វិធីសាស្ត្រក្នុងការកែប្រែការកម្សាន្តទៅជាប្រាក់ចំណេញ

785

មានម្ចាស់​​អាជីវកម្ម​ជាច្រើនដែល​បើក​ជំនួញ​របស់គេ​ក្នុងគោលបំណង​បម្រើផល​ប្រយោជន៍រួម​ បន្តពី​គ្រួសារ មើលឃើញពី​ចំណុច​ខ្វះ​ខាត​នៅក្នុង​សង្គម ពួកគេមាន​ជំនាញ​ខាងហ្នឹងស្រាប់​ ឬ​​មួយមកមកពីការស្រលាញ់ចូលចិត្ត​ជាដើម។ នៅពេល​ដែល​ពួកគេ​មាន​ដើមទុន​សមល្មម​ឬ​គិតថា​ដល់​ពេល​វេលា​សមរម្យ​ហើយគេ​ក៏​សម្រេចចិត្ត​​បើក​អាជីវកម្ម​តែ​ម្តង។ ដោយឡែក​ការមាន​អាជីវកម្ម​ដែល​ខ្លួន​ឯងចូលចិត្ត​និង​មាន​អារម្មណ៍ល្អ​ក្នុង​ការធ្វើ​វាគឺជាជោគជ័យ​មួយ​ដែល​មិន​​ងាយ​ឲ្យអ្នក​បោះបង់នោះឡើយ​ជាពិសេស​គឺ​អាជីវកម្ម​ដែល​កើតចេញ​ពី​ការកម្សាន្ត​របស់យើង។

សកម្មភាព​អ្វី​ក៏ដោយ​ដែល​អ្នកធ្វើ​ដើម្បី​បង្កើន​ភាពសប្បាយរីករាយ​ក្រៅពី​កាតព្វកិច្ច​របស់អ្នក​វា​សុទ្ធតែ​អាចរាប់​បញ្ចូល​ថា​ជា​ការកម្សាន្ត​បាន​ទាំងអស់​ដូចជា ការស្ដាប់​ចម្រៀង ការអាន​សៀវភៅ ការជិះកង់ ការរត់​ប្រណាំង​ជាដើម។

តើ​អ្នក​ធ្លាប់​គិត​ចង់កែប្រែ​ការកម្សាន្ត​មួយ​របស់អ្នក​ទៅជា​អាជីវកម្ម​ដែរ​ឬទេ? អ្នក​ប្រហែល​ជា​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​នៅពេល​ដែល​អ្នក​ដឹង​ថា​ការកម្សាន្ត​របស់អ្នក​ក៏​អាចជួយរក​ប្រាក់ចំណេញ​ឲ្យ​អ្នកបាន​ដែរ​ដោយវា​មិនចាំបាច់​ត្រូវចំណាយ​ប្រាក់លើ​ថ្លៃ​ចំណាយ​ផ្សេងៗ​ច្រើន​និង​មិន​អស់ថ្លៃដើម​ច្រើន​ទៀតផង​។

