អ្វីគួរដឹង មុនពេលចូលប្រឡូកក្នុងវិស័យទីផ្សារឌីជីថល

62
អ្វីគួរដឹង មុនពេលចូលប្រឡូកក្នុងវិស័យទីផ្សារឌីជីថល

នៅក្នុងសម័យនេះ ជាសម័យមួយដែលមនុស្សពេញនិយមនឹងការធ្វើទីផ្សារឌីជីថល ព្រមទាំងមានមនុស្សជាច្រើន ជាពិសេសយុវជនក្នុងប្រទេសកម្ពុជា គឺកំពុងចាប់អារម្មណ៍នឹងវិស័យមួយនេះ ដូច្នេះហើយតាមរយៈការចែករំលែករបស់លោក មាស សកល ដែលជាអ្នកប្រឡូកក្នុងវិស័យនេះ តាំងពីឆ្នាំ2013 មកម្ល៉េះ ហើយបច្ចុប្បន្នក៏ជាសហស្ថាបនិកផ្នែក Media Buyer នៅ Prodigy Marketing និងជាCertified Digital Marketing Professional ថែមទាំងជា Facebook Media Planning Professional បានពន្យល់បកស្រាយលម្អិតនៅក្នុងកម្មវិធីចែករំលែកនៅលើផេកឈ្មោះ ពន្លក ស្ដីអំពី “អ្វីដែលអ្នកគួរតែដឹង មុនពេលចូលប្រឡូកក្នុងវិស័យទីផ្សារឌីជីថល”។ ហើយខាងក្រោមនេះ ជាខ្លឹមសារពន្យល់លម្អិតរបស់លោក សកល ដែលអ្នកគួរតែរៀនសូត្របន្ថែម។

តើអ្វីជាទីផ្សារឌីជីថល?

ទីផ្សារឌីជីថល គឺជាការធ្វើទីផ្សារនៅលើប្រព័ន្ធអ៊ីនធឺណែត ដោយប្រើមធ្យោបាយនៃឧបករណ៍អេឡិចត្រូនិកដូចជាកុំព្យូទ័រ ទូរស័ព្ទជាដើម នៅក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីម៉ាកសញ្ញា ឬពីសេវាកម្មអាជីវកម្ម ឬស្ថាប័នណាមួយ។ ហើយទីផ្សារឌីជីថលនេះ គេមិនត្រឹមតែអនុវត្តន៍នៅលើអាជីវកម្មប៉ុណ្ណោះទេ សូម្បីតែស្ថាប័នរដ្ឋ ឬអង្គការផ្សេងៗក៏ប្រើទីផ្សារឌីជីថលនេះដែរ។

សារៈសំខាន់នៃទីផ្សារឌីជីថល

ទីផ្សារឌីជីថលនេះ មានសារៈសំខាន់ច្រើនណាស់សម្រាប់អាជីវកម្ម រួមមាន៖

ទី1. ចំណាយដើមលុយតិចជាងមុនលើការធ្វើទីផ្សារ ដោយអាជីវកម្មខ្នាតតូចក៏អាចមានលទ្ធភាពក្នុងការចំណាយដែរ

ទី2. មានប្រសិទ្ធភាពខ្ពស់ ដោយអាចជំរុញឱ្យអាជីវកម្មបង្កើតចំណូលបានច្រើន ជាងការចំណាយ (ទទួលបាន ROI ខ្ពស់ ដោយចំណាយតិច តែទទួលបានលទ្ធផលច្រើន)

ទី3. អាចវាស់វែងនៃលទ្ធផលបានលឿន

ទី4. ធ្វើឱ្យយើងកាន់តែងាយសម្រេចចិត្ត និងបទបែនកែប្រែយុទ្ធសាស្រ្តធ្វើទីផ្សារ លើសពីនេះ អាចកែអក្ខរាវិរុទ្ធ ឬព័ត៌មានខ្លឹមសារដែលខុសបានយ៉ាងរហ័ស

ទី5. អាចកំណត់និងចាត់ចំណាក់ថ្នាក់អតិថិជនគោលដៅ ដើម្បីផ្សព្វផ្សាយឱ្យបានត្រឹមត្រូវនឹងអ្វីដែលជាគោលបំណងដែលអ្នកចង់បានយ៉ាងងាយស្រួល

