មេរៀនភាពជាអ្នកដឹកនាំរបស់លោក Jack Ma

41
មេរៀនភាពជាអ្នកដឹកនាំរបស់លោក Jack Ma

មនុស្សម្នាក់ៗសុទ្ធតែមានផ្នត់គំនិត និងភាពជាអ្នកដឹកនាំផ្សេងៗពីគ្នា ក៏ប៉ុន្តែនៅក្នុងខ្លឹមសារនេះនឹងបង្ហាញនូវមេរៀនភាពជាអ្នកដឹកនាំរបស់លោក Jack Ma ដែលជាស្ថាបនិកនៃ Alibaba Group ដើម្បីឈ្វេងយល់ និងអនុវត្តន៍សម្រាប់ជីវិតផ្ទាល់ខ្លួន ឬជាមួយក្រុមការងារឱ្យមានភាពកាន់តែល្អ។

1. ជួលបុគ្គលិកបានត្រឹមត្រូវ

លោក Jack Ma តែងតែជួលបុគ្គលិកដែលផ្ដោតខ្លាំងលើអាកប្បកិរិយា និងចំណង់ចំណូលចិត្តដែលសមស្របនឹងអ្វីដែលក្រុមហ៊ុនរបស់គាត់ត្រូវការ ដើម្បីជួយបំពេញបន្ថែមនៅក្នុងក្រុមហ៊ុន ដោយមិនមែនព្យាយាមស្វែងរកមនុស្សដែលល្អបំផុតទេ ប៉ុន្តែជាមនុស្សដែលឆ្លាតជាងគាត់ អាចជួយបំពេញចន្លោះខ្វះខាតដល់គាត់ និងជាមនុស្សងាយស្រួលបណ្ដុះបណ្ដាល។

2. ព្យាយាមដើរឱ្យបានមុនពេលវេលា និងបច្ចេកវិទ្យា

លោក Jack Ma ធ្លាប់ទទួលរងនូវភាពបរាជ័យជាច្រើនដង ក៏ប៉ុន្តែលោកនៅតែបន្តឆ្ពោះទៅមុខបន្តទៀត ដោយព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំង ព្រមទាំងស្វែងរកឱកាសនានា និងចាប់ផ្ដើមធ្វើវាឡើយ ដូចជាការប្រើប្រាស់អ៊ីនធឺណិតដំណាក់កាលដំបូង និងជំនះរាល់បញ្ហាទាំងឡាយដែលគាត់ជួបប្រទះ។

គួរបញ្ជាក់ផងដែរថា លោក Jack Ma មានបទពិសោធន៍ខ្លាំងលើភាសា និងជាអតីតគ្រូបង្រៀនភាសាអង់គ្លេសនោះទេ ក៏ប៉ុន្តែដោយសារតែផ្នត់គំនិតចង់ចេះចង់ដឹង និងបន្តអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ បានធ្វើលោកក្លាយជាមហាសេដ្ឋីនៃប្រទេសចិនលើវិស័យបច្ចេកវិទ្យា គឺ Alibaba Group ព្រមទាំងជាគំរូរសម្រាប់យុវជនជំនាន់ក្រោយទូទាំងពិភពលោក។

3. ផ្ដោតលើដំណោះស្រាយ ជាជាងបញ្ហា

ការធ្វើអ្វីក៏ដោយ វាតែងតែជួបនូវបញ្ហានានា ដូច្នេះហើយមនុស្សភាគច្រើន ចូលចិត្តត្អូញត្អែរអំពីបញ្ហាដែលកើតឡើងទាំងនោះ។ ចំណែកលោក Jack Ma វិញ ភាគច្រើនគាត់ផ្ដោតខ្លាំងលើដំណោះស្រាយ ដើម្បីដោះស្រាយលើបញ្ហាដែលកើតឡើង ឬក៏គាត់អាចទាញយកឱកាសចេញពីបញ្ហានោះជាដើម ដោយមិនមែនអង្គុយគិតផ្ដោតពិបាកចិត្តលើបញ្ហាដែលកំពុងកើតមានឡើយ។

4. ជួយកែលម្អផ្នត់គំនិតយុវជនឱ្យរីកចម្រើន

ទោះបីជា លោក Jack Ma កំពុងជោគជ័យខ្លាំងនៅក្នុងជីវិតក៏ដោយ ក៏លោកតែងតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតជួយយុវជនជំនាន់ក្រោយឱ្យរីកចម្រើន តាមរយៈការចែករំលែកគោលគំនិតអប់រំសំខាន់ៗ និងបទពិសោធន៍ផ្ទាល់ខ្លួនទាំងផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកែលម្អផ្នត់គំនិតមនុស្សជំនាន់ក្រោយឱ្យមានការយល់ដឹងច្រើន ចេះគិតវិនិច្ឆ័យ និងមានផ្នត់គំនិតជាមនុស្សរីកចម្រើន។

លោក Jack Ma ធ្លាប់បាននិយាយថា មនុស្សជំនាន់ក្រោយគឺជាធនធានដ៏សំខាន់សម្រាប់ផ្លាស់ប្ដូរពិភពលោកនាពេលអនាគតឆ្ពោះទៅកាន់ភាពល្អប្រសើរ ក៏ប៉ុន្តែពួកគេក៏តែងតែមានវិបត្តិមួយចំនួន ដូចជាឆាប់ធ្លាក់ទឹកចិត្ត និងត្អូញត្អែរពីបញ្ហាច្រើន ដូច្នេះលោក Ma យល់ថា មានតែការដុះខាត់ផ្នត់គំនិតរបស់ពួកគេទេ ទើបអាចជួយពួកគេឱ្យសម្លឹងឃើញអនាគតវែងឆ្ងាយ និងស្វែងរកឱកាសនានា។ បន្ថែមពីនេះ លោក Ma ក៏មានការប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការបង្រៀនយុវជន និងចំណាយពេលចែករំលែកឱ្យបានច្រើនតាមដែលអាចធ្វើបានជាមួយពួកគេផងដែរ។