វីធី 3 ធ្វើឱ្យអ្នកជាមនុស្សទទួលបានលទ្ធផលល្អច្រើនជាប្រចាំថ្ងៃ

131
វីធី 3 ធ្វើឱ្យអ្នកជាមនុស្សទទួលបានលទ្ធផលល្អច្រើនជាប្រចាំថ្ងៃ

ផលិតភាព ជាអ្វីដែលមនុស្សចង់បាន ដោយក្នុងនោះពួកគេចង់ចំណាយពេលវេលារបស់ពួកគេធ្វើនូវអ្វីដែលទទួលបានលទ្ធផលល្អបានច្រើនជាប្រចាំថ្ងៃ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ជាទូទៅកម្លាំងនៃភាពឆេះឆួលក្នុងការធ្វើអ្វីមួយ វាបានតែដំបូងប៉ុណ្ណោះ ដោយពេលខ្លះក៏មានអារម្មណ៍ហត់នឿយ ឬត្រូវការពេលវេលាឈប់សម្រាកជាដើម។ ហេតុដូចនេះហើយ ជាដំណោះស្រាយនៅក្នុងខ្លឹមសារអត្ថបទមួយនេះ នឹងបង្ហាញពីវិធីចំនួន 3 ដែលអ្នកអាចអនុវត្តន៍ ដើម្បីបង្កើនផលិតភាព និងទទួលបានលទ្ធផលល្អច្រើនជារៀងរាល់ថ្ងៃ ដោយមិនធ្វើឱ្យកត្តាផ្សេងៗមករារាំង ជាពិសេសថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ ហើយខ្លឹមសារទាំងនេះ យើងបានដកស្រង់ចេញពីគេហទំព័ររបស់ Psychology Today។

វិធី 3 នោះ រួមមាន៖

1. ផ្នត់គំនិតនៃភាពទាក់ទាញឱ្យចង់ធ្វើ

នៅក្នុងឆ្នាំ2022 នេះ លោក Scott Dust នៃសាកលវិទ្យាល័យ Miami និងសហការី បានធ្វើការសិក្សាស្រាវជ្រាវអំពីចំណុចកំពូល និងទាបនៃភាពរីករាយប្រចាំសប្ដាហ៍ ក៏ដូចជាអាកប្បកិរិយារបស់មនុស្សចំពោះការងាររបស់ពួកគេ។

ការសិក្សាស្រាវជ្រាវនោះបង្ហាញថា មនុស្សធ្វើសកម្មភាពដែលអាចទទួលបានលទ្ធផលល្អច្រើន៖

  • តាមរយៈវដ្ដអាកប្បកិរិយា សំដៅលើការបំពេញកិច្ចការងារទាំងនៅកន្លែងការងារ ការរស់នៅ និងកន្លែងផ្សេងៗទៀតជាលក្ខណៈប្រព័ន្ធ ដោយមានលំនាំ និងបទដ្ឋានក្នុងការធ្វើជាដើម។ បន្ថែមពីនេះ អាចរៀបចំផែនការជីវិតជាក់លាក់មួយ ដើម្បីធ្វើតាមអ្វីដែលបានរៀបចំនោះ។ ហើយទាំងនេះ វាជាចំណុចមួយដែលអាចទាក់ទាញចិត្តមនុស្សឱ្យបំពេញកិច្ចការបានល្អ។
  • ការដឹងថាអ្វីជាការលើកទឹកចិត្តដ៏សំខាន់នៅក្នុងជីវិត ដោយគ្រាន់តែនឹកឃើញ និងធ្វើសកម្មភាពនោះ អ្នកនឹងមានកម្លាំងចិត្តដ៏ខ្លាំងក្លា។ ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវតែរកឱ្យឃើញនូវកត្តាលើកទឹកចិត្តរបស់អ្នកដែលសំខាន់ជាងគេ បន្ទាប់មកបង្កើតវដ្ដនៃលំនាំដែលអ្នកត្រូវធ្វើជាប្រចាំដើម្បីផ្ដល់ជាការជំរុញទឹកចិត្តរបស់អ្នក ទាំងនៅកន្លែងធ្វើការ ផ្ទះ និងកន្លែងផ្សេងៗ។
  • បង្កើតការនឹកស្រមៃអំពីការសម្រាកនៅចុងសប្ដាហ៍ ដើម្បីធ្វើឱ្យអារម្មណ៍អ្នកខិតខំធ្វើកិច្ចការងាទាំងឡាយឱ្យបានរួចរាល់មុនថ្ងៃដែលអ្នកត្រូវសម្រាក

2. ការគ្រប់គ្រងការលើកទឹកចិត្ត និងផ្លូវចិត្ត TGIF

ចំពោះការគ្រប់គ្រងការលើកទឹកចិត្តនេះ សំដៅលើការធ្វើឱ្យខ្លួនឯងរក្សាបាននូវកម្លាំងចិត្តបន្តធ្វើកិច្ចការនានារហូតបានសម្រេច ដោយមិនងាយបាត់បង់នូវអារម្មណ៍ផ្ដោត និងភាពឆេះឆួលរបស់អ្នក។ លើសពីនេះ វាជាផ្នែកមួយដែលអ្នកខ្លួនឯង ជាអ្នកជំរុញខ្លួនឯងឱ្យខិតខំធ្វើកិច្ចការទាំងឡាយ ដោយមិនរងចាំនរណាមកបញ្ជា ឬរងចាំកត្តាផ្សេងៗមកជំរុញឡើយ។

