អ្នកទីផ្សារឌីជីថល(Digital Marketer)ត្រូវ​ចេះ​ជំនាញ​ចម្រុះ!

2097

​តើអ្នក​ដឹង​ទេ​ថា ​​​​ទំនួល​ខុស​ត្រូវ​របស់អ្នកទីផ្សារឌីជីថល ឬ​​Digital Marketer គឺ​ជាអ្វី? បេសកកម្ម​ចម្បង ​របស់​អ្នកទីផ្សារឌីជីថល ​គឺ​កសាងកេរ្តិ៍​ឈ្មោះ​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន ​ឬ​​ម៉ាក​សញ្ញា។ ហើយ​ពួក​គេ ​ត្រូវ​ផ្តល់លទ្ធផល ​នៃ​ការស្រាវជ្រាវ និង​ទិន្ន​ន័យ​ពាក់​ព័ន្ធ របស់​អតិថិជនទៅ​កាន់​ក្រុម​របស់​ខ្លួន​ ក្រុម​បុគ្គលិក​​លក់​ និង​ថ្នាក់​គ្រប់​គ្រង នៅ​ក្នុង​ស្ថាប័ន​ ដែល​គេ​បំរើ​ការ​ផង​ដែរ។ ​​​​​ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​មាន​តួ​នាទី​ ដូច​ទៅ​នឹង​ក្រុម​បុគ្គលិក​លក់​ដែរ ​គឺ​ជំរុញអតិថិជន​អោយ​ទិញ​។

ក្នុង​ពេល​បច្ចុប្បន្ន ​ការងារ​នេះ​មាន​ភាព​លំបាក ​កាន់​តែ​ខ្លាំង​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ​ ដោយ​សារ​តែ​ ច្រក​ផ្សព្វ​ផ្សាយ ​នៅ​តាម​ប្រព័ន្ធឌីជីថល មិន​មែន​មាន​តែ​មួយ​ ហើយ​ក្រុមហ៊ុន ​ដែល​គ្រប់​គ្រង​ប្រព័ន្ធទាំង​នោះ តែង​តែ​បន្ត​​អភិវឌ្ឍន៍ប្រព័ន្ធ​ដំណើរបស់​ពួក​គេ ឥត​ឈប់​ឈរ ​​ដើម្បី​ឲ្យ​វា​ដើរ​ទាន់​សម័យ​កា​ល ​​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុចក្រោយ ​និង​ដើម្បី​​រក្សា​បាន​នូវ​ភាព​ជឿនលឿន និង​ចំណាប់​អារម្មណ៍​​សម្រាប់អ្នក​ប្រើ​ប្រាស់​​។​ ដូច្នេះ​អ្នក​ទី​ផ្សារ​ឌីជីថល ​ត្រូវ​តែង​បង្វឹក​​សមត្ថភាព ​របស់​ខ្លួន​ជានិច្ច បើ​មិន​ដូច្នេះ​ទេ ​គេ​មិន​អាច​ឈរ​ជើង​ នៅ​ក្នុង​វិស័យ ​ដែលតែង​តែ​​លូត​លាស់ ​និង​មាន​បម្លាស់​ប្តូរ​នេះ​ទេ​! ក្រៅ​ពី​នេះ​អ្នក​ទីផ្សារ ​ត្រូវ​មាន​ជំនាញ​ចម្រុះ ​ដូច​ខាង​ក្រោម៖

១.អ្នកទីផ្សារឌីជីថលត្រូវ​ចេះ​ជំនាញ​សរសេរ​ និង​សរសេរ​ដោយ​ប្រើ​ភាព​ច្នៃ​ប្រឌិត​

សមត្ថ​ភាព​ក្នុង​ការ​សរសេរ គឺ​ជា​ចំណុច​យ៉ាង​សំខាន់​ណាស់ ​នៅ​ក្នុង​ការ​ងារ​ជាអ្នក​ទី​ផ្សារ ព្រោះ​ការងារ​របស់​អ្នក​ សឹង​តែង​គ្រប់​ជ្រុង ​សុទ្ធ​តែ​ពាក់​ពន្ធ​ទៅនឹងការ​សរសេរ​នេះ​ឯង​។​ ឧទាហរណ៍ ​អ្នក​ត្រូវ​បង្កើត​មាតិកា​ម៉ាឃីតធីង​ (content marketing) ដើម្បី​ផ្តល់​ពត៌មាន ​ដែល​មាន​ប្រយោជន៍ សម្រាប់​អតិថិជន​គោល​ដៅ ដើម្បី​កសាង​ទំនុក​ចិត្ត របស់​ពួក​គេ​មក​លើ​ក្រុម​ហ៊ុន​អ្នក​​​។​ ចំណែក​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម ​​(social media messaging) អ្នក​ត្រូវ​បង្កើត​សារ​ ដែល​ខ្លី​​និង​ងាយ​យល់​ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ របស់​អតិថិជន​គោល​ដៅ។ នៅក្នុងកិច្ច​ការ ទាំង​ពីរ​ខាង​លើ​នេះ ​ជោគជ័យ​គឺ​អាស្រ័យ​នៅ​លើ ​កម្រិត​នៃ​ការ​សរសេរ​របស់​អ្នក​។​ ​ប្រសិន​បើ​អ្នក​​ អាច​សរសេរ​បាន​ល្អ និង​មាន​គុណ​ភាព​ អ្នក​អាន​ប្រាកដ​ជា​ ចាប់​ផ្តើម​កត់​សម្គាល់ ​ពី​វត្ត​មាន​របស់​អ្នក ​នៅ​ក្នុង​ទីផ្សារ ​ឬវិស័យ​ដែល​អ្ន​ក​បំរើ​សេវាកម្ម ​ឬផ្គត់​ផ្គង់ផលិតផល​។

