យុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន KFC

15

KFC តំណាងឱ្យពាក្យថា Kentucky Fried Chicken ដោយមានឯកទេសលើមាន់បំពងដ៏ល្បីលើពិភពលោក ហើយ KFC ត្រូវបានបង្កើតឡើងដោយលោក Colonel Harland Sanders នៅក្នុងទសវត្សរ៍​ឆ្នាំ 1930។

បច្ចុប្បន្ននេះ KFC បានក្លាយជាភោជនីយដ្ឋាន Fast Food ដ៏លេចធ្លោនិងល្បីល្បាញសម្រាប់អ្នកចូលចិត្តញ៉ាំមាន់បំពងហឹរហឹរ និងឆ្ងាញ់។ ហើយបើគិតត្រឹមឆ្នាំ 2020 KFC មានសាខាចំនួន 25​ ពាន់ភោជនីដ្ឋាននៅទូទាំងពិភពលោក និងប្រតិបត្តិការក្នុង 146 ប្រទេសជុំវិញពិភពលោក នេះបើយោងតាមគេហទំព័រ Statista

ហេតុអ្វីបានជា KFC ក្លាយជាភោជនីដ្ឋានមាន់បំពងល្បីល្បាញទូទាំងពិភពលោក? ហើយ KFC បានប្រើយុទ្ធសាស្រ្តទីផ្សារបែបណាខ្លះ?

ខាងក្រោមនេះ ជាចម្លើយ៖

1. ភាពល្បីល្បាញរបស់ស្ថាបនិក KFC

ស្ថាបនិករបស់ KFC លោក Colonel Harland Sanders ជាបុគ្គលល្បីឈ្មោះម្នាក់ ដែលមានមនុស្សស្គាល់ជាច្រើន ហើយតាមរយៈភាពល្បីល្បាញរបស់គាត់ បានជំរុញឱ្យមនុស្សក៏កាន់តែស្គាល់ពីកេរ្តិ៍ឈ្មោះរបស់ KFC កាន់តែច្រើនផងដែរ។

ហេតុអ្វីបានជាគាត់មានភាពល្បីល្បាញ? មូលហេតុនោះគឺ គាត់ជាបុគ្គលជោគជ័យម្នាក់ដែលមានវ័យចំណាស់ជាងគេ ព្រមទាំងជាអ្នកដែលមានភាពតស៊ូខ្លាំងដោយមិនងាយបោះបង់។ គាត់ធ្លាប់ជួបការបដិសេធចំនួន 1009 ដង ពីម្ចាស់អាហាដ្ឋាននានា ប៉ុន្តែគាត់នៅតែអាចពុះពារដើម្បីបង្កើតម៉ាកយីហោផ្ទាល់ខ្លួនដ៏ល្បីល្បាញ គឺ KFC ។ ខ្សែជីវិតរបស់គាត់ គឺបានជួបនូវការលំបាកតាំងពីកុមារភាព ដោយឪពុកស្លាប់ចោលតាំងពីគាត់មានអាយុ 5ឆ្នាំ ដោយទុកគាត់ឱ្យមើលថែប្អូនប្រុស និងប្អូនស្រីរបស់គាត់ ខណៈពេលដែលម្តាយរបស់គាត់បានចំណាយពេលធ្វើការជាច្រើនថ្ងៃ ហើយគាត់បានចាកចេញពីផ្ទះនៅអាយុ 13 ឆ្នាំ ព្រោះមិនអាចរស់នៅជាមួយឪពុកចុងបាន ព្រមទាំងមានរឿងរ៉ាវរាប់មិនអស់ដែលជាភាពលំបាក និងការតស៊ូរបស់គាត់។

colonel harland sanders

រឿងរ៉ាវជីវិត និងភាពជូចត់របស់ Sanders បានធ្វើឱ្យមនុស្សទូទាំងពិភពលោកបានចុះផ្សាយ និងមានការកោតសរសើរពីគាត់យ៉ាងខ្លាំង ហើយក៏ជារឿងរ៉ាវដែលជំរុញទឹកចិត្តមនុស្សជុំវិញពិភពលោកឱ្យបានដឹងថា ភាពជោគជ័យ គឺមិនកំណត់លើអាយុនោះទេ តែវាអាស្រ័យលើភាពជឿជាក់ និងការតស៊ូរបស់យើងម្នាក់ៗ ពីព្រោះទម្រាំបានជោគជ័យនិងធ្វើឱ្យកេរ្តិ៍ឈ្មោះ KFC ល្បី គឺគាត់ចំណាយពេល 40ឆ្នាំ ដោយអំឡុងពេលនោះ គាត់មានអាយុ 65ឆ្នាំទៅហើយ។

