ហេតុអ្វី អាជីវកម្មខ្នាតតូច ភាគច្រើនតែងតែបរាជ័យ?

55
ហេតុអ្វី អាជីវកម្មខ្នាតតូច ភាគច្រើនតែងតែបរាជ័យ?

ការចាប់ផ្ដើមអាជីវកម្ម បំណងដ៏ធំរបស់ម្ចាស់អាជីវកម្មបន្ទាប់ពីទទួលបានប្រាក់ចំណេញច្រើន ក៏ចង់ធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ប៉ុន្តែជាក់ស្ដែងចំពោះអាជីវកម្មខ្នាតតូច ភាគច្រើនតែងតែបរាជ័យ តើមានកត្តាអ្វីខ្លះ? ដូច្នេះខ្លឹមសារខាងក្រោម នឹងបង្ហាញពីកត្តាសំខាន់ៗដូចជា៖

1. ក្រុមហ៊ុនគ្មានចក្ខុវិស័យ (Vision)

ចក្ខុវិស័យ មានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្ម ពីព្រោះវាដើរតួជាផែនទីបង្ហាញផ្លូវដើម្បីជួយម្ចាស់អាជីវកម្មផ្ទាល់ និងក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យបានឃើញពីស្ថានភាពបច្ចុប្បន្នដែលកំពុងតែស្ថិតនៅ និងមើលឃើញពីភាពពាក់ព័ន្ធនៃដំណើរឆ្ពោះទៅរកគោលដៅដ៏សំខាន់នាពេលអនាគត។

ហើយភាគច្រើនក្រុមហ៊ុនធំៗដែលជោគជ័យ ភាគច្រើនគឺមានចក្ខុវិស័យច្បាស់លាស់ ដោយភ្ជាប់ជាមួយនឹងគោលបំណង និងបេសកកម្មរបស់ក្រុមហ៊ុនទាំងមូល។ លើសពីនេះ ការដែលមានចក្ខុវិស័យ ក៏ងាយស្រួលធ្វើផែនការអាជីវកម្មទាំងរយៈពេលខ្លី និងរយៈពេលវែងផងដែរ។

ប៉ុន្តែជាកំហុសដ៏ធំរបស់អាជីវកម្មខ្នាតតូចមួយចំនួន គឺមិនបានបង្កើតឱ្យមានចក្ខុវិស័យនៅក្នុងក្រុមហ៊ុន ជាហេតុធ្វើឱ្យអាជីវកម្មខ្នាតតូចៗ ដំណើរការអាជីវកម្មដោយគ្មានផែនទីច្បាស់លាស់ ដោយធ្វើតាមតែអ្វីនឹកឃើញប៉ុណ្ណោះ។ ហើយការធ្វើបែបនេះ ជាការខ្ជះខ្ជាយពេលវេលា លុយកាក់ និងកម្លាំងជាច្រើនក្នុងការដំណើរការអាជីវកម្មឱ្យកាន់តែរីកចម្រើននិងដើរលើវិថីមួយដ៏ត្រឹមត្រូវ។

2. គ្មានផែនការអាជីវកម្ម

ផែនការអាជីវកម្ម ពិតជាសំខាន់នៅក្នុងអាជីវកម្ម ពីព្រោះវាជាផែនទីដើម្បីដឹកនាំអ្នកឱ្យទទួលបានផលចំណេញច្រើន និងចៀសវាងហានិភ័យផ្សេងៗបានល្អ ហើយក្នុងផែនការអាជីវកម្មនេះ វារៀបរាប់លម្អិតអំពីទីផ្សារគោលដៅ ផែនការទីផ្សាររបស់អ្នក ការព្យាករណ៍ហិរញ្ញវត្ថុ បុគ្គលិក និងលក្ខណៈពិសេសនៃផលិតផលឬសេវាកម្មរបស់អ្នក។

លើសពីនេះ វាក៏ជាផែនការអាជីវកម្មរបស់អ្នកដែលផ្តល់នូវយុទ្ធសាស្រ្តដែលអ្នកត្រូវការដើម្បីផ្លាស់ទីពីស្ថានភាពបច្ចុប្បន្នរបស់អាជីវកម្មរបស់អ្នក ឱ្យឆ្ពោះទៅកាន់គោលដៅដែលអ្នកចង់បាន។

