ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?

54
ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?

Social Media បើយើងនិយាយជាភាសាខ្មែរ គឺ “ប្រព័ន្ធផ្សព្វផ្សាយសង្គម” ហើយវាសំដៅលើគេហទំព័រ ឬជាកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចបង្កើត និងចែករំលែកមាតិការបស់ពួកគេបានយ៉ាងឆាប់រហ័សជាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស្ថិតនៅក្នុងពេលវេលាជាក់ស្តែងនៃតំបន់រស់នៅរបស់ពួកគេ។ បន្ថែមពីនេះ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរពិចារណាក្នុងការប្រើប្រាស់ រួមមានFacebook, Instagram, YouTube, TikTok និង Twitter។ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានទម្រង់នៃសកម្មភាពជាច្រើនដែលប្រើបច្ចេកវិទ្យាផងដែរ ដោយសកម្មភាពទាំងនេះរួមមានការចែករំលែកជារូបថត ការសរសេរប្លុក ហ្គេមអនឡាញ បណ្តាញសង្គម ការចែករំលែកវីដេអូ បណ្តាញអាជីវកម្ម ពិភពនិម្មិត ការពិនិត្យឡើងវិញ និងជាច្រើនទៀត។

ម្យ៉ាងវិញទៀត បើអ្នកជាម្ចាស់អាជីវកម្មទើបតែចាប់ផ្ដើមអាជីវកម្ម ហើយជាលក្ខណៈអាជីវកម្មខ្នាតតូចទៀតនោះ ដូច្នេះការជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជួយក្នុងអាជីវកម្ម គឺវាពិតជារឿងល្អខ្លាំងណាស់។ នៅត្រង់ចំណុចនេះ អ្នកប្រហែលជាមានចម្ងល់ហើយថា ហេតុអ្វីបានជាជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាជារឿងល្អសម្រាប់អាជីវកម្មខ្នាតតូចដែរ? ហេតុដូចនេះ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផលមួយចំនួន ដែលបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច។

សារៈសំខាន់នៃ Social Media សម្រាប់អាជីវកម្មខ្នាតតូច
1. បណ្ដុំអតិថិជនគោលដៅរបស់អ្នក

បើយោងតាមគេហទំព័រ SlideShare បានឱ្យដឹងថា ប្រជាជនសរុបនៅកម្ពុជាមានចំនួន 17.06 លាននាក់ ហើយក្នុងនោះអ្នកប្រើប្រាស់សកម្មលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានចំនួន 12.60 លាននាក់ ស្មើនឹង 73.9 ភាគរយនៃប្រជាជនកម្ពុជាសរុប ព្រមទាំងអ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួន 13.44 លាននាក់ ស្មើនឹង 78.8 ភាគរយនៃប្រជាជនសរុប។ ដូច្នេះបើយោងតាមទិន្នន័យនេះ បានបញ្ជាក់ឱ្យដឹងថាចំនួនប្រជាជនកម្ពុជាមានចំនួនច្រើនដែលកំពុងប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហេតុដូចនេះ នៅក្នុងចំណោមមនុស្សទាំងនោះ ច្បាស់ណាស់ក៏សម្បូរទៅដោយអតិថិជនគោលដៅរបស់អ្នកផងដែរ ដូច្នេះវាជាការងាយស្រួលក្នុងការចាប់យកឱកាសនេះដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីម៉ាកយីហោ និងផលិតផលសេវាកម្មរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

2. បង្កើនការយល់ដឹងអំពីម៉ាកយីហោ

នៅក្នុងចំណុចនេះទីមួយក៏បានបង្ហាញឱ្យយើងបានដឹងហើយថា ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងមានចំនួនដ៏ច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះវាជាឱកាសខ្លាំងបំផុតសម្រាប់អាជីវកម្មទើបតែបង្កើត ជាពិសេសអាជីវកម្មខ្នាតតូច។ ជាធម្មតាទេ អាជីវកម្មដែលពុំទាន់ធំ តែងតែពុំទាន់មានមនុស្សស្គាល់ និងជឿជាក់ឡើយ ដែលជាហេតុទាមទារឱ្យម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ឬច្រើន ដូចជាFacebook, Instagram, TikTok និងជាច្រើនទៀត ដើម្បីជំរុញការផ្សព្វផ្សាយអំពីផលិតផលសេវាកម្ម និងអំពីអាជីវកម្ម ក្នុងគោលបំណងធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់អំពីម៉ាកយីហោរបស់អ្នក រហូតឈានដល់ការក្លាយជាអតិថិជនដ៏ស្មោះត្រង់របស់អាជីវកម្មរបស់អ្នក។

