទ្ធរបស់គាត់ក៏ស្លាប់)។ ហើយចំណែកឯលុយដែលគាត់ឈ្នះនោះ គឺគាត់មិនប៉ះពាល់ឡើយសូម្បីតែមួយកាក់មួយសេន ព្រោះដោយសារតែលុយនោះហើយបានធ្វើឲ្យគាត់បាត់បង់គ្រប់យ៉ាងបែបនេះ។

ពេលដែលយើងមានអ្វីដែលខ្លួនចង់បានហើយ តែបែរជាបាត់បង់មនុស្សជាទីស្រលាញ់ទៅវិញ តើលុយទាំងនោះនៅមានប្រយោជន៍អ្វីទៀត? ដូចនេះ អ្វីគ្រប់យ៉ាងដែលអ្នកចង់បានមិនប្រាកដថា ពេលដែលអ្នកបានហើយធ្វើឲ្យអ្នកសប្បាយរីករាយនោះទេ។

៧. ប្រើភាពវៃឆ្លាត

បើវិធីសាស្ត្រមួយនេះប្រើមិនកើតទេ យើងត្រូវរិះរកវិធីសាស្ត្រផ្សេងទៀត ដើម្បីកុំឲ្យខ្លួនយើងជួបបញ្ហាទាន់។ បើយើងក្រឡេកមកមើលតួអង្គ Seong Gi-hun វិញ គាត់បានជ្រើសរើសចំវិញ្ញាសាដែលពិបាកជាងគេក្នុងវគ្គល្បែងកូរស្ករ ដោយត្រូវគូសផ្ដាច់យ៉ាងណាឲ្យរូបឆ័ត្រនោះចេញជារូបរាងដោយគ្មានការបាក់បែក ព្រោះប្រសិនជារូបឆ័ត្របាក់គាត់ប្រាកដជាត្រូវគេបាញ់ស្លាប់ជាមិនខាន។ ប៉ុន្តែដោយសារតែភាពវៃឆ្លាតរបស់គាត់ គាត់ក៏ព្យាយាមលិតបន្ទះស្ករនោះ រហូតទាល់តែគាត់អាចយករូវឆ័ត្រចេញពីបន្ទះនោះបាន(ព្រោះស្ករនឹងឆាប់រលាយពេលដែលត្រូវទឹក) ហើយគាត់ក៏រួចផុតពីសេចក្ដីស្លាប់ម្ដងទៀត។

បញ្ជាក់៖ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំបន្ទាប់ពីបានមើលរឿងនេះចប់! សូមអភ័យទោសផងដែរ ប្រសិនបើមានពាក្យពុំគប្បីត្រង់ចំណុចណាមួយ សូមអរគុណ!

 

Previous articleហេតុអ្វីមានយុទ្ធសាស្រ្តជាច្រើនត្រូវបរាជ័យ?
Next articleបើគ្មានលុយ គ្មានបទពិសោធន៍ តើធ្វើបែបណាទើបក្លាយជាសហគ្រិន?
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។