បច្ចុប្បន្ននេះ បណ្តាញសង្គម ជាពិសេសFacebook គឺជាច្រកផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាពដែលក្រុមហ៊ុន និងអាជីវកម្មជាច្រើនបានចាប់ឱកាសនេះដើម្បីប្រកួតប្រជែងដើម្បីស្វែងរកអតិថិជន និងពង្រីកកិត្តិនាមក្រុមហ៊ុន។ ប៉ុន្តែ ទោះជាក្រុមហ៊ុន និងអាជីវកម្មនីមួយៗបានប្រើប្រាស់Facebook ដូចគ្នា ប៉ុន្តែយុទ្ធសាស្ត្រ និងវិធីប្រើប្រាស់មានកម្រិត និងសមត្ថភាពខុសៗគ្នាផងដែរ។
នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុវិញក៏មិនខុសពីវិស័យផ្សេងៗ យើងឃើញថា ស្ទើរតែគ្រប់ស្ថាប័នកំពុងតែមានវត្តមាននៅលើបណ្តាញសង្គម និងប្រើប្រាស់ច្រកផ្សព្វផ្សាយមួយនេះជាទីតាំងមួយដើម្បីពង្រីកទីផ្សារ និងផ្សព្វផ្សាយផលិតផល។
ក្នុងចំណោមស្ថាប័នមីក្រូហរិញ្ញវត្ថុ ខ្ញុំសង្កេតឃើញថា សម្បត្តិហ្វាយនែនគឺជាស្ថាប័នដែលមើលទៅមានភាពលេចធ្លោជាងគេនៅលើបណ្តាញFacebook។ ហេតុអ្វី? ជំនួសឱ្យការបង្ហោះតែពាក្យស្លោកជម្រុញទឹកចិត្ត និងភាពជាអ្នកដឹកនាំ ឬបង្ហោះតែសេវាកម្ម និងផលិតផលរបស់ខ្លួនដែលជាវិធីគេតែងប្រើ សម្បត្តិហ្វាយនែនបានធ្វើរឿងមួយចំនួនទៀតដែលខុសពីគេ៖
ការរចនាមានស្តង់ដា៖ បើក្រឡេកមើលទៅការរចនាPost, Cover ឬរូបភាពផ្សេងៗ សម្បត្តិហ្វាយនែនមានស្តង់ដាររចនាជាក់លាក់ ដែលជាអត្តសញ្ញាណរបស់ខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ គុណភាពនៃការរចនាមានភាពទាន់សម័យ និងមើលទៅស្អាត ហើយសាកសមជាស្ថាប័នរឹងមាំមួយ និងមានភាពច្នៃប្រឌិត។
មានភាពសកម្ម៖ ទំព័រFacebook របស់ស្ថាប័ននេះមានភាពសកម្ម និងដើរទាន់សម័យកាល និងរដូវកាលដែលមើលទៅពួកគាត់មានកាលវិភាគ និងយុទ្ធសាស្ត្រច្បាស់លាស់។
ដឹងពីទំហំរូបភាពសម្រាប់Facebook: មានស្ថានប័នមិនតិចទេដែលពេលខ្លះមិនបានចាប់អារម្មណ៍ និងទំហំរូបភាពCover ឬក៏Postដោយពួកគាត់រចនាឡើងដែលអាចមើលបានតែក្នុងកុំព្យូទ័រ ហើយនៅពេលដែលប្រើប្រាស់ទូរស័ព្ទដៃវិញ រូបភាពទាំងនោះក្លាយទៅជារូបភាពដែលមិនពេញរូបរាង ឬបាត់ព័ត៌មានមួយចំនួនដោយសារតែទំហំបង្ហាញខុសគ្នា រវាងកុំព្យូទ័រ និងទូរស័ព្ទដៃ។ តើអ្នកដឹងទេ? បច្ចុប្បន្ននេះអ្នកប្រើប្រាស់លើសពី៩០%ដែលគាត់បើកមើលFacebookតាមរយៈទូរស័ព្ទដៃ។ ដូចនេះ មុននឹងរចនា អ្នកត្រូវតែមានទិន្នន័យនេះនៅក្នុងចិត្តដើម្បីរចនា Cover និង Poster ឱ្យស៊ីទៅនឹងឥរិយាបថប្រើប្រាស់របស់អតិថិជន។ ក្រៅពីCover យើងឃើញថា សម្បត្តិហ្វាយនែនបានរចនារូបភាពPostមួយចំនួនជាលក្ខណៈបញ្ឈរ ហេតុអ្វី? ព្រោះថានៅពេលដែលអ្នកប្រើប្រាស់ទូរស័ព្ទដៃ អ្នកនឹងឃើញរូបភាពនេះធំពេញអេក្រង់ដែលជាយុទ្ធសាស្ត្រមួយបង្កើនការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។
