ហេតុអ្វីហាងព្រះខ័នឬទ្ធិ អាចពង្រីកសាខាថ្មីបាន អំឡុងពេលផ្ទុះ Covid-19?

174

លោកស្រីសុង ស្រីនាង ម្ចាស់ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារគំនិត ដោយលោកស្រីបានមានប្រសាសន៍ថា ទោះបីជាប្រទេសកំពុងទទួលរងនូវវិបត្តិ Covid-19 យ៉ាងណាក៏ដោយ ក៏ហាងព្រះខ័នឬទ្ធិ លក់គ្រឿងសង្ហារឹម នៅតែអាចពង្រីកសាខាថ្មីមួយទៀតបាន កាលពីឆ្នាំ2020។

លោកស្រីក៏បានបន្តទៀតដែរថា កត្តាសំខាន់ 3 ដែលធ្វើឱ្យហាងព្រះខ័នឬទ្ធិ នៅតែអាចដំណើរការបាន និងអាចពង្រីកសាខាថ្មីអំឡុងពេលប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អ។

1.អាជីវកម្មចាប់ផ្ដើមពីក្ដីស្រលាញ់

លោកស្រីមានប្រសាសន៍ថា ការចាប់ផ្ដើមអាជីវកម្មដ៏ល្អ គឺត្រូវចាប់ផ្ដើមពីក្ដីស្រលាញ់ពិតប្រាកដ ទើបយើងមិនងាយឆាប់បោះបង់នៅពេលជួបឧបសគ្គណាមួយ ដោយជាក់ស្ដែងនៅពេលប្រទេសកំពុងរងវិបត្តិខ្លាំងពីជំងឺ Covid-19 គឺលោកស្រីមិនព្រមឱ្យអាជីវកម្មដែលជាក្ដីស្រលាញ់នេះត្រូវដួលរលំបានឡើយ ដូច្នេះលោកស្រីព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការសិក្សាបន្ថែម និងសុំការប្រឹក្សាយោបល់ពីមនុស្សជុំវិញ ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់លោកស្រីនៅតែអាចដំណើរការបានល្អទោះបីជាស្ថានភាពនៅក្នុងប្រទេសបែបណាក៏ដោយ។

2. ការត្រៀមខ្លួនជាមុន

ការត្រៀមខ្លួនជាមុនជារឿងសំខាន់ណាស់ ដូច្នេះលោកស្រីបានបន្ថែមត្រង់ចំណុចនេះថា ការធ្វើអាជីវកម្មតែងតែជួបបញ្ហាជាច្រើន 360o ហេតុនេះត្រូវមានការត្រៀមខ្លួនទុកមុនដើម្បីការពារបញ្ហានោះកើតឡើង គឺយើងមានដំណោះស្រាយរួចជាស្រេច។ ម្យ៉ាងទៀតពេលខ្លះ បញ្ហាមួយចំនួនយើងមិនបានដឹងមុននោះទេ ដូច្នេះជាបទពិសោធន៍របស់លោកស្រីផ្ទាល់ ដើម្បីត្រៀមខ្លួនទុកមុនឱ្យបានល្អ គឺទាមទារឱ្យយើងរៀនសូត្រពីបញ្ហាមុនៗដែលធ្លាប់ជួបប្រទះហើយគិតពិចារណាថា ប្រសិនបើបញ្ហានោះកើតឡើងម្ដងទៀត តើត្រូវធ្វើដូចម្ដេច? ហើយលោកស្រីតែងតែព្យាយាមស្វែងរកវីធីសាស្រ្តដើម្បីបម្លែងអាជីវកម្មយ៉ាងណាឱ្យមានភាពបត់បែនទៅតាមស្ថានភាព និងអាចដំណើរការបានបន្តទៀត។ លើសពីនេះ ក៏ត្រូវបន្តការសិក្សាបន្ថែមដើម្បីកែលម្អនូវរាល់ចំណុចខ្វះខាតនៅក្នុងអាជីវកម្ម និងស្វែងរកអ្នកប្រឹក្សាយោបល់ដើម្បីផ្ដល់ជាគំនិតនិងផ្ដល់ជាដំណោះស្រាយត្រៀមឱ្យបានរួចរាល់ផងដែរ។

3. ចាប់ឱកាស

អំឡុងពេលផ្ទុះ Covid-19 ខ្លាំង ទីតាំងដីដែលជាសាខាថ្មីរបស់ហាងព្រះខ័នឬទ្ធិគឺមានតម្លៃធូរថ្លៃមែនទៀត​ បើរកជួលដីដែលមានតម្លៃបែបនោះនាពេលបច្ចុប្បន្នគឺមិនអាចនោះទេ ដូច្នេះហើយលោកស្រីបានមើលឃើញឱកាសល្អ ក៏ចាប់យកឱកាសនោះដើម្បីជួលដីដែលមានតម្លៃល្អ ហើយមានទីតាំងក៏ល្អ ដោយយកមកពង្រីកសាខាថ្មី។ លោកស្រីក៏បានបន្តទៀតថា ទោះបីជាស្ថានភាពបែបណាក៏ដោយ វាតែងតែមានឱកាសនៅក្នុងនោះ ដូច្នេះកុំមើលឃើញតែពីបញ្ហាពេក ប៉ុន្តែ​ក៏ត្រូវរៀនរកមើលឱកាស និងចាប់យកឱកាសនោះដែរ​។

ផេកហាងព្រះខ័នឬទ្ធិ៖ Praskhanrith Furniture