២.ចេះ​ប្រើប្រាស់ Facebook & Instagram

ការងារ​របស់​​អ្នកទីផ្សារឌីជីថល គឺ​មិន​នៅ​ឆ្ងាយ​ពី​បណ្តាញ​សង្គម​ ទាំងពីរនេះ​ឡើយ​ ព្រោះ​វា​ជា​​បណ្តាញ​សង្គម ដែល​ពេញ​និយម​បំផុត ​នៅក្នុង​​ប្រទេស​ខ្មែរ​យើង! នៅ​ឆ្នាំ​២០១៧​នេះ ​ចំនួន​អ្ន្​កប្រើ​ប្រាស់ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​​ចំនួន​ប្រមាណ៖

Facebook មាន​ប្រមាណ ​​៦លាន​នាក់ (ប្រភព​ក្រុមហ៊ុន ​Facebook)

Instagram​ មាន​ប្រមាណ​​ ៣លាន​នាក់​ (ប្រភព​ក្រុមហ៊ុន​ Facebook)

​៣.ត្រូវ​ចេះ​ឌីហ្សាញ​ ថតរូប ថត​វីដេអូ និង​កាត់​ត​រូបភាព​

ធម្មតា​ការងារ​ជាមួយ​បណ្តាញ​សង្គ​ម អ្នក​​តែងតែ​ត្រូវ​ដាក់​ រូបថត​ស្អាត​ៗ​ចូល​ទៅ​ បង្ហោះនៅ​ក្នុង​ផេក​។ អ្នក​អាច​យក ​រូបភាពទូទៅ​​ បាន​យ៉ាង​ងាយ​ពី​ក្នុង​ហ្គូហ្គល​។ ប៉ុន្តែ​អ្ន​ក​ក៏ត្រូវ​តែ ​បង្កើត​រូប​ភាព​ ដែល​ជា​របស់​ខ្លួន​ឯង​ដែរ ​ដូច​ជា​រូប​ភាព​នៃ​ផលិតផល ​និងសេវាកម្ម​របស់​អ្នក។​ ហើយ​នៅ​ពេល​មាន​រូប​ភាពស្អាត ហើយ​​អ្នកត្រូវ​តែ​ចេះ​ឌីហ្សាញ​ បន្តិច​បន្តួច​បន្ថែម​ទៀត​ ទៅ​លើរូប​ភាព​ទាំង​នោះ ដើម្បី​ឲ្យ​វា​មាន​លក្ខណៈ ស្រប​ជាមួយ​ម៉ាក​សញ្ញា របស់​អ្នក​ ដែល​គេ​តែស្គាល់​ថាជាការធ្វើ​​ Branding នោះ​ឯង។​ រួម​ផ្សំជាមួយ​រូបភាព​ អ្នក​ក៏​ត្រូវ​តែ​បង្កើត​វីដេអូ​ខ្លី​ៗ ដែល​បង្ហាញ​ពី​គុណតម្លៃ និង​​បង្កើន​អារម្មណ៍​ជាមួយ​អតិថិជន​គោលដៅផង​ដែរ​​។​

៤.អ្នក​ត្រូវ​ចេះ​​វិភាគ​ទិន្នន័យ!​

ចំណុច​ចុង​ក្រោយ ​ដែល​ខ្ញុំ​ចង់លើក​យក​មក​និយាយ ​គឺ​ជាការងារ​ដែល​ឈឺក្បាល​ជាង​គេ ​ដែល​មនុស្ស​ទូទៅ​ប្រាថ្នា​គេច​ចេញ។ ​​អ្នក​ឌីជីថល​ម៉ាឃីតធីង​ជារឿយៗ​ត្រូវ​ធ្វើ​ការ​សិក្សា​ទៅ​លើ​សិ្ថិតិ​ ដើម្បី​មើល​ពី​ដំណើរ​ការ​នៃ​គម្រោងផ្សព្វ​ផ្សាយ​។ វា​ជាកិច្ចការ​មួយ​ដែល​មិន​​អាច​គេច​ចេញ​បាន​ទេ ​ព្រោះវា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់់ ​នៅ​ក្នុង​ការ​ស្វែង​យល់​ពី​លទ្ធផល ​​(ប្រសិទ្ធភាព​និង​កង្វះ​ខាត​)​ នៃ​ផែន​ការ​ដែល​មាន​ដាក់​ចុះ​អនុវត្ត​!