ហេតុផលទាំង 6 នេះ​ ធ្វើឱ្យក្រុមលក់ មានការលក់មិនដាច់

144
ហេតុផលទាំង 6 នេះ​ ធ្វើឱ្យក្រុមលក់ មានការលក់មិនដាច់

អាជីវកម្មមួយអាចរីកចម្រើន និងអាចចំណេញបាន គឺកើតចេញពីប្រភពនៃផ្នែកលក់ច្រើនជាងគេ។ លក់ដាច់ ចំណូលក្រុមហ៊ុនក៏កើន ដូច្នេះទាមទារឱ្យក្រុមអ្នកលក់មានសមត្ថភាពក្នុងការលក់ខ្លាំង ប៉ុន្តែជាបញ្ហាចោទមានបញ្ហាមួយ គឺក្រុមអ្នកលក់ មិនអាចលក់ដាច់ឡើយ តើដោយសារមូលហេតុអ្វី?

ខាងក្រោមនេះ ជាហេតុផល ដែលធ្វើឱ្យក្រុមលក់ មានការលក់មិនដាច់ ៖

ហេតុផលទី1. មិនស្គាល់ច្បាស់ពីផលិតផលសេវាកម្ម

បញ្ហាចម្បងនៃការលក់មិនដាច់ គឺក្រុមអ្នកលក់មិនស្គាល់ច្បាស់ពីផលិតផលសេវាកម្មរបស់ក្រុមហ៊ុន ដែលជាហេតុធ្វើឱ្យការលក់មានភាពមិនរលូន និងអតិថិជនគ្មានទំនុកចិត្ត។ លើសពីនេះ ការដែលមិនស្គាល់ពីអ្វីដែលខ្លួនកំពុងលក់ នោះនឹងមានផលពិបាកយ៉ាងខ្លាំងក្នុងការនិយាយប្រាប់ទៅកាន់អតិថិជន និងធ្វើឱ្យអតិថិជនគ្មានចំណាប់អារម្មណ៍ឡើយ។

ដំណោះស្រាយ

បុគ្គលិកក្រុមអ្នកលក់ ត្រូវតែស្គាល់ច្បាស់អំពីផលិតផលសេវាកម្ម ដូចជា

  • លក្ខណៈពិសេសរបស់ផលិតផលសេវាកម្ម
  • គុណតម្លៃដែលផ្ដល់ជូនអតិថិជន តាមរយៈផលិតផលសេវាកម្ម
  • លក្ខណៈសម្បត្តិដែលផលិតផលសេវាកម្មអាចដោះស្រាយបញ្ហាអតិថិជន
  • ស្គាល់ច្បាស់ពីរបៀបប្រើប្រាស់

សារៈសំខាន់នៃការស្គាល់ផលិតផលសេវាកម្ម

  • ជំរុញការលក់បានលឿន
  • អាចផ្តល់សេវាកម្មដល់អតិថិជនកាន់តែប្រសើរជាងមុន
  • ក្រុមលក់មានកម្លាំងចិត្តខ្លាំងក្នុងការលក់
ហេតុផលទី2. គ្មានទំនុកចិត្តក្នុងការលក់

លក់មិនដាច់ ដោយសារតែអ្នកលក់គ្មានទំនុកចិត្តក្នុងការលក់។ ហេតុអ្វី? គ្មានទំនុកចិត្ត ដោយសារតែ៖

  • ពួកគេមិនដឹងពីរបៀបនិយាយលក់
  • មិនបន្សំាខ្លួនឯងក្នុងការជួបនិយាយជាមួយអតិថិជនឱ្យបានច្រើន
  • ចាញ់ច្រាបនឹងការជួបនិយាយលក់ជាមួយភ្ញៀវ
  • ធ្លាប់ត្រូវបានភ្ញៀវបដិសេធច្រើនដង
  • មិនធ្លាប់លក់ពីមុន

ដំណោះស្រាយ

  • ហ្វឹកហាត់ការនិយាយ
  • ទម្លាប់ញញឹមឱ្យបានច្រើន
  • ជួបនិយាយជាមួយអតិថិជនឱ្យបានច្រើន
  • លក់ដោយមានគោលបំណងច្បាស់លាស់
  • ស្គាល់ច្បាស់ពីផលិតផលសេវាកម្ម
  • រៀបចំខ្លួនឱ្យមានភាពរៀបរយល្អ
ហេតុផលទី3. មិនស្គាល់ថា នរណាជាអតិថិជនគោលដៅ