ដូច្នេះកំហុសរបស់អាជីវកម្មខ្នាតតូច គឺមិនបានរៀបចំឱ្យមានផែនការអាជីវកម្ម ដូច្នេះការដែលគ្មានផែនការអាជីវកម្មធ្វើតាមទេ នោះឱកាសនៃការសម្រេចបានជោគជ័យរបស់អ្នកត្រូវបានថយចុះយ៉ាងខ្លាំង ពីព្រោះការដែលមានផែនការ ប្រៀបដូចជាមានក្បួនដើម្បីធ្វើសកម្មភាពឱ្យបានលឿនក្នុងឆ្ពោះទៅកាន់គោលដៅ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច និងផ្សេងៗទៀត ត្រូវតែរៀបចំផែនការរបស់អ្នកដោយប្រុងប្រយ័ត្ន ហើយប្រើវាដើម្បីដឹកនាំវឌ្ឍនភាពអាជីវកម្មរបស់អ្នកឆ្ពោះទៅមុខជានិរន្ត និងអាចពង្រីកអាជីវកម្មកាន់តែធំជាងមុន។

3. គ្មានផែនការទីផ្សារ

ផែនការទីផ្សារ ជាការបង្ហាញពីជំហាននៃការធ្វើទីផ្សារដើម្បីលក់ផលិតផល ឬសេវាកម្មរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធជាងមុន។ លើសពីនេះ ការមានផែនការទីផ្សារ វានឹងជួយឱ្យអ្នកចំណាយលុយតិច តែបានផលច្រើន ព្រមទាំងប្រើប្រាស់កញ្ចប់ថវិកាធ្វើទីផ្សារឱ្យមានប្រសិទ្ធភាពនិងចំគោលដៅដែលចង់បាន។ ដូច្នេះអ្នកគួរតែមានផែនការទីផ្សារ ដែលបានកំណត់ដើម្បីកំណត់ពីរបៀបដែលអ្នកមានគម្រោងក្នុងការឈានដល់អតិថិជនគោលដៅរបស់អ្នក។

ជាក់ស្ដែង អាជីវកម្មខ្នាតតូច គឺមិនមានការរៀបចំផែនការទីផ្សារឡើយ ដែលជាហេតុធ្វើឱ្យការធ្វើទីផ្សាររបស់ពួកគេ ពេលខ្លះគ្មានបានផលល្អឡើយ ថែមទាំងចំណាយថវិកាអស់ជាច្រើនទៀតផង។

4. គ្មានការរំលឹកតាមដានអតិថិជន

ការមិនរំលឹកតាមដាននេះ សំដៅលើ ការមិនរំលឹកតាមដានអតិថិជនធម្មតា និងអតិថិជនគោលដៅរបស់អ្នក ពីស្ថានភាពប្រើប្រាស់ ក៏ដូចជាស្ថានភាពក្នុងការសម្រេចចិត្តទិញជាដើម។ ដូច្នេះហើយភាគច្រើន អាជីវកម្មខ្នាតតូច គឺគ្មានការតាមដានល្អឡើយ ហើយមិនយកចិត្តទុកដាក់ និងគ្មានវិជ្ជាជីវៈនៃការបណ្ដុះបណ្ដាលត្រឹមត្រូវជាមួយក្រុមបុគ្គលិកផ្នែកលក់ទាំងអស់។

លើសពីនេះ ការកង្វះការតាមដាន គឺអាចជាវិធីមួយធ្វើឱ្យបាត់បង់អតិថិជន និងពិបាកធ្វើឱ្យអតិថិជនចាស់ណែនាំឱ្យអតិថិជនថ្មីៗមកស្គាល់ពីម៉ាកយីហោអាជីវកម្មរបស់អ្នកណាស់។

ចូរចងចាំថា មិនថាវាជាការ​ call ការឆ្លើយតបសារ ឬការផ្តល់ផលិតផលសេវាកម្មដល់អតិថិជន ក៏ដូចជាអ្វីដែលបានសន្យា អ្នកត្រូវប្រាកដថាអ្នកបំពេញកិច្ចការទាំងនេះទាន់ពេលវេលាជូនអតិថិជន។ ការតាមដាន គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតទំនាក់ទំនងជាមួយអតិថិជនឱ្យបានយូរអង្វែង។ បន្ថែមពីនេះ វាមិនត្រឹមតែបង្ហាញថាអ្នកគោរពឱ្យតម្លៃអតិថិជនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្តង់ដារមួយដ៏ល្អក្នុងចំណោមអ្នកជំនាញអាជីវកម្ម។