ប្រភេទនៃទីផ្សារឌីជីថល

ប្រភេទរបស់ទីផ្សារឌីជីថល មានច្រើនណាស់ ដោយយើងអាចសរុបជារួមបានថា ឱ្យតែការធ្វើទីផ្សារដែលប្រើឧបករណ៍អេឡិចត្រូនិកឬប្រើប្រព័ន្ធអ៊ីនធឺណែតដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ឬ ផ្សព្វផ្សាយពីអាជីវកម្ម និងផ្សព្វផ្សាយលើអ្វីផ្សេងៗទៀត គឺសុទ្ធតែជាការរាប់បញ្ចូលក្នុងការធ្វើទីផ្សារឌីជីថល ប៉ុន្តែប្រភេទទីផ្សារឌីជីថលដែលពេញនិយមក្នុងការប្រើប្រាស់​រួមមាន៖

  1. Content Marketing
  2. Social Media Marketing
  3. Email Marketing
  4. UX & UI Design

Platform ដែលអាចជួយឱ្យអាជីវកម្មរីកចម្រើនជាងមុន

ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារ ឬអ្នកទើបតែប្រឡូកក្នុងវិស័យឌីជីថល ត្រូវតែដឹង ឬតាមដានពី Platform ដែលចាប់ផ្ដើមពេញនិយម៖ សំដៅលើplatform ដែលមនុស្សចាប់ផ្ដើមពេញនិយមប្រើប្រាស់ ជាពិសេសត្រូវកំណត់ប្រភេទមនុស្សដែលជាគោលដៅអតិថិជនរបស់អ្នក ថាពួកគេពេញនិយមប្រើប្រាស់លើ Platform មួយណាជាងគេ បន្ទាប់មកជ្រើសរើស platform ទាំងនោះ ដើម្បីធ្វើទីផ្សារ។ platform ដែលកំពុងពេញនិយម រួមមាន Facebook, TikTok, Clubhouse និង Telegram (Voice chat) ជាដើម។

បទពិសោធន៍នៃការប្រឡូកនៅក្នុងវិស័យនេះ

តាមរយៈបទពិសោធន៍របស់លោក សកល ផ្ទាល់ បានឱ្យដឹងថា ដើម្បីអាចប្រឡូកនៅក្នុងវិស័យឌីជីថលនេះបាន គឺ

ទី1. ចាប់ផ្ដើមពីក្ដីស្រលាញ់លើវិស័យមួយនេះ

ដើម្បីដឹងថា ខ្លួនឯងស្រលាញ់ឬមិនស្រលាញ់ ត្រូវរៀនសង្កេតពីខ្លួនឯងថា តើនៅពេលដែលធ្វើកិច្ចការងារណាមួយដែលអ្នកស្រលាញ់នោះ អ្នកមានសកម្មភាពបែបណា និងមានអារម្មណ៍បែបណា? ហើយតាមបទពិសោធន៍របស់លោកសកល គឺនៅពេលដែលគាត់បានចាប់ផ្ដើមនៅលើវិស័យឌីជីថល គឺគាត់មានការប្រុងប្រយ័ត្នជាងមុន ដោយខ្លាចមានបញ្ហាណាមួយកើតឡើង និងតែងតែគិតអំពីភាពប្រសើរឡើងលើកិច្ចការងារទាំងនោះ ដូច្នេះទើបគាត់ដឹងថា ការងារពាក់ព័ន្ធនឹងទីផ្សារឌីជីថល គឺជាជំនាញមួយដែលគាត់ស្រលាញ់។

