spot_img
spot_img
Homeអនុវត្តន៍ហេតុអ្វីបុគ្គលិកខ្លាំងមិនអាចឈានដល់សក្តានុពលរបស់ពួកគេ?

ហេតុអ្វីបុគ្គលិកខ្លាំងមិនអាចឈានដល់សក្តានុពលរបស់ពួកគេ?

-

តាមការពិសោធន៍ មនុស្សភាគច្រើនមិនព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេទេ បន្ទាប់ពីពួកគេបានធ្វើការលើសពីប្រាំមួយខែ។ ហេតុអ្វីបានជាដូច្នេះ? មានមូលហេតុទូទៅ ចំនួន 3 យ៉ាង គឺដោយសារ៖

 1. ភាពមិនសមប្រកប៖ បុគ្គលិកដែលមានសមត្ថភាព ជ្រើសរើសក្រុមហ៊ុនខុស ដោយក្រុមហ៊ុននោះ អាចជាមិនសូវចេះវាយតម្លៃអំពីសមត្ថភាពរបស់បុគ្គលិក និងមិនចេះបែងចែកតួនាទីឱ្យសមស្របជាមួយនឹងសមត្ថភាពរបស់ពួកគេ ហើយសមជាមួយនឹងអ្វីដែលក្រុមហ៊ុនចង់បាន។
 2. ការមិនចុះសម្រុងគ្នា៖ ជារឿយៗដោយសារតែខ្សោយភាពជាអ្នកដឹកនាំ។
 3. កាលៈទេសៈផ្ទាល់ខ្លួន៖ មិនថាអ្នកណាម្នាក់មានជំនាញ និងមានទេពកោសល្យយ៉ាងណានោះទេ គុណវិបត្តិផ្ទាល់ខ្លួន និងការបរាជ័យជាញឹកញាប់នឹងរំខានដល់ភាពជោគជ័យក្នុងអាជីពរបស់ពួកគេ។

ហើយមូលហេតុទាំង3 នេះ ក៏ជាផ្នែកមួយដែលធ្វើឱ្យបុគ្គលិកខ្លាំងៗដែលមានទេពកោសល្យ តែងតែមិនអាចឈានដល់សក្ដានុពលរបស់ពួកគេ ដោយមិនបានធ្វើអ្វីដែលអាចសម្រេចបាននូវសមិទ្ធផលធំៗ។ ដូច្នេះដើម្បីកាន់តែលម្អិតបន្ថែមទៀត អ្នកអាចឈ្វេងយល់អំពីមូលហេតុនីមួយៗដូចខាងក្រោម៖

1. ភាពមិនសមប្រកប

ទេពកោសល្យរបស់មនុស្សម្នាក់ៗ គឺជាបុគ្គលិកលក្ខណៈចម្បងដែលបញ្ជាក់ពីភាពប៉ិនប្រសប់ក្នុងការបំពេញការងារ និងអាចធ្វើការងារបានល្អប្រសើរ ហើយភាគច្រើនក្រុមហ៊ុនធំៗតែងតែចង់បានពួកគេ។ ប៉ុន្តែអ្វីដែលជាបញ្ហាត្រង់ចំណុចនេះ ក្រុមហ៊ុនមួយចំនួនមិនសូវបានយកចិត្តទុកដាក់ក្នុងការវាយតម្លៃអំពីសមត្ថភាពរបស់បុគ្គលិកម្នាក់ៗទាំងការជ្រើសរើសបុគ្គលិកដំបូង និងវាយតម្លៃលទ្ធផលបុគ្គលិកដែលកំពុងធ្វើការជាមួយ ព្រមទាំងមិនបានវាយតម្លៃឱ្យសមស្របជាមួយនឹងវប្បធម៌ក្រុមហ៊ុនឱ្យបានត្រឹមត្រូវឡើយ។ ជាហេតុធ្វើឱ្យបុគ្គលិកដែលមានទេពកោសល្យខ្លាំង និងបុគ្គលិកផ្សេងទៀតមិនបានមើលឃើញពីតួនាទីផ្ទាល់ខ្លួន និងគោលដៅដែលស្ថាប័នចង់សម្រេចបានច្បាស់ឡើយ។

ជាដំណោះស្រាយ៖

មុននឹងសម្រេចចិត្តចូលធ្វើការនៅក្រុមហ៊ុនណាមួយ អ្នកត្រូវតែធ្វើការពិនិត្យឱ្យបានប្រុងប្រយ័ត្នអំពីក្រុមហ៊ុននោះ ដើម្បីធានាថាអ្នកបានយល់ច្បាស់ពីការងារ ក៏ដូចជាអ្វីដែលក្រុមហ៊ុននោះនឹងផ្ដល់ត្រឡប់មកវិញសម្រាប់អ្នក។ ហើយនៅពេលដែលអ្នកកំពុងបម្រើការនៅទីនោះ អ្នកក៏ត្រូវរៀនសង្កេតអំពីរបៀបនៃការវាយតម្លៃរបស់ក្រុមហ៊ុននោះ ថាតើមានទម្រង់នៃការវាយតម្លៃមានប្រសិទ្ធភាពឬទេ? តើការវាយតម្លៃនោះត្រឹមត្រូវឬទេ? តាមរយៈការវាយតម្លៃនោះ វាជួយដល់អ្នកកម្រិតណា? ធ្វើបែបនេះ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់អ្នក កាន់តែមានសក្ដានុពល ដើម្បីបញ្ចេញសមត្ថភាពលើតួនាទី និងតំណែងឱ្យសមស្របនឹងអ្វីដែលអ្នកចង់បាន និងឆាប់ទទួលបានភាពរីកចម្រើនលឿន។

