របៀបបង្វឹកក្រុមការងារឱ្យមានជំនាញដោះស្រាយបញ្ហា

190
របៀបបង្វឹកក្រុមការងារឱ្យមានជំនាញដោះស្រាយបញ្ហា

ជំនាញដោះស្រាយបញ្ហា គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ដូច្នេះហើយនៅកន្លែងការងារប្រសិនបើអ្នកចង់ធ្វើឱ្យក្រុមការងាររបស់អ្នកបង្កើនផលិតភាពការងារ មិនសូវស្មុគស្មាញខ្លាំងទាំងនៅក្នុងជីវិត និងការបំពេញការងាររបស់ពួកគេ អ្នកត្រូវតែហ្វឹកហាត់ក្រុមការងាររបស់អ្នកឱ្យមានជំនាញដោះស្រាយបញ្ហា។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់អាចយកមកអនុវត្តន៍ដើម្បីជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមការងាររបស់អ្នក។

1. ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក

នៅក្នុងចំណុចនេះ ថ្នាក់ដឹកនាំ ត្រូវតែបញ្ចូនបុគ្គលិកទៅសិក្សាអំពីជំនាញដោះស្រាយបញ្ហា ឬផ្ដល់វគ្គបណ្ដុះបណ្ដាលនោះដល់បុគ្គលិកទាំងអស់យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ឬច្រើនជាងនេះរហូតបុគ្គលិករបស់អ្នកមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានាទាំងនៅក្នុងជីវិត និងនៅកន្លែងការងារបានយ៉ាងល្អប្រសើរជាងមុន។

វគ្គបណ្ដុះបណ្ដាលនេះ អ្នកត្រូវតែផ្ដោតលើគោលបំណងឱ្យបុគ្គលិករបស់អ្នកទាំងអស់នៅក្នុងស្ថាប័នបានយល់ដឹងអំពីជំនាញដោះស្រាយបញ្ហា ចេះរបៀបប្រើប្រាស់ ដឹងពីដំណើរការនៃការដោះស្រាយបញ្ហា និងសារៈសំខាន់នៃការដែលធ្វើឱ្យពួកគេមានជំនាញមួយនេះ។

2. អនុញ្ញាតឱ្យបុគ្គលិកហ៊ានសម្រេចចិត្ត និងសាកល្បងដោះស្រាយ

នៅចំណុចនេះថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់ ត្រូវតែផ្ដល់ឱកាសឱ្យក្រុមការងារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហ៊ានប្រឈមមុខនឹងបញ្ហានានា រៀនដោះស្រាយបញ្ហាដោយខ្លួនឯង និងសាកល្បងធ្វើតាមការសម្រេចចិត្តផ្ទាល់ខ្លួន (ក៏អាចផ្ដល់សិទ្ធិក្នុងការសុំការប្រឹក្សាយោបល់បន្ថែម) បន្ទាប់មក ត្រូវបង្ហាញឱ្យក្រុមការងាររបស់អ្នកចេះឈ្វេងយល់ដោយខ្លួនឯងអំពីបញ្ហាទាំងនោះ និងរៀនវិភាគលើលទ្ធផលដែលទទួលបាន ដើម្បីស្វែងរកដំណោះស្រាយផ្សេងទៀតដែលល្អប្រសើរជាងមុនក្នុងការអនុវត្តន៍ម្ដងទៀត។

បន្ថែមពីនេះ អ្នកក៏ត្រូវជួយជ្រោមជ្រែងពីក្រោយបន្ថែមទៀត ដើម្បីធ្វើឱ្យក្រុមការងាររបស់អ្នកមានជម្រើសនិងគំនិតបន្ថែម ហើយធ្វើឱ្យពួកគេរៀនបន្ស៉ុំានឹងការដោះស្រាយបញ្ហាប្រកបដោយភាពវៃឆ្លាត។ ម្យ៉ាងទៀត អ្នកក៏ត្រូវផ្ដល់ឱកាសឱ្យក្រុមការងារចេញក្រៅ និងចេះរៀនសង្កេតមើលពីរបៀបរបស់អ្នកដទៃដោះស្រាយបញ្ហាដែលជួបហេតុការណ៍ស្រដៀងអ្នក ឬបញ្ហាផ្សេង ព្រមទាំងរៀនអ្វីៗផ្សេងទៀតដើម្បីផ្ដល់ជំនួយ ឬបង្កើនសមត្ថភាពលើការពង្រឹងសមត្ថភាពដោះស្រាយបញ្ហា។

3. ដឹកនាំក្នុងការដោះស្រាយបញ្ហាជាក់ស្ដែង

នៅក្នុងចំណុចនេះ អ្នកអាចបែងចែកក្រុមតូចៗក្នុងការដឹកនាំក្នុងការរៀនដោះស្រាយបញ្ហា ដោយក្នុងមួយក្រុមមានសមាជិកយ៉ាងតិច 3 នាក់ ហើយការអនុវត្តន៍អាចមានមួយដងក្នុងមួយខែ ឬអាស្រ័យលើការកំណត់របស់អ្នក។

នៅក្នុងចំណុចនេះ អ្នកអាចបញ្ហាចោទជាក់ស្ដែងនៅក្នុងស្ថាប័នមួយ ឬច្រើនតាមការកំណត់ចង់បានរបស់អ្នក បន្ទាប់មកចាប់ផ្ដើមយុទ្ធនាការណ៍ដោះស្រាយបញ្ហាតាមក្រុមនីមួយៗ ដើម្បីធ្វើឱ្យក្រុមការងារកាន់តែយល់ច្បាស់ពីរបៀបនៃការដោះស្រាយបញ្ហា។ សូមបញ្ជាក់ផងដែរថា អ្នកក៏អាចអញ្ជើញបុគ្គលដែលមានសមត្ថភាពដោះស្រាយបញ្ហា ម្នាក់ឬពីរនាក់ ដើម្បីជួយក្នុងការដឹកនាំដំណើរការបណ្ដុះបណ្ដាលបែបនេះ ឬមិនចាំបាច់ក៏បានអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។