លោក ច្រឹក សុខនីម ត្រូវបាន​ជ្រើស​រើស​ឱ្យធ្វើជាប្រធានសមាគម​ CVEA មួយអណត្តិបន្តទៀត

890

លោកច្រឹក សុខនីម ត្រូវបានទទួលការគាំទ្រ និងជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ជាថ្មីម្តងទៀត ​ដើម្បីបន្តដឹកនាំសមាគមសម្រាប់អាណត្តិទី៧ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

ក្នុងអាណត្តិទី៧នេះ មានបេក្ខភាពចំនួនពីររូបដែលបានឈរឈ្មោះជាប្រធានសមាគមរួមមាន ​លោកច្រឹក សុខនីម នាយ​កប្រតិបត្តិក្រុមហ៊ុន Mekong Brokerage Co.,Ltd និងលោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd។

សមាជិកសមាគមចំនួន៩៦ ក្រុមហ៊ុនបានចូលរួមបោះឆ្នោតនៅថ្ងៃនេះ ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតសរុបពីតំណាង ១០២ ក្រុមហ៊ុន ដែលជាលទ្ធផល គឺមានការប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ លោក ច្រឹក សុខនីម ទទួលបានសម្លេងឆ្នោតគាំទ្រ ៤៩ សម្លេង ចំណែកឯលោក វ៉ន​ ចាន់ថន ទទួលបាន ៤៧សម្លេង។
លោកច្រឹក សុខនីម​បានថ្លែងថា៖ «សម្រាប់អាណត្តិថ្មីនេះ យើងនឹងផ្តោតលើការលើកកម្ពស់ការអប់រំ សមត្ថភាព គុណភាព និងកម្រិតជីវភាពរបស់សមាជិកឲ្យរឹតតែប្រសើរឡើង និងជាពិសេសជំរុញការធ្វើការងាររួមគ្នា ដើម្បីដឹកនាំ CVEA ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ»។

គិតមកទល់នឹងបច្ចុប្បន្ន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដំណើរការចំនួន៦អាណត្តិរួចមកហើយ ដោយក្នុងមួយអាណត្តិមានរយៈពេលពីរឆ្នាំ។ រៀងរាល់ពីរឆ្នាំម្តង សមាគមរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធាន​សមាគម និងក្រុមប្រឹក្សាភិបាល។ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមសម្រាប់អាណត្តិថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីអាណតិ្តទី៦ (ឆ្នាំ២០១៩-២០២០) ដែលដឹកនាំដោយលោក ច្រឹក សុខនីម នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ​។