5. ម្ចាស់អាជីវកម្ម ខ្សោយជំនាញដឹកនាំគ្រប់គ្រងចាត់ចែង

ក្នុងនាមជាម្ចាស់អាជីវកម្ម ការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងជារឿងសំខាន់ណាស់ ពីព្រោះមានរឿងជាច្រើនដែរត្រូវដឹកនាំគ្រប់គ្រងចាត់ចែងក្នុងអាជីវកម្មដើម្បីធ្វើឱ្យដំណើរការអាជីវកម្មកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ និងបន្តបន្ទាប់ទៀត រួមមានការដឹកនាំគ្រប់គ្រងចាត់ចែងបុគ្គលិក ក្រុមការងារពាក់ព័ន្ធ ហិរញ្ញវត្ថុ និងផ្សេងៗទៀតដែលមានក្នុងអាជីវកម្ម។

6. ក្រុមហ៊ុនខ្វះអ្នកជំនាញ

អ្នកជំនាញនៅក្នុងអាជីវកម្ម រួមមានអ្នកជំនាញធ្វើទីផ្សារ អ្នកជំនាញគ្រប់គ្រងហិរញ្ញវត្ថុ អ្នកជំនាញគ្រប់គ្រងធនធានមនុស្ស និងអ្នកជំនាញផ្នែកលក់ជាដើម ដោយម្ចាស់អាជីវកម្មមិនបានបណ្ដុះបណ្ដាលបុគ្គលិក ឬមិនបានជួលបុគ្គលិកអ្នកជំនាញផ្នែកនេះមកធ្វើការជាមួយ ដូច្នេះជាហេតុធ្វើឱ្យអាជីវកម្មខ្នាតតូចពិបាកក្នុងការរីកចម្រើនបន្តទៅមុខទៀត។

7. មិនស្គាល់អតិថិជនគោលដៅច្បាស់

អាជីវកម្មខ្នាតតូចមួយចំនួន អាចនៅមានភាពស្ទាក់ស្ទើ និងគ្មានភាពច្បាស់ឱ្យប្រាកដថា នរណាជាងតិថិជនគោលដៅជាចម្បងរបស់ពួកគេ ដែលជាហេតុធ្វើឱ្យពួកគេពិបាកក្នុងការវាយលុកទីផ្សារឱ្យចំនឹងគោលដៅឬដល់អតិថិជនរបស់ពួកគេ។ លើសពីនេះ មិនដឹងថា អតិថិជនគោលដៅរបស់ពួកគេស្ថិតនៅទីកន្លែងណា ជាប្រភេទមនុស្សបែបណាជាដើម។

8. មិនស្គាល់ពីដៃគូប្រកួតប្រជែង

អាជីវកម្មខ្នាតតូច ភាគច្រើនមិនស្គាល់ឬមិនបានសិក្សាឱ្យបានច្បាស់ពីដៃគូប្រកួតប្រជែងរបស់ពួកគេឡើយ ជាហេតុធ្វើឱ្យពួកគេបានបាត់បង់អតិថិជនជាបន្តបន្ទាប់ ដោយអតិថិជនបានទៅកន្លែងដៃគូប្រកួតប្រជែងដែលផ្ដល់ជូននូវអ្វីពិសេសលើសណាមួយដែលអ្នកមិនបានដឹង។ ដូច្នេះដើម្បីអាចរក្សាអតិថិជនបានយូរអង្វែង ចូរសិក្សាពីគូប្រជែងរបស់អ្នក ដើម្បីកុំឱ្យពួកគេវ៉ាដាច់អ្នក ជាពិសេសអ្នកត្រូវរិះរកអ្វីមួយដែលមានលក្ខណៈពិសេសណាមួយសម្រាប់ផ្ដល់ជូនអតិថិជនរបស់អ្នក ដោយដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចធ្វើដូច ឬធ្វើមិនបាន។