ទី2. មើលឃើញឱកាសនិងចាប់យកឱកាស

មានន័យថា នៅពេលដែលអ្នកបានដឹងថា ខ្លួនឯងស្រលាញ់លើវិស័យឌីជីថលហើយ ជំហានបន្ទាប់អ្នកត្រូវមើលឱកាស ថាតើជំនាញដែលអ្នកកំពុងស្រលាញ់នោះ តើវានឹងមានឱកាសអ្វីសម្រាប់អ្នកនាពេលអនាគត? បន្ទាប់មកត្រូវតែខិតខំដើម្បីចាប់យកឱកាសនោះ។ ឧទាហរណ៍ តាមបទពិសោធន៍របស់លោកសកល គឺគាត់បានមើលឃើញឱកាសថា នៅក្នុងវិស័យឌីជីថល មានរឿងរ៉ាវច្រើនណាស់ដែលត្រូវចេះ និងនៅស្រុកខ្មែរ មានការខ្វះអ្នកជំនាញច្រើននៅលើវិស័យមួយនេះ ដូច្នេះហើយទើបគាត់ចាប់ផ្ដើមខិតខំប្រឹងប្រែងដើម្បីបម្លែងខ្លួនឯងក្លាយជាអ្នកជំនាញ ក្នុងការចាប់យកឱកាសការងារឱ្យកាន់តែធំទូលាយ និងអាចក្លាយជាអ្នកធ្វើជំនួញដ៏ធំលើវិស័យនេះ។ លើសពីនេះ ក៏អាចជាចំណែកដ៏ធំក្នុងការជួយប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាងមុន តាមរយៈការជួយបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយឱ្យក្លាយជាអ្នកជំនាញកាន់តែច្រើននៅក្នុងប្រទេស។

មូលដ្ឋានគ្រឹះចំពោះអ្នកដែលចង់ចាប់ផ្ដើមលើវិស័យនេះដំបូង

វិស័យឌីជីថល មានមនុស្សជាច្រើនបានចាប់អារម្មណ៍ ប៉ុន្តែវាមិនងាយស្រួលក្នុងការរៀនឡើយ ហើយអ្វីដែលជាបញ្ហាចោទដំបូងដែលមនុស្សភាគច្រើនយល់ច្រលំនៃការចាប់ផ្ដើមលើវិស័យនេះ គឺភាគច្រើនពួកគេចាប់ផ្ដើមរៀនដំបូង គឺ

  • រៀនពីរបៀបប្រើប្រាស់ឧបករណ៍នានា ដើម្បីធ្វើការផ្សព្វផ្សាយ
  • បើរៀនពីរបៀបគ្រប់គ្រងផេក គឺចាប់ផ្ដើមដំបូងដោយរៀនពីរបៀបបង្កើតផេក រៀនពីរបៀបរចនាកម្របទំព័រដើម (Design Cover) ធ្វើProfile និងរបៀបកំណត់ព័ត៌មានផេក ព្រមទាំងចាប់ផ្ដើមធ្វើតែម្ដង
  • បើរៀន boost វិញ គឺចាប់ផ្ដើមភ្លាម ដោយ boost post ចាប់ផ្ដើម Run Ads ចាប់ផ្ដើមរៀន Ads manager ហើយក៏សន្មត់ថាខ្លួនឯងរៀនចេះហើយជាដើម

ហើយការធ្វើបែបនេះ ដូចរៀបរាប់ខាងលើ គឺគ្មានការរីកចម្រើនបានវែងឆ្ងាយឡើយ ដោយយើងចាប់ផ្ដើមធ្វើ វាគ្រាន់តែជាការធ្វើនោះទេ ពីព្រោះមានរឿងជាច្រើនពាក់ព័ន្ធនឹងវិស័យនេះ ដូច្នេះទាមទារឱ្យមានការចាប់ផ្ដើមពីមូលដ្ឋានត្រឹមត្រូវ។ ដូច្នេះបើយោងតាមប្រសាសន៍របស់លោក សកល បានបកស្រាយថា តាមរយៈបទពិសោធន៍របស់គាត់ ហើយគាត់គិតថាល្អសម្រាប់អ្នកដែលអាចចាប់ផ្ដើមបាន គឺមានមូលដ្ឋានគ្រឹះមួយចំនួនដែលអ្នកត្រូវតែរៀន មានដូចខាងក្រោម៖

1. រៀនពីអាជីវកម្ម

នៅពេលដែលយើងរៀនពីអាជីវកម្មហើយ ទើបយើងអាចអនុវត្តន៍ឌីជីថលឱ្យត្រូវជាមួយនឹងអាជីវកម្មនីមួយៗបានល្អ។