បង្កើតFrame រូបProfileតាមរដូវកាល៖ ថ្មីៗនេះយើងឃើញថាការបង្កើតFrameសម្រាប់រូបភាពProfileគឺមានការពេញនិយមជាខ្លាំង។ សម្រាប់សម្បតិ្តហ្វាយនែនវិញ គឺស្ថាប័ននេះបានដើរមុនគេបន្តិចដោយបង្កើតFrameតាមរដូវកាល តាំងពីពីធីភ្ជុំបិណ្ឌមកម្ល៉េះ ដែលមានមនុស្សជាច្រើនបានប្រើប្រាស់Frameនេះដើម្បីអបអរសាទរពីធីបុណ្យសាសនាមួយនេះ។ ថ្មីៗនេះ ស្ថាប័នក៏បានបង្កើតFrame សម្រាប់រំឮកថ្ងៃចូលទីវង្គតរបស់សម្តេចតា ហើយក៏បានត្រៀមFrameរូចជាស្រេចសម្រាប់ពីធីបុណ្យអ៊ុំទូកនាពេលខាងមុខ ដែលសឱ្យឃើញថា ស្ថាប័នមួយនេះចាប់បានទំនោរសង្គមក្នុងការប្រើប្រាស់Frame និងបង្កើតFrame ឱ្យចំនឹងរដូវកាលដើម្បីជម្រុញការប្រើប្រាស់Frameទាំងនោះឱ្យបានច្រើន ដែលជាលទ្ធផល យុទ្ធសាស្ត្រមួយនេះនឹងធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់ ឬបានឃើញពីម៉ាកសញ្ញារបស់ខ្លួន។ ទោះបីជាប៉ុន្មានថ្ងៃនេះមានការបង្កើតFrame ពីស្ថាប័នជាច្រើនក៏ដោយ អ្វីដែលសម្បតិ្តហ្វាយនែននៅល្អជាងគេនោះគឺគុណភាព និងកម្រិតស្តង់ដានៃការចនា ដែលមើលទៅមានភាពទាក់ទាញជាងគេ។
ការបង្កើត និងផ្សព្វផ្សាយមាតិការចម្រុះ៖ មាតិការមានភាពចម្រុះ ដែលមិនមែនផ្តោតតែលើសេវាកម្ម ឬផលិតផល ឬពាក្យស្លោកជម្រុញទឹកចិត្ត ដែលស្ថាប័នមួយចំនួនបានប្រើប្រាស់។ សម្បត្តិហ្វាយនែន បានបង្កើតបែបចម្រុះ ពេលខ្លះបង្ហោះមាតិការដែលមានប្រយោជន៍ទូទៅ ពេលខ្លះបង្កើតជាCampaign ល្អៗសម្រាប់ទាក់ទាញអន្តរកម្ម និងការចែករំលែករបស់អ្នកប្រើប្រាស់ ហើយអ្វីដែលសំខាន់នោះ ស្ថាប័ននេះមិនភ្លេច និងបង្កប់អត្តសញ្ញាណ និងផលិតផលរបស់ខ្លួននោះទេ ដែលធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលយល់ និងដឹងថា សម្បត្តិហ្វាយនែនគឺជាស្ថាប័នហិរញ្ញវត្ថុ។
សង្ឃឹមថា អត្ថបទមួយនេះអាចជាបច្ច័យមួយសម្រាប់ម្ចាស់អាជីវកម្ម អ្នកទីផ្សារអាចយកទៅស្វ័យសិក្សាពីយុទ្ធសាស្ត្រទីផ្សារនៅលើបណ្តាញសង្គមរបស់ខ្លួន ហើយធ្វើយ៉ាងណាជាអ្នកដែលដើរមុនគេ ធ្វើអ្វីដែលប្លែកជាងគេ ដើរតាមស័យកាលនិងអ្នកប្រើប្រាស់ តែក៏មិនត្រូវភ្លេចពីគុណតម្លៃអាជីវកម្ម និងសេវាកម្មរបស់ខ្លួនដែរ។ ការធ្វើទីផ្សារលើបណ្តាញសង្គមគឺជាសិល្បៈ យុទ្ធសាស្ត្រ និងវិទ្យាសាស្ត្រ ដែលទាមទារឱ្យយើងមានភាពបត់បែន មានភាពច្នៃប្រឌិត ដែលមិនមែនគ្រាន់តែធ្វើតាមគេនោះទេ។ ព្រោះថា គុណតម្លៃអាជីវកម្ម ផលិតផល សេវាកម្ម និងអតិថិជនគោលដៅខុសៗគ្នា ដែលទាមទារឱ្យយើងសិក្សាស៊ីជម្រៅសម្រាប់ទាក់ទាញបេះដូងអតិថិជន និងធ្វើជាអ្នកនាំមុខគេក្នុងវិស័យរបស់ខ្លួន។