មិនស្គាល់អតិថិជនគោលដៅ គឺជាការខាតបង់ដ៏ធំ ពីព្រោះលក់ឱ្យមនុស្សខុស ខាតពេលវេលា ខាតទីផ្សារ និងពិបាកក្នុងការលក់ឱ្យដាច់បានលឿនណាស់។

ហេតុផលទី4. ផ្ដោតតែលើការលក់ខ្លាំងពេក

មនុស្សភាគច្រើន មិនចូលចិត្តស្ដាប់ការនិយាយដែលពោរពេញដោយការបង្ខំ និងការបិទការលក់នោះទេ ដូច្នេះក្នុងនាមជាអ្នកលក់ដ៏ល្អ ចូរកុំព្យាយាមនិយាយ ឬធ្វើសកម្មភាពណាដោយផ្ដោតខ្លាំងលើការលក់ខ្លាំងពេក ប៉ុន្តែត្រូវផ្ដោតលើបញ្ហារបស់អតិថិជន ដើម្បីដោះស្រាយ និងផ្ដល់អ្វីជាគុណប្រយោជន៍ឱ្យបានច្រើនដល់អតិថិជន។

ហេតុផលទី5. គ្មានសារចិត្តសាស្រ្តក្នុងការនិយាយបិទការលក់

ការដែលគ្មានសារចិត្តសាស្រ្ត ដោយរៀបរបៀបនិយាយ និងរៀបកម្រងសំណួរ-ចម្លើយត្រៀមសម្រាប់សន្ទនាជាមួយអតិថិជនទេ នោះគឺពិបាកខ្លាំងណាស់ ព្រមទាំងអាចធ្វើ​ឱ្យស្ថានភាពល្អបែរជាអាក្រក់ ឬធ្វើឱ្យក្រុមអ្នកលក់អាចឆ្លើយនឹងសំណួរទៅកាន់អតិថិជនមានលក្ខណៈខុសៗគ្នាប្រកបដោយភាពរអាក់រអួល។

សារចិត្តសាស្រ្តក្នុងការនិយាយបិទការលក់ រួមមាន៖

  • រៀបពាក្យពេចន៍ដើម្បីឆ្លើយតបនឹងបញ្ហាដែលអតិថិជនជួបប្រទះ
  • សារលម្អិតពីលក្ខណៈពិសេសនិងភាពខុសប្លែកពីគេនៃផលិតផលសេវាកម្មរបស់អ្នក
  • រៀបសារនិយាយនៃការបញ្ចុះតម្លៃពិសេស
  • រៀបចំរឿងរ៉ាវនានាពាក់ព័ន្ធនឹងរបៀបដែលផលិតផលសេវាកម្មរបស់អ្នកបានដោះស្រាយបញ្ហាអតិថិជនដទៃទៀតទទួលបានផលល្អ ។ល។

សរុបមក ត្រូវរៀបចំសារចិត្តសាស្រ្ត ដើម្បីនិយាយដោយធ្វើយ៉ាងណាអាចដោះស្រាយបញ្ហាអតិថិជន ផ្ដល់គុណតម្លៃអតិថិជន និងអាចធ្វើឱ្យអតិថិជនហ៊ានសម្រេចចិត្តបានលឿនក្នុងការចំណាយលុយលើការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក។ លើសពីនេះ ក្រុមអ្នកលក់ទាំងអស់ ក៏ត្រូវចេះពីរបៀបនិយាយតាមដែលសារចិត្តសាស្រ្តនោះបានរៀបរៀងឡើងនោះឱ្យបានស្ទាត់ជំនាញ។

ហេតុផលទី6. អ្នកដឹកនាំខ្សោយលើការរៀបចំយុទ្ធសាស្រ្តលក់

ក្រុមអ្នកលក់អាចខ្លាំងបាន លុះត្រាតែមានអ្នកដឹកនាំខ្លាំងដែរ ដោយខ្លាំងទាំងលក់ និងចេះរៀបយុទ្ធសាស្រ្តក្នុងលក់ឱ្យកាន់តែដាច់ ដូច្នេះអ្នកដឹកនាំ ជាចំណុចមួយសំខាន់។