2. រៀនពីការធ្វើទីផ្សារបែបប្រពៃណី

ជាឧទាហរណ៍ជាក់ស្ដែង នៅភោជនីដ្ឋានមួយ ដោយគេបានប្រើម៉ាស៊ីនប៉ុស្ដិ៍ ដែលវាជាការធ្វើទីផ្សារបែបប្រពៃណី ហើយនៅពេលមនុស្សចូលមកញុំានៅទីនោះ នឹងមានការកត់ត្រា(Record) ព័ត៌មានទុកទាំងអស់ រីឯការធ្វើទីផ្សារឌីជីថល វាអាចជាការផ្សព្វផ្សាយជំរុញឱ្យមានមនុស្សបានឃើញ និងចាប់អារម្មណ៍។ សំណួរសួរថា តើធ្វើដូចម្ដេចទើបដឹងថា មនុស្សប៉ុន្មាននាក់ដែលមកញុំាជាអ្នកបានឃើញតាមរយៈ run ads និងប៉ុន្មាននាក់ដែលមិនបានឃើញ? ជាចម្លើយ ដើម្បីអាចដឹងព័ត៌មានច្បាស់ ទាល់តែយកការធ្វើទីផ្សារបែបប្រពៃណីមកប្រើផ្គុំគ្នាជាមួយនឹងការធ្វើទីផ្សារឌីជីថល។

ដូច្នេះក្រៅពីរៀនពីឧបករណ៍នានារបស់ឌីជីថល ក៏ត្រូវឈ្វេងយល់ពីទីផ្សារបែបប្រពៃណីដែរ ដើម្បីយកមកប្រើផ្គុំគ្នាជាមួយការធ្វើទីផ្សារឌីជីថល ហើយការធ្វើបែបនេះ គេកំណត់ឈ្មោះថា ការធ្វើទីផ្សារ 360 ។

3. ឈ្វេងយល់ពីឥរិយាបទអ្នកប្រើប្រាស់តាមបណ្ដាញសង្គម​ឬអ្នកនៅលើអនឡាញ

ឧទាហរណ៍ នៅក្នុងអាជីវកម្មមួយមានលក់កំសៀវទឹក តម្លៃ25$ ដោយលក់នៅក្នុងហាងផ្ទាល់ ភ្ញៀវចូលមកដល់ហាង ក៏យកកំសៀវទឹកនោះដាក់ចូលកន្រ្តកអីវ៉ាន់ ដោយមិនបានសួរម្ចាស់ហាងថាតម្លៃប៉ុន្មានទេ ព្រោះបានឃើញផ្លាកតម្លៃរួចហើយ ហើយក៏ដើរទៅគិតលុយ ប៉ុន្តែបើដាក់លក់កំសៀវដែលមានតម្លៃដដែល មកលក់លើអនឡាញវិញដោយភ្ជាប់នឹងតម្លៃ ប៉ុន្តែមនុស្សនៅតែសួរថា តម្លៃប៉ុន្មាន?

ហើយទាំងនេះ គ្រាន់តែជាឧទារហណ៍មួយទេ ដូច្នេះអ្នកត្រូវតែឈ្វេងយល់បន្ថែមពីឥរិយាបទរបស់អតិថិជនរបស់អ្នកដែលមាននៅលើប្រព័ន្ធអនឡាញ ថាពួកគេភាគច្រើនទិញតាមអនឡាញបែបណា? ហើយហេតុអ្វីពួកគេសួរតម្លៃហើយ បែរជាមិនទិញ? ។ល។ បន្ទាប់មកត្រៀមយុទ្ធសាស្រ្តដើម្បីបំពេញតម្រូវការពួកគេឱ្យចំទិសដៅនិងងាយបិទការលក់។

4. សិក្សាពី Platform

ការឈ្វេងយល់ពី platform ជារឿងសំខាន់ណាស់ ពីព្រោះវាកាន់តែធ្វើឱ្យការផ្សព្វផ្សាយរបស់អ្នកកាន់តែមានគុណភាពល្អ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ដោយធ្វើឱ្យអ្នកដឹងយ៉ាងច្បាស់ថា មាតិកាបែបណាអាចប្រើលើplatformមួយណាដែលល្អជាដើម។