2. ការមិនចុះសម្រុងគ្នា

ហេតុផលចម្បងដែលធ្វើឱ្យមនុស្សគ្មានការចុះសម្រុងគ្នាដើម្បីបំពេញការងារ គឺដោយសារពួកគេខ្វះភាពជាអ្នកដឹកនាំ។

ជាទូទៅ នៅពេលចូលធ្វើការលើកដំបូង អាចមិនទាន់មានភាពបញ្ហានេះទេ ប៉ុន្តែធ្វើការយូរៗទៅកាន់តែស្គាល់គ្នាច្រើន បញ្ហាក៏មានច្រើន និងអាចមានទំទាស់ខ្លះៗ ឬដោយសារហេតុផលជាច្រើនទៀត ដែលធ្វើឱ្យមនុស្សគ្មានភាពចុះសម្រុងគ្នា មិនថាបុគ្គលនោះមានសមត្ថភាពកម្រិតណានោះទេ ដូច្នេះតើធ្វើបែបណា ដើម្បីដោះស្រាយនូវបញ្ហានេះបាន?

ដំណោះស្រាយ៖
 • ជំហានដំបូង អ្នកអាចស្វែងរកបុគ្គលម្នាក់ ឬច្រើននាក់ ដើម្បីបំផុសគំនិតសម្រាប់អ្នក និងអាចជួយណែនាំដល់អ្នកបន្ថែម ព្រមទាំងជួយកែលម្អអ្នកប្រកបដោយគោលបំណងច្បាស់លាស់ និងស្ថាបនាលើអ្វីដែលអ្នកកំពុងអនុវត្តន៍នោះឱ្យកាន់តែមានភាពប្រសើរឡើង។
 • ចាប់ផ្ដើមបង្កើតឱកាស ក៏ដូចជាស្វែងរកពេលវេលាល្អសម្រាប់ខ្លួនឯង ក្នុងការចង់ចេះចង់ដឹង និងរៀនអ្វីថ្មីៗបន្ថែមទៀតនៅកន្លែងធ្វើការ។
 • រៀនភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារឱ្យបានច្រើន ព្រមទាំងរៀនទទួលស្គាល់ថាមនុស្សមានភាពខុសគ្នា ដូច្នេះរៀនស្ដាប់ និងទទួលយកអ្វីដែលពួកគេមាន ព្រមទាំងបើកចិត្តរៀនសូត្រពីពួកគេ និងសហការ ក៏ដូចជាហ៊ានសុំជំនួយពីមិត្តរួមការងារទាំងអស់។
 • ហ៊ានប្រឹក្សា ក៏ដូចជាហ៊ានប្រាប់ចៅហ្វាយរបស់អ្នក អំពីអ្វីដែលអ្នកអាចជួយ និងចង់ធ្វើកិច្ចការងារណាមួយ ទោះបីជាពេលនោះចៅហ្វាយរបស់អ្នកពុំទាន់មើលឃើញពីទេពកោសល្យរបស់អ្នកក៏ដោយ។

3. កាលៈទេសៈផ្ទាល់ខ្លួន

ទោះបីជាមនុស្សម្នាក់ៗកំពុងមានអាជីពការងារដែលត្រូវធ្វើក៏ដោយ ក៏ពួកគេតែងតែមានជីវិតផ្ទាល់ខ្លួន និងឯកជនភាពដែរ។ ដូច្នេះប្រសិនបើជីវិតផ្ទាល់ខ្លួនរបស់ពួកគេមានបញ្ហា ឬជួបវិបត្តិនានា នោះវាក៏មានឥទ្ធិពលដល់ភាពជោគជ័យក្នុងអាជីពការងារដែរ។

ក្នុងចំណុចនេះ ចង់បង្ហាញថា ទោះបីជាបុគ្គលនោះមានសមត្ថភាពខ្លាំងពូកែ និងមានទេពកោសល្យល្អក្នុងការបំពេញការងារ ក៏ពួកគេក៏អាចមានបញ្ហានៅក្នុងជីវិតផ្ទាល់ខ្លួន ហើយអាចប៉ះពាល់ដល់គុណភាពការងារផ្ទាល់ខ្លួនរបស់ពួកគេដែរ។

ជាដំណោះស្រាយ៖
 • បុគ្គលខ្លួនឯងត្រូវតែចេះបែងចែករវាងជីវិតផ្ទាល់ខ្លួន និងការងារ ដើម្បីអា​ចបន្តដំណើរឆ្ពោះទៅកាន់ភាពជោគជ័យលើអាជីពការងារ
 • ចេះស្វែងរកជំនួយ ដើម្បីជួយដោះស្រាយលើបញ្ហានានា មិនថាជាបញ្ហាជីវិត និងបញ្ហាការងារឱ្យបានទាន់ពេលវេលា
 • សុំការប្រឹក្សាយោបល់ជាមួយនឹងថៅហ្វាយនាយ ដើម្បីឱ្យគាត់ផ្ដល់ជាដំណោះស្រាយ និងជួយអ្នកលើចំណុចណាមួយ ដើម្បីកាត់បន្ថយសម្ពាធ ហើយបន្តបង្កើនផលិតភាពការងារ
 • ថៅហ្វាយនាយ ត្រូវតែចេះឈ្វេងយល់អំពីកាលៈទេសៈរបស់និយោជិត ដើម្បីធ្វើយ៉ាងណាឱ្យពួកគេកាន់តែមានផលិតភាពការងារ និងអាចដោះស្រាយបញ្ហាជីវិតផ្ទាល់ខ្លួន

 

ខ្លឹមសារដកស្រង់ចេញពី HARVARD BUSINESS REVIEW និងបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួន!

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