ហេតុអ្វីផ្លែត្រសក់ផ្អែមនៅជប៉ុន អាចលក់បានមួយផ្លៃតម្លៃ  200 ដុល្លារ?

83
ហេតុអ្វីផ្លែត្រសក់ផ្អែមនៅជប៉ុន អាចលក់បានមួយផ្លៃតម្លៃ  200 ដុល្លារ?

ដំណាំផ្លែឈើអ្វីក៏ដោយ ភាគច្រើនមនុស្សតែងតែយល់ថា វាទាមទារការខិតខំថែទាំ និងចំណាយពេលយូរទម្រាំអាចប្រមូលផលបាន ព្រមទាំងអាចលក់បានក្នុងតម្លៃទាបនៅក្នុងទីផ្សារ។ ហើយនេះ ពិតជាការយល់ឃើញដ៏ត្រឹមត្រូវ​ ពីព្រោះវាពិតជាលក់បានតម្លៃទាប ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ប្រទេសជប៉ុនបានបម្លែងនូវភាពច្នៃប្រឌិតថ្មីមួយ ដោយអាចដាំដំណាំផ្លែត្រសក់ផ្អែមក្នុងរូបភាពប្លែក ហើយអាចលក់បានមួយផ្លែក្នុងតម្លៃ 200$ ឬអាចលក់បានលើសហ្នឹង។ ហេតុនេះ វាជាផ្នែកមួយជំរុញឱ្យកសិករផ្សេងទៀតទូទាំងប្រទេសមានសង្ឃឹមក្នុងកែច្នៃពីវិធីដាំដុះ និងបង្កើនយុទ្ធសាស្រ្តទីផ្សារដើម្បីអាចលក់ដំណាំផ្លែឈើផ្ទាល់ខ្លួនដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ។

តើប្រទេសជប៉ុនធ្វើបែបណា ទើបអាចលក់ផ្លែត្រសក់ផ្អែមក្នុងតម្លៃ 200$ ឬតម្លៃលើសហ្នឹងបាន?

Melons in Japan

1. ការបង្ហាញនូវរឿងរ៉ាវដ៏ទាក់ទាញសម្រាប់ដំណើរការដាំដុះ

នៅក្នុងចំណុចនេះ គេបានព្យាយាមធ្វើយ៉ាងណាដើម្បីបង្ហាញទៅកាន់មហាជននៅជប៉ុនឱ្យមានទំនុកចិត្ត និងកាន់តែមានចំណាប់អារម្មណ៍លើដំណាំផ្លែត្រសក់ផ្អែមរបស់ពួកគេ ព្រមទាំងហ៊ានចំណាយលើការទិញផ្លែត្រសក់នេះក្នុងតម្លៃ 200 ដុល្លារ ឬអាចលើសនេះ។

ការបង្ហាញនូវរឿងរ៉ាវនៃការដាំដុះនោះ ពួកគេបានបង្ហាញថា ការដាំដុះផ្លែត្រសក់ផ្អែមនេះ ត្រូវបានជ្រើសរើសយកពូជត្រសក់ដែលល្បី និងមានគុណភាពបំផុតប្រចាំប្រទេសជប៉ុន គឺ Crown melons។ ចំពោះការដាំដុះវិញ កសិករជ្រើសរើសការដាំដុះនៅខេត្ត Shizuoka ព្រមទាំងត្រូវចំណាយពេលមើលថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងរយៈពេល 100ថ្ងៃ។ បន្ថែមពីនេះ ពួកគេព្យាយាមធ្វើយ៉ាងណាឱ្យការដាំដុះផ្លែត្រសក់ផ្អែមនោះមានភាពល្អឥតខ្ចោះ ដើម្បីទទួលបាននូវរសជាតិដ៏ឆ្ងាញ់វិសេសវិសាល និងមានភាពល្អប្រណិតខុសពីការដាំដំណាំធម្មតា។

បន្ថែមពីនេះ ពួកគេអាចដាំផ្លែត្រសក់ប្រភេទនោះបានពេញមួយឆ្នាំ ពីព្រោះពួកគេមានបច្ចេកទេសក្នុងការដាំដុះ និងបច្ចេកទេសថែទាំបានយ៉ាងល្អបំផុត ទាំងបរិមាណទឹកដែលត្រូវស្រោច និងបរិមាណសីតុណ្ហភាពដើម្បីរក្សាវាឱ្យបានថេរពេញមួយឆ្នាំ។

2. កសាងកេរ្តិ៍ឈ្មោះ

ក្រៅពីការបង្ហាញអំពីដំណើរការដាំដុះ ដើម្បីធ្វើឱ្យមហាជនមានចំណាប់អារម្មណ៍ និងទទួលបានភាពប្លែកហើយ ពួកគេក៏ព្យាយាមបង្កើនទំនុកចិត្ត និងធ្វើឱ្យកេរ្តិ៍ឈ្មោះនៃដំណាំផ្លែត្រសក់ផ្អែមនេះកាន់តែមានភាពពេញនិយម និងល្បីល្បាញប្រចាំប្រទេសជប៉ុន តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់ និងការដាក់កម្រិតពិន្ទុលើផ្លែនីមួយៗទៅតាមរូបរាង និងកម្រិតនៃរសជាតិ។ ធ្វើបែបនេះ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ព្រមទាំងធ្វើឱ្យអតិថិជនមានផ្នត់គំនិតមួយថា វាពិតជាសក្តិសមនឹងតម្លៃខ្ពស់ និងពិតជាធានានូវគុណភាពល្អ។ ហើយវាក៏បានបង្ហាញថា ដំណើរការដាំដុះ និងការវាយតម្លៃលើគុណភាពផ្លែត្រសក់ សុទ្ធតែមានជំនាញច្បាស់លាស់ ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព។

ហេតុដូចនេះ បើនិយាយជារួមមក យើងអាចសន្មត់បានថា ពួកគេព្យាយាមបង្ហាញនូវសាច់រឿងដ៏ទាក់ទាញលើដំណើរការដាំដុះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការថែទាំបានល្អបំផុត ព្រមទាំងធានាទាំងរសជាតិ គុណភាព និងមានរូបរាងដ៏ប្រណិត។ អ្វីដែលកាន់តែសំខាន់ទៀតនោះ ពួកគេបានធ្វើឱ្យមនុស្សកាន់តែសម្លឹងឃើញនូវចំណុចខុសប្លែកពីគេនៃដំណាំផ្លែត្រសក់ផ្អែមរបស់ពួកគេផងដែរ។