យុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Tesla

17
យុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Tesla

ក្រុមហ៊ុន Tesla ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2003 ដែលមានលោក Elon Musk ជានាយកប្រតិបត្តិនាពេលបច្ចុប្បន្ន ហើយមានទីស្នាក់ការកណ្តាលនៅ Palo Alto នៃរដ្ឋ California សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ ផ្ដោតលើការផលិតរថយន្តអគ្គិសនីឈានមុខគេនៅលើពិភពលោក និងមានបេសកកម្ម ដើម្បីពន្លឿនការផ្លាស់ប្តូរពិភពលោកទៅកាន់ថាមពលប្រកបដោយនិរន្តរភាព។

Tesla

នៅខែធ្នូ ឆ្នាំ 2020 ក្រុមហ៊ុន Tesla ទទួលបានប្រាក់ចំណូលចំនួន 31.54ពាន់លានដុល្លារ និងប្រាក់ចំណេញសរុបចំនួន 721លានដុល្លារ។ លើសពីនេះ Tesla ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សទូទាំងពិភពលោក ហើយអ្វីដែលយើងបានកត់សម្គាល់ទៀតនោះគឺថា Tesla មិនសូវដែលធ្វើការផ្សាយពាណិជ្ជកម្មច្រើនឡើយ និងចំណាយកញ្ចប់ថវិកាចំនួន $0 លើការផ្សាយពាណិជ្ជកម្ម នេះបើយោងតាមរបាយការណ៍ថ្មីមួយពី Brand Total  ខណៈពេលដែលដៃគូប្រកួតប្រជែង ដូចជា Toyota, BMW, PorscheនិងFord ចំណាយច្រើនលើវេទិកាសង្គមសំខាន់ៗដូចជា Facebook, YouTube, Instagram និង Twitter។ ដូច្នេះតើក្រុមហ៊ុននេះ បានប្រើយុទ្ធសាស្រ្តទីផ្សារយ៉ាងដូចម្ដេចវិញ?

Tesla

ខាងក្រោមនេះ ជាយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Tesla ដែលអ្នកអាចយកមកគិតវិភាគ និងរៀនសូត្រតាមបាន រួមមាន៖

1. ធ្វើឱ្យបទពិសោធន៍របស់អតិថិជនកាន់តែល្អ

ក្រុមហ៊ុន Tesla ព្យាយាមធ្វើយ៉ាងណាឱ្យអតិថិជនទាំងអស់ដែលកំពុងស្វែងរកទិញរថយន្តរបស់ខ្លួន ឱ្យមានដំណើរការល្អ ដោយអតិថិជនអាចធ្វើការជ្រើសរើស និងបញ្ជាទិញបានយ៉ាងងាយស្រួលដូចជាការបើកអ៊ីនធឺណិតលេងអ៊ីចឹង។ លើសពីនេះ ក៏ Tesla នៅតែបន្តសម្រួលនូវបទពិសោធន៍របស់អតិថិជន ដោយធ្វើយ៉ាងណាឱ្យពួកគេមានបទពិសោធន៍ល្អៗ និងគ្មានភាពស្មុគស្មាញច្រើនក្នុងការធ្វើអន្តរកម្មជាមួយម៉ាកយីហោរបស់ខ្លួន។ ម្យ៉ាងទៀត គឺមានការរៀបចំគេហទំព័រឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលប្រើ។

2. ពឹងផ្អែកលើការធ្វើទីផ្សារ និយាយតៗគ្នារបស់អតិថិជន

អ្នកប្រើប្រាស់ភាគច្រើនមានទំនោរជឿជាក់លើការណែនាំពីមនុស្សដែលពួកគេស្គាល់ និងជឿទុកចិត្ត ដូចជាមិត្តភក្តិ មិត្តរួមការងារ និងសមាជិកគ្រួសារ ជាជាងការផ្សព្វផ្សាយតាមបណ្តាញដែលគ្រប់គ្រងដោយម៉ាកយីហោផ្ទាល់។ ហេតុផលនេះហើយទើប Tesla ប្រើយុទ្ធសាស្រ្តទីផ្សារ “ការនិយាយតៗគ្នា (word-of-mouth)” រហូតទទួលបានប្រសិទ្ធភាពខ្ពស់ តាមរយៈការបង្កើតកម្មវិធីណែនាំរបស់ម៉ាកផ្ទាល់ខ្លួន ដោយមានការផ្តល់រង្វាន់ដល់អ្នកដែលបានចែករំលែកបទពិសោធន៍របស់ពួកគេជាមួយអ្នកដទៃ។

3. នាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla ធ្វើទីផ្សារផ្ទាល់ខ្លួនយ៉ាងសកម្ម

លោក Elon Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla គឺបានធ្វើខ្លួនឱ្យសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ដោយនិយាយអំពីផលិតផលរបស់ Tesla និងជាសប្បុរសធម៌។ កត្តានេះហើយ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla កាន់តែមានភាពល្បីល្បាញខ្លាំង ហើយវាក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់យុទ្ធសាស្ត្រទីផ្សារ Tesla ផងដែរ។

លើសពីនេះ Musk ក៏បានចូលរួមដោយផ្ទាល់ជាមួយអតិថិជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមលើគណនីផ្ទាល់ខ្លួនរបស់គាត់ផងដែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងផលប៉ះពាល់ជាវិជ្ជមានជាទូទៅសម្រាប់ម៉ាកយីហោទាំងមូលរបស់ Tesla។

4. ប្រើយុទ្ធសាស្រ្តទីផ្សារតាមរយៈបេសកកម្ម

នៅពេលដែលក្រុមហ៊ុន Tesla បានបង្ហាញនៅលើគេហទំព័រផ្ទាល់ខ្លួន ក្នុងនោះក៏មានបង្ហាញអំពីបេសកកម្មផងដែរ ដោយសរសេរថា “បេសកកម្មរបស់យើង គឺដើម្បីពន្លឿនការផ្លាស់ប្តូរពិភពលោកទៅកាន់ថាមពលប្រកបដោយនិរន្តរភាព”។

គេហទំព័ររបស់ក្រុមហ៊ុន Tesla គឺពោរពេញទៅដោយខ្លឹមសារអំពីថាមពលប្រកបដោយនិរន្តរភាព ហើយថ្មីៗនេះវាបានដាក់ចេញរបាយការណ៍និរន្តរភាពដំបូងរបស់ខ្លួន ដោយចងក្រងឯកសារអំពីការបញ្ចេញកាបូន ការប្រើប្រាស់ទឹក និងការចំណាយថាមពលរបស់ក្រុមហ៊ុនទាក់ទងនឹងការផលិត និងការលក់ ក៏ដូចជាប្រតិបត្តិការទូទៅរបស់វាផងដែរ។ លើសពីនេះ ក៏បង្ហាញពីគោលបំណងជាច្រើនដែលនឹងត្រូវសម្រេច ដោយបន្តផ្តោតលើបេសកកម្មរបស់ខ្លួននិងការធ្វើទីផ្សារយានជំនិះប្រកបដោយនិរន្តរភាពដល់សាធារណៈជន។ ហើយនេះ គ្រាន់តែជាការលើកនូវចំណុចមួយចំនួននៃការដោះស្រាយបញ្ហាប្រកបដោយនិរន្តរភាព ដោយរំលឹកសាធារណៈជនអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Tesla ចំពោះបញ្ហាបរិស្ថាន។