វិធី៣​យ៉ាងដើម្បីស្វែងរកទីផ្សារគោលដៅដ៏​សក្តិសម​​សម្រាប់​អាជីវកម្ម​ថ្មី

2449

ទីផ្សារ​គោលដៅ​ពិតជា​សំខាន់ណាស់​សម្រាប់​អាជីវកម្ម​។ ប្រសិនបើ​អ្នក​មានផលិតផល​ល្អ ប៉ុន្តែ​ស្វែងរក​ទីផ្សារ​គោលដៅ​ខុស អាជីវកម្ម​របស់អ្នក​ប្រាកដ​ជា​បរាជ័យ។ ដូច្នេះ​ពេលនេះ​គំនិត​នឹង​ណែនាំ​អ្នក​អំពី​វិធី​៣​​យ៉ាង​ដើម្បី​កំណត់​យក​អតិថិជន​គោលដៅ​ ឱ្យ​បានត្រឹមត្រូវ​និង​ជោគជ័យ​៖

១. បង្កើត​ផលិតផល​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមាន

នៅពេល​ដែល​អ្នក​ចង់​បង្កើត​ផលិតផល​ថ្មី អ្នក​ត្រូវ​ស្វែងរក​ផលិតផល​ណា​ដែល​ល្អ​ជាងគេ​និង​​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​កើតមាន​។ ឧទាហរណ៍​ដូចជា​ស្ថាបនិក​របស់ GigTown  គាត់​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​មួយ​គឺ​នៅពេល​ដែល​គាត់​ឃើញ​អ្នក​នៅក្នុង​តំបន់​ដែល​គាត់រស់នៅ​មាន​បញ្ហា​លំបាក​ក្នុងការ​ស្វែងរក​អ្នក​ចម្រៀង​សម្រាប់​កម្មវិធី​នីមួយៗ​របស់​ខ្លួន​។  ដូច្នេះ​គាត់​ក៏​បង្កើត​កម្មវិធី​មួយ​ដែល​អាច​ជួយ​ណាត់​អ្នក​ចម្រៀង​ដែល​នៅក្បែរ​តំបន់​បាន​ដោយ​ត្រូវការ​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។​

២. ជ្រើសរើស​ប្រភេទ​អតិថិជន​ដែល​យើង​ចង់​ដោះស្រាយ​បញ្ហា​ឲ្យ

ក្រៅពី​បង្កើត​នូវ​ផលិតផល​ដែល​អ្នក​ចង់ដោះស្រាយ​ឲ្យ​ហើយនោះ ​អ្នក​ត្រូវ​កំណត់​អតិថិជន​ប្រភេទ​មួយណា​ដែល​ធ្លាប់​ជួប​បញ្ហា​ទាំងនោះ​​និង​ត្រូវការ​ដំណោះស្រាយ​ដែល​យើង​បាន​បង្កើតឡើង​មក​។ ឧទាហរណ៍ GigTown ដដែលនេះ​។ អ្នក​ដែល​ត្រូវការ​ App នេះ​គឺជា​ម្ចាស់​ហាង​កាហ្វេ បារ និង​ភោជនីយដ្ឋាន​ដែល​បម្រើ​សេវាកម្ម​ព្រមជាមួយ​នឹង​ការ​ប្រគុំ​តន្រ្តី​ក៏​ដូចជា​អ្នកចម្រៀង​ផ្ទាល់​ដែល​ត្រូវ​ស្វែងរក​ហាង​ដើម្បី​ច្រៀង។

៣. ​សាកល្បង​លើ​ផលិតផល​ដែល​បាន​បង្កើត

​បន្ទាប់​ពី​បង្កើត​ផលិតផល​ដើម្បី​ដោះស្រាយ​បញ្ហា កំណត់​នូវ​អតិថិជន​គោលដៅ ពួកយើង​ត្រូវ​យក​ផលិតផល​នោះ​ទៅ​​​សាកល្បង​​ដោយ​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ទី​កន្លែង​របស់​អតិថិជន​គោលដៅ​ដែល​យើង​បាន​កំណត់។ ប្រសិនបើ​អតិថិជន​ពេញចិត្ត​ចង់បាន​ផលិតផល​យើង​ នោះ​មានន័យថា​ផែនការ​ទីផ្សារ​របស់យើង​ពិតជា​ទទួលបាន​ជោគជ័យ​ហើយ។