3. ជំរុញការលក់

អ្នកអាចចាប់ផ្ដើមរៀបចំយុទ្ធសាស្រ្តទីផ្សារនៅលើបណ្ដាញសង្គមដែលអ្នកបានជ្រើសរើសនោះ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកឱ្យបានច្រើន ក្នុងគោលបំណងជំរុញការលក់។

អ្នកត្រូវដឹងថា មនុស្សសម័យឌីជីថល កំពុងមានការពេញនិយមជាខ្លាំងក្នុងការកម្ម៉ង់អីវ៉ាន់នៅតាមអនឡាញជាមួយម៉ាកយីហោណាដែលពួកគេជឿជាក់ និងមើលឃើញថាម៉ាកយីហោនោះក៏កំពុងមានអ្នកគាំទ្រច្រើនដែរនៅលើអនឡាញ។ ហេតុដូច្នេះហើយ ការដែលរៀបចំយុទ្ធនាការណ៍ជំរុញការលក់តាមអនឡាញនៅលើបណ្ដាញសង្គមនានា វាជារឿងសំខាន់ណាស់សម្រាប់អាជីវកម្មខ្នាតតូច ដើម្បីឈានដល់កម្រិតនៃភាពរីកចម្រើនអាជីវកម្មជាបន្តបន្ទាប់ទៀត។

4. ងាយស្រួលទំនាក់ទំនងជាមួយអតិថិជន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាទីកន្លែងមួយដែលម្ចាស់អាជីវកម្មទាំងអស់អាចបង្កើតសហគមន៍ជាមួយអតិថិជន ជាពិសេសការឆ្លើយតប និងទំនាក់ទំនងជាមួយអតិថិជនបានយ៉ាងរហ័សបំផុត ដែលជាហេតុធ្វើឱ្យទំនាក់ទំនងរវាងអតិថិជន ជាមួយអាជីវកម្មកាន់តែមានភាពជិតស្និតគ្នា។

គួរបញ្ជាក់ផងដែរថា ប្រសិនបើយើងគ្មានការប្រើប្រាស់ទំនងទំនងជាមួយអតិថិជនតាមរយៈបណ្ដាញសង្គមណាមួយនោះទេ នោះអាជីវកម្មរបស់យើងនឹងដើរថយក្រោយ និងមិនងាយឆាប់រីកចម្រើនទៅមុខឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើពឹងអាស្រ័យលើការទំនាក់ទំនងជាមួយអតិថិជនតាមរយៈផ្ញើសារ ឬអ៊ីម៊ែល ឬក៏ខលជាមួយអតិថិជន ក៏វាស្ថិតនៅកម្រិតបន្ទាប់បន្សំប៉ុណ្ណោះ។

5. ទទួលបានការ Feedback ពីអតិថិជនដោយស្មោះត្រង់

ជាទំនោរចិត្តរបស់អតិថិជន ប្រសិនបើយើងផ្ញើសារសួរ ឬក៏ខលសួរអំពីការ Feedback ច្បាស់ណាស់ យើងនឹងទទួលបាននូវកម្រិតនៃប្រសិទ្ធភាពដែលអតិថិជន Feedback ដោយចេញពីចិត្ត ដូច្នេះហើយមានតែនៅតាមបណ្ដាញសង្គមទេ ដែលមានកម្រិតនៃការ Feedback ពីអតិថិជនមានប្រសិទ្ធភាពច្រើនជាង តាមរយៈការបង្កើតសមាគមន៍អតិថិជនរបស់អ្នក ដើម្បីឱ្យពួកគាត់មានការជជែកគ្នាអំពីម៉ាកយ៉ហោរបស់យើង និងធ្វើការបញ្ចេញមតិយោបល់ដោយចេញពីចិត្តទាំងយោបល់ល្អ ឬមិនល្អ។

អ្នកគួរចងចាំថា ការបញ្ចេញយោបល់នៅលើបណ្ដាញសង្គម ភាគច្រើនពួកគេនិយាយនូវអ្វីដែលពួកគេជួបប្រទះជាក់ស្ដែង ពេលខ្លះអាចឃើញអ្នកផ្សេងបញ្ចេញយោបល់ច្រើន ក៏ចង់បញ្ចេញយោបល់ដែរ ឬក៏អតិថិជនខ្លះក៏អាចឆាតមកប្រាប់ផ្ទាល់ខ្លួនមានដែរ។ បន្ថែមពីនេះ ក្រោយពីអតិថិជន​ធ្វើការ Feedback មកកាន់ក្រុមហ៊ុននូវរាល់បទពិសោធន៍របស់ពួកគេ នោះវាជាផ្នែកមួយដែលយើងអាចសិក្សាដើម្បីកែតម្រូវ ឬពង្រឹងបន្ថែមលើចំណុចខ្វះខាត និងកាន់តែធ្វើឱ្យល្អជាងមុនៗជាដើម។