បើ​អ្នក​ធ្វើ​សកម្មភាព​មួយជា​ប្រចាំ អ្នក​មុខតែ​នឹង​ដឹង​ពីវា​ច្រើន។ ឧទាហរណ៍​ថា​អ្នក​ចូលចិត្ត​ដើរ​ទិញ​សំលៀក​បំពាក់ អ្នក​នឹង​ដឹង​ថា​ម៉ូដ ពណ៌ ទំហំ សាច់​ក្រណាត់​បែបណា​ដែល​គេ​ពេញនិយម​ចូលចិត្ត​ច្រើន តម្លៃ​ប៉ុណ្ណា​សមរម្យ ហាង​បែបណា​មាន​ភាពទាក់ទាញ ឬ​វា​សម​នឹង​វ័យ​ប៉ុណ្ណា​ជាដើម។ អ្នក​អាច​ប្រើ​ចំណេះដឹង​ទាំងអស់​នេះ​ដោយ​ផ្សាភ្ជាប់​វា​ជាមួយ​នឹង​អាជីវកម្ម។ បើ​អ្នក​ស្រលាញ់​​បែបហ្នឹង ហើយ​អ្នក​ខិតខំ​ស្រាវជ្រាវ​វាបន្ថែម​បន្តិច​ទៀត​អ្នក​នឹង​​អាច​ជោគជ័យ​ជាមួយ​នឹង​ជំនួញ​នោះ​ទៅ​ថ្ងៃមុខ​។ ការ​ដែល​យើង​ដឹង​ពី​វា​កាន់តែ​ច្រើន នោះ​យើង​នឹង​មាន​ប្រយោជន៍​នៅពេលក្រោយ​នៅពេល​ដែល​យើង​ចង់បើក​អាជីវកម្ម​ឬ​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នកណា​ម្នាក់​ដែល​គេចង់​បើក​អាជីវកម្ម​ដែរ។ មួយវិញទៀត អ្នក​អាច​បង្កើត​ជា​កញ្ចប់​ឲ្យ​អ្នកផ្សេង​ទៀត​ទទួល​វា​យ៉ាង​ងាយស្រួល។ ឧទាហរណ៍​ថា​អ្នកជា​មនុស្សម្នាក់​ដែល​ចូលចិត្ត​លេង​រូប​បិត​នៅលើ​រូបថត​និង​ដាក់បញ្ចូល​វា​ជា​អាល់ប៊ុម​អ្នក​ប្រាកដជា​ដឹង​ថា​​អ្នក​ត្រូវការ​អ្វីខ្លះ​ដើម្បី​ធ្វើវា​ដូចជា រូបថត ជ័រកាវ ស្ទីកក័រ(ស្លាកតុក្កតា) ជាដើម។ អ្នក​អាច​រៀបចំ​ជា​កញ្ចប់​ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​ចាប់ផ្តើម​ធ្វើ​វា​មាន​ភាព​ងាយស្រួល​។

នៅពេល​ដែល​អ្នក​ចេះ​រក​លុយ​ពី​ព័ត៌មាន​ទាំងនេះ​ហើយ អ្នក​ពិតជា​អាច​វិនិយោគ​ទៅលើ​ការបង្កើត​ផលិតផល​ដោយ​ខ្លួនឯង​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ឬ​រៀបចំ​ជា​ព័ត៌មាន​លម្អិត​ដើម្បី​ប្រឹក្សា​ដល់​អ្នក​ដែល​គេ​ចង់​បើក​ជា​អាជីវកម្ម​បានហើយ​។ ​

អ្នក​មាន​សង្កេត​ឃើញ​ដែរ​ទេ​ថា​អ្នក​លក់សម្លៀកបំពាក់អនឡាញសព្វថ្ងៃ​សុទ្ធតែ​ជា​មនុស្ស​វ័យជំទង់​និង​កណ្តាល​​ដែល​ភាគ​ច្រើន​ពួកគេ​លក់​ខោអាវ​យុវវ័យ។ សម្លៀក​បំពាក់​នីមួយៗគឺ​មាន​ភាព​ទាន់​សម័យ​និង​ស្រស់​ស្អាត​តាម​សម័យកាល។ ជាក់ស្ដែង​នាង​ខ្ញុំ​ក៏មាន​ប្អូនស្រី​ម្នាក់​និង​មិត្តភក្តិ​ជាច្រើននាក់ទៀត​ដែល​ជា​អ្នកលក់​តាម​អនឡាញ។ ពួកគេ​តែង​ចូលចិត្ត​មើល​ម៉ូដ​សម្លៀក​បំពាក់​ដែល​ចេញថ្មី​ជារៀងរាល់​ថ្ងៃ​​និង​រក្សា​វា​ទុក​នៅពេញ​ទូរស័ព្ទ​របស់គេទៀតផង។

ឯកសារយោង៖ www.smallbusinessbrief.com

Previous articleអ្វីទៅជាការរើសអើងនៅក្នុងអង្គភាព?
Next articleគន្លឹះងាយៗក្នុងការចាប់ផ្តើមអាជីវកម្មនៅផ្ទះ
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។