រីឯការគ្រប់គ្រងផ្លូវចិត្ត TGIF “Thank God It’s Friday” សំដៅលើការធ្វើឱ្យថ្ងៃសុក្រជាថ្ងៃពិសេសដ៏អស្ចារ្យដែលអ្នកទទឹងរងចាំ ដោយវាមិនមែនគ្រាន់ជាថ្ងៃចុងសប្ដាហ៍ដែលត្រូវសម្រាកប៉ុណ្ណោះឡើយ ប៉ុន្តែជាថ្ងៃដែលអ្នកបានបញ្ចប់ការងារបានយ៉ាងល្អនៅក្នុងសប្ដាហ៍នេះ ដោយអ្នកបានខិតខំធ្វើការពីដើមសប្ដាហ៍ ដើម្បីបញ្ចប់កិច្ចការងារយ៉ាងរលូន បន្ទាប់មកអបអរសាទរខ្លួនឯងសម្រាប់ថ្ងៃសុក្រនៃភាពជោគជ័យក្នុងសប្ដាហ៍នេះ ដើម្បីឈាននូវការធ្វើកិច្ចការថ្មីនៅសប្ដាហ៍បន្ទាប់។ ហើយវាក៏ជាផ្នែកនៃការជំរុញទឹកចិត្តអ្នកឱ្យខ្លាំងក្លាដើម្បីធ្វើការ។

ម្យ៉ាងវិញទៀត អ្នកក៏អាចវាយតម្លៃខ្លួនឯងជាប្រចាំសប្ដាហ៍ តាមវិធីសាស្រ្តខាងក្រោមផងដែរ៖

  • ពិនិត្យលើចរិតលក្ខណៈផ្ទាល់ខ្លួនដែលបានប្រព្រឹត្តខុស ឬធ្វើអ្វីមិនបានយកចិត្តទុកដាក់ តាមរយៈការដាក់ពិន្ទុឱ្យខ្លួនឯង
  • តម្រូវការនៃការបំពេញការងារឱ្យរួចរាល់ ដោយធ្វើការបានលឿន និងមិនពន្យាពេល
  • កម្រិតនៃការគ្រប់គ្រងការលើកទឹកចិត្តខ្លួនឯង ដោយត្រូវធានាថាគ្មានអ្វីមករារាំងអ្នកឱ្យធ្លាក់ទឹកចិត្តមិនចង់បំពេញការងារឡើយ
  • ការអនុវត្តន៍ការងារជាប្រចាំថ្ងៃ ដោយធានាថាខ្លួនឯងបានបញ្ចប់ការងារសំខាន់ៗរួចរាល់ និងទានពេលវេលា

3. ជៀសវាងការធ្វើជាមនុស្ស TGIF

នៅក្នុងចំណុចនេះ ចង់សំដៅថា ប្រសិនបើអ្នកធ្វើជាមនុស្ស TCIF នោះអ្នកនឹងមិនព្រមផ្ដោតលើការធ្វើការងារឱ្យបានរួចរាល់ឡើយ ដោយអ្នកគិតថាថ្ងៃនេះ ជាថ្ងៃសុក្រដែលជិតចុងនៃសប្ដាហ៍ ហើយវាក៏ពេលវេលាសម្រាក ដូច្នេះអ្នកនឹងបន្ថយល្បឿននៃការខិតខំធ្វើកិច្ចការងារនានាមិនខាន។ ប៉ុន្តែជាដំណោះស្រាយដើម្បីគេចចេញពីការធ្វើជាមនុស្សចូលចិត្តសម្រាកនៅថ្ងៃចុងសប្ដាហ៍ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  • ព្យាយាមហ្វឹតហាត់ចិត្តរបស់អ្នក៖ តាមរយៈការបង្ហាញនូវហេតុផលសំខាន់នានា ដើម្បីធ្វើឱ្យចិត្តរបស់អ្នកនៅតែមានការយកចិត្តទុកដាក់ និងមានការផ្ដោតអារម្មណ៍ខ្ពស់ក្នុងការបំពេញការងារឱ្យបានរួចរាល់ ដើម្បីភាពជោគជ័យក្នុងសប្ដាហ៍នីមួយៗ ដោយមិនឱ្យមានការរំខាននៃការមកដល់នូវថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកឡើយ។
  • បង្កើតបញ្ហាប្រឈមបន្ថែមទៀតសម្រាប់ខ្លួនឯង៖ មានន័យថា ប្រសិនបើកិច្ចការងាររបស់មិនទាន់រួចរាល់ ឬមិនទាន់មានលទ្ធផលដ៏អស្ចារ្យស្របតាមអ្វីដែលអ្នកចង់បាននោះទេ ចូរបង្កើននៃការកំណត់នូវឆន្ទះ ឬបន្ថែមកម្រិតភាពលំបាកដល់ខ្លួនឯងលើចំណុចមួយចំនួន ដើម្បីធ្វើឱ្យខ្លួនឯងអាចទទួលបាននូវអ្វីដែលបានកំណត់នោះ។ ព្យាយាមឱ្យអស់លទ្ធភាពដែលអ្នកមាន។
  • កិច្ចការបន្ទាប់បន្សំដែលអាចរំខាននៃការសម្រេចអ្វីមួយដែលអ្នកកំពុងធ្វើ៖ មានន័យថា ប្រសិនបើអ្នកមានកិច្ចការងារសាលា កិច្ចការងារផ្ទះ ឬការណាត់ជួបផ្សេងៗ និងការងារប្រចាំថ្ងៃនៅក្នុងជីវិតរបស់អ្នកក្រៅពីការងារសំខាន់ដែលអ្នកត្រូវធ្វើនៅក្រុមហ៊ុន អ្នកត្រូវតែកំណត់ពេលវេលាជាក់លាក់ក្នុងការធ្វើរឿងនោះ ដើម្បីការពារកុំឱ្យវាប៉ះពាល់ដល់ផលិតភាពការងាររបស់អ្នកនៅក្រុមហ៊ុនជាដើម។