2. ប្រើយុទ្ធសាស្រ្តជំរុញ និងទាញ

KFC ភាគច្រើនប្រើប្រាស់យុទ្ធសាស្ត្រជំរុញនិងទាញ ដើម្បីទាក់ទាញអតិថិជនឱ្យមករកផលិតផលរបស់ពួកគេ ដោយ KFC ប្រើយុទ្ធសាស្រ្តនេះមកបង្កើតជាផលប៉ះពាល់ដល់អតិថិជន និងជូនដំណឹងដល់អតិថិជនអំពីផលិតផលដែលពួកគេកំពុងលក់។

ក្នុងនោះក៏មានការផ្សាយពាណិជ្ជកម្មផងដែរ ដោយ KFC បានបង្ហាញពីមនុស្សម្នាក់ដែលលេបសាច់មាន់មួយដុំ ហើយលិទ្ធម្រាមដៃរបស់គេ ដែលមើលទៅទំនងគួរឱ្យចង់ញុំា ហើយក៏បានធ្វើឱ្យអតិថិជនចង់បានសាច់មាន់ KFC មួយដុំនោះ និងមានអារម្មណ៍ថាឃ្លានចង់ញុំាដែរ។ លើសពីនេះ KFC ក៏មានការផ្ដល់ជាគូប៉ុង ការកម្សាន្ត និងការតាំងពិពណ៌ ដើម្បីបង្កើនការលក់។

ជាឧទាហរណ៍បន្ថែម KFC បានបង្កើតប័ណ្ណមួយដើម្បីផ្តល់អាហារឥតគិតថ្លៃដល់អតិថិជន បន្ទាប់ពីអតិថិជនបានចំណាយប្រាក់មួយចំនួនទិញមាន់បំពងទៅតាមការកំណត់ ហើយ KFC ក៏បានប្រើការ ផ្សព្វផ្សាយអំពីអតិថិជនដែលបានកាន់ប័ណ្ណមកទទួលអាហារដោយឥតគិតថ្លៃផងដែរ។

ជារួមមក ការប្រើយុទ្ធសាស្រ្តជំរុញនិងទាញរបស់ KFC គឺជាការជំរុញឱ្យអតិថិជនបានស្គាល់និងបានភ្លក្សមាន់បំពង និងផលិតផលទាំងអស់នៅ KFC បន្ទាប់មកបម្លែងអតិថិជនទាំងអស់ឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់ និងធ្វើឱ្យពួកគេនិយាយបន្តគ្នាអំពី KFC។

3. ប្រើរូបមន្តពិសេស ដែលធ្វើឱ្យសាច់មាន់បំពងមានរសជាតិឆ្ងាញ់

មាន់បំពង KFC  ត្រូវបានប្រើរូបមន្តដោយគ្រឿងទេស 11 មុខ ដើម្បីធ្វើឱ្យគ្រប់មាន់បំពងនៅ KFC មានរសជាតិឆ្ងាញ់ ហើយរូបមន្តនេះត្រូវបានរក្សាជាសម្ងាត់ ដោយគ្មាននរណាអាចលួចបាននោះទេ ចំពោះរូបមន្តច្បាប់ដើម មានការចុះហត្ថលេខារបស់លោក Sanders ផ្ទាល់ ហើយត្រូវបានរក្សាទុកក្នុងទូដែកនៅទីស្នាក់ការកណ្ដាលនៃទីក្រុង Louisville រដ្ឋ Kentucky។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីលោក Sanders នៅរស់ គឺគាត់មិនដែងបង្ហាញឬប្រាប់រូបមន្តផ្សំគ្រឿងឱ្យនរណាបានឃើញនោះទេ សូម្បីតែអ្នកទិញសិទ្ធិផ្ដាច់មុខក៏ដោយ (Franchise) ក៏គាត់តែងតែផ្សំគ្រឿនដោយកិនជាកញ្ចប់ៗរួចជាស្រេចដើម្បីចែកចាយបន្តទៅកាន់អ្នកទិញសិទ្ធិលក់បន្តនោះ។ ហើយការលាក់អាថ៌កំបាំងនេះហើយ ដែលធ្វើឱ្យមនុស្សចង់ដឹង និងចង់សាកល្បងនៃរសជាតិមាន់បំពង KFC។

ក្រោយៗមក ទើប KFC បានបង្ហាញ និងរំលេចនូវរូបមន្តពិសេសរបស់ខ្លួន ព្រមទាំងជំរុញឱ្យអតិថិជនបានមកកាន់ហាងផ្ទាល់ ដើម្បីបានមើលផ្ទាំងនៃរបៀបលាយគ្រឿងទេសពិសេសៗ ដើម្បីធ្វើឱ្យមាន់មានរសជាតិឆ្ងាញ់។

KFC