5. ការបង្កើតមាតិកា

ចំពោះការបង្កើតមាតិកាជារឿងសំខាន់ណាស់ ដូច្នេះប្រសិនបើមិនចេះឬមិនយល់ គឺជាបញ្ហា ដូច្នេះទាមទារឱ្យអ្នកសិក្សា ក៏ដូចជាឈ្វេងយល់ពីរបៀបបង្កើតមាតិកានេះឱ្យបានច្រើន ជាពិសេសអ្នកដែលទើបតែចង់ប្រឡូកនៅក្នុងវិស័យមួយនេះ។ ម្យ៉ាងវិញទៀត ចំពោះម្ចាស់អាជីវកម្មវិញ មិនចាំបាច់ចេះក៏បាន ប៉ុន្តែត្រូវតែយល់ ដើម្បីងាយស្រួលក្នុងការជួលអ្នកដទៃឱ្យមកបង្កើតមាតិកាជំនួសឱ្យអ្នក ឱ្យត្រូវជាមួយនឹងគោលបំណងដែលអ្នកចង់បាន មិនមែនជួលគេហើយ ខ្លួនឯងមិនយល់នោះទេ វាអាចជាបញ្ហា។

គេហទំព័រដែលអ្នកគួរតែរៀនសូត្របន្ថែម

ចំពោះសិស្សនិស្សិតដែលទើបតែប្រឡូកក្នុងវិស័យនេះថ្មីៗ ចូរចំណាយពេលវេលាឱ្យច្រើនលើការសិក្សា ដោយខាងក្រោមនេះ ជាគេហទំព័រមួយចំនួនដែលសិក្សាឥតគិតថ្លៃហើយបញ្ចូលនូវមេរៀនលម្អិតច្រើន រួមមាន៖

  1. Google Digital Garage៖ ចំពោះអ្នកចង់រៀនពីការផ្សព្វផ្សាយលើ Google គេហទំព័រនេះគឺល្អបំផុតសម្រាប់អ្នក ហើយចំពោះទូរស័ព្ទដៃ អាចចេញយកកម្មវិធីឈ្មោះថា Google Primer។
  2. HubSpot Academy៖ ចំពោះគេហទំព័រនេះ ភាគច្រើនផ្ដោតច្រើនលើការបង្កើតមាតិកា ដូច្នេះបើអ្នកចង់យល់ច្បាស់ពីបង្កើតមាតិកានិងចំណេះដឹងទូទៅ គេហទំព័រនេះគឺល្អបំផុតសម្រាប់អ្នក។
  3. TikTok Ads Academy៖ ចំពោះអ្នកចង់រៀនពីការផ្សព្វផ្សាយលើ TikTok គេហទំព័រនេះគឺល្អបំផុតសម្រាប់អ្នក។
  4. Facebook Blueprint៖ ចំពោះអ្នកចង់រៀនពីការផ្សព្វផ្សាយលើ Facebook គេហទំព័រនេះគឺល្អបំផុតសម្រាប់អ្នក។

ចំពោះបុគ្គលិក បើចង់រីកចម្រើនលើវិស័យនេះ តើត្រូវធ្វើដូចម្ដេច?

ជម្រើសដ៏ល្អ គឺត្រូវតែស្វែងរកកន្លែងណា​ដែលសម្បូរឬមានអ្នកជំនាញលើវិស័យនេះក្នុងផ្នែកណាមួយដែលអ្នកចង់យល់ច្បាស់និងស៊ីជម្រៅ ដើម្បីធ្វើការនិងរៀនសូត្រជាមួយពួកគាត់ឱ្យបានច្រើនលើស្ថានភាពជាក់ស្ដែងនិងយកអនុវត្តន៍ភ្លាមៗ នោះអ្នកនឹងឆាប់រីកចម្រើនបានលឿន។

ចែករំលែកដោយ៖ លោក មាស សកល នៅក្នុងផេក ពន្លក