របៀបស្វែងរក Passion របស់អ្នកនៅក្នុងជីវិត

52
របៀបស្វែងរក Passion របស់អ្នកនៅក្នុងជីវិត

Passion គឺសុទ្ធមានសម្រាប់មនុស្សទាំងអស់គ្នា គ្រាន់តែពេលខ្លះមានមនុស្សមួយចំនួនមិនទាន់ដឹងច្បាស់ថា ខ្លួនឯងមាន Passion អ្វីឱ្យពិតប្រាកដ។ ដូច្នេះហើយខាងក្រោមនេះ នឹងបង្ហាញពីតិចនិកមួយចំនួនដែលអ្នកអាចអនុវត្តន៍បាន ដើម្បីស្វែងរក Passion ផ្ទាល់ខ្លួនបាន ប៉ុន្តែមុននឹងអនុវត្តន៍តិចនិកខាងក្រោម អ្នកត្រូវតែធ្វើឱ្យប្រាកដខ្លួនឯងថា អ្នកមិនបានរស់នៅក្នុងតំបន់សុខស្រួលរបស់អ្នកឡើយ (get out of your comfort zone) ។

1. សង្កេតមើល​អ្វី​ដែល​អ្នក​ស្រឡាញ់

មនុស្សគ្រប់គ្នាតែងតែមានអ្វីដែលខ្លួនឯងស្រលាញ់រៀងៗខ្លួន គ្រាន់តែពេលខ្លះអ្នកមិនចាប់អារម្មណ៍ថាអ្នកស្រលាញ់អ្វីខ្លាំងជាងគេ ឬមួយណាឱ្យពិតប្រាកដប៉ុណ្ណោះ ដូច្នេះត្រង់ចំណុចនេះទាមទារឱ្យអ្នករៀនសង្កេតមើលខ្លួនឯងឱ្យបានច្រើន។ អ្នកត្រូវតែរៀនសង្កេតពីសកម្មភាព និងភាពពេញចិត្តនៅពេលអ្នកធ្វើអ្វីមួយ បន្ទាប់មកអ្នកសរសេរទុកនូវរាល់អ្វីដែលអ្នកគិតថាអ្នកស្រលាញ់ និងសប្បាយចិត្តខុសប្លែកនៅពេលអ្នកធ្វើវាបានល្អ។ បន្ថែមពីនេះ អ្នកអាចរៀនសង្កេតនៅពេលអ្នកមានអារម្មណ៍ស្រស់ស្រាយ និងអារម្មណ៍សប្បាយចិត្តខ្លាំង បន្ទាប់មកសរសេរនូវរាល់អ្វីដែលអ្នកចង់ធ្វើវា ហើយតែងតែនឹកឃើញវានៅពេលអ្នកសប្បាយចិត្ត។

ម្យ៉ាងទៀតអ្នកអាចគិតអំពីកាលវ័យកុមារ ថាតើកាលពីក្មេងអ្វីដែលអ្នកចូលចិត្តនឹងធ្វើជាងគេ? និងកំណត់រយៈពេល 30នាទី ហើយសួរសំណួរមកកាន់ខ្លួនឯង ដូចជាតើអ្នកជាមនុស្សបែបណា? តើអ្នកចង់ឃើញខ្លួនឯងបែបណានាពេលអនាគត? តើអ្វីដែលធ្វើឱ្យអ្នកតែងតែសប្បាយចិត្ត? តើសកម្មភាពអ្វីដែលអ្នកបានធ្វើឱ្យអ្នកដទៃមានមោទនភាពចំពោះអ្នក? ។ល។ អ្នកអាចបង្កើតសំណួរផ្សេងទៀត ដែលសួរអំពីខ្លួនឯង និងពាក់ព័ន្ធនឹងអ្វីដែលអ្នកអាចដឹងថាអ្នកស្រលាញ់អ្វី ហើយនឹកឃើញអ្វីជាងគេ។

2. កត់សម្គាល់ទីតាំងដែលអ្នកតែងតែចំណាយជាមួយនៅពេលអ្នកទំនេរ

នៅពេលអ្នកកាន់តែចង់ដឹងអំពី Passion របស់អ្នក នោះអ្នកច្បាស់ជាសង្កេតមើលទម្លាប់របស់អ្នកនៅពេលទំនេរមិនខាន ប៉ុន្តែអ្នកត្រូវចងចាំថា ទម្លាប់ដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ ពេលខ្លះវាមិនចាំបាច់ឱ្យដូចគ្នានឹង Passion ដែលអ្នកមានឡើយ។ ហេតុដូចនេះ អ្នកក៏ត្រូវរៀនកត់សម្គាល់ថា នៅពេលទំនេររបស់អ្នក តើអ្វីជាភាពលេចធ្លោដែលធ្វើឱ្យអ្នកធ្វើវា និងអ្នកមានអារម្មណ៍ល្អ? ឧទាហរណ៍ នៅពេលទំនេរអ្នកចូលចិត្តអានច្រើន នោះអ្នកអាចមាន Passion ផ្នែកនិពន្ធ ឬការបង្រៀនជាដើម ឬម្យ៉ាងទៀតអ្នកចំណាយពេលច្រើននៅពេលទំនេរក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងផ្នែកទីផ្សារ នោះអ្នកអាចមាន Passion ផ្នែកធ្វើទីផ្សារ និងគិតផ្ដោតក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារជាដើម។

ត្រង់ចំណុចនេះ អ្នកត្រូវដឹងថា នៅពេលទំនេររបស់អ្នក តើសកម្មភាពណាដែលអ្នកចំណាយពេលច្រើនជាមួយ និងមានអារម្មណ៍ល្អខ្លាំងដើម្បីធ្វើវា នោះហើយជា Passion របស់អ្នក។ បន្ទាប់មកអ្នកអាចច្នៃវា ឱ្យជាជំនាញ ឬទេពកោសល្យជាក់លាក់មួយ ដើម្បីធ្វើអ្វីដែលកាន់តែល្អសម្រាប់អ្នក។

3. គិតពិចារណាលើចំណុចខ្លាំងរបស់អ្នក

អ្នកត្រូវគិតពិចារណាលើសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់អ្នកដែលមានភាពលេចធ្លោជាងគេ។ លើសពីនេះ ក៏ត្រូវកំណត់អត្តសញ្ញាណទាំងជំនាញទន់ និងជំនាញរឹងរបស់អ្នក ពីព្រោះវាអាចជួយកំណត់នូវអ្វីដែលលើសពីភាពពូកែរបស់អ្នក។ ចូរចងចាំថា អ្នកក៏អាចមានជំនាញធម្មជាតិដែលធ្វើឱ្យអ្នកមានអារម្មណ៍ជឿជាក់ និងលើកទឹកចិត្តនៅពេលបំពេញកិច្ចការមួយចំនួនរបស់អ្នកឱ្យមានភាពល្អប្រសើរ។ បន្ថែមពីនេះ អ្នកក៏ត្រូវសរសេរទុកចំណាំនូវរាល់សមត្ថភាព និងបុគ្គលិកលក្ខណៈដែលអ្នកមាននៅក្នុងកូនសៀវភៅផងដែរ ដើម្បីជាផ្នែកមួយជួយក្រើករំលឹកអ្នក។