អ្វីដែលអ្នកត្រូវគ្រប់គ្រងឱ្យបាននៅក្នុងជីវិតប្រចាំថ្ងៃ

20
អ្វីដែលអ្នកត្រូវគ្រប់គ្រងឱ្យបាននៅក្នុងជីវិតប្រចាំថ្ងៃ

នៅក្នុងជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗសុទ្ធតែមានភារកិច្ចដែលត្រូវបំពេញនិងគ្រប់គ្រងជាច្រើន ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញចំណុច 4 ផ្នែកដែលយើងត្រូវតែគ្រប់គ្រងឱ្យបានល្អសម្រាប់ជីវិតប្រចាំថ្ងៃ ដើម្បីធ្វើឱ្យស្ថានភាពរស់នៅកាន់តែមានភាពល្អប្រសើរជានិច្ច។

1. គ្រប់គ្រងការចាយវាយហិរញ្ញវត្ថុប្រចាំថ្ងៃ ដើម្បីឱ្យការចំណាយបានត្រឹមត្រូវ

ការប្រើប្រាស់លុយប្រចាំថ្ងៃ វាជារឿងដែលយើងត្រូវគិតគូរមុននឹងសម្រេចចិត្តថាចំណាយលើអ្វីមួយ ពីព្រោះមនុស្សភាគច្រើនតែងតែចាយវាយតាមតែអារម្មណ៍ចង់បានមួយឆាវៗប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យពួកគេជួបវិបត្តិហិរញ្ញវត្ថុ និងគ្មានថ្ងៃមានស៊េរីភាពផ្នែកហិរញ្ញវត្ថុ។

ហេតុដូចនេះ ដើម្បីធ្វើឱ្យខ្លួនឯងមានស៊េរីភាពផ្នែកហិរញ្ញវត្ថុ ព្រមទាំងអាចសល់លុយច្រើននាពេលអ្នកមានអាយុច្រើន ចំណុចដំបូងត្រូវតែចេះគ្រប់គ្រងការចាយវាយប្រចាំថ្ងៃ ដោយធ្វើយ៉ាងណាឱ្យការប្រើប្រាស់លុយមានប្រយោជន៍ និងមានការចំណាយបានត្រឹមត្រូវ។

2. គ្រប់គ្រងរបៀបធ្វើសកម្មភាពជាប្រចាំ ថាចំណាយពេលលើអ្វីខ្លះ?​

សកម្មភាពប្រចាំថ្ងៃរបស់អ្នក នឹងឆ្លុះបញ្ចាំងឱ្យឃើញពីវាសនានាពេលអនាគតរបស់អ្នក ហេតុដូច្នេះបើអ្នកចង់មានអនាគតមួយដ៏ល្អ ចូរធ្វើឱ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នកឱ្យបានល្អ ដោយវាអាចជួយអ្នកឱ្យមានសមត្ថភាពរីកចម្រើនជាប្រចាំ។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងដែរថាដើម្បីអាចធ្វើឱ្យខ្លួនឯងទទួលបានអ្វីដែលខ្លួនឯងចង់បាននាពេលអនាគត អ្នកក៏ត្រូវសួរខ្លួនឯងថា តើអ្នកគួរចំណាយពេលវេលាលើអ្វីខ្លះ? តើមិនគួរចំណាយពេលវេលាច្រើនលើអ្វីខ្លះ?

3. គ្រប់គ្រងអាកប្បកិរិយា និងរបៀបនិយាយរបស់ខ្លួនឯង

អ្នកមិនអាចផ្លាស់ប្ដូរផ្នត់គំនិត និងសកម្មភាពរបស់អ្នកដទៃបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងខ្លួនឯងបាន ទាំងការគ្រប់គ្រងអាកប្បកិរិយា របៀបនិយាយ អារម្មណ៍ និងផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត ការគ្រប់គ្រងអាកប្បកិរិយា និងរបៀបនិយាយរបស់អ្នក វានឹងជួយឱ្យអ្នកមានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃមិនខាន គ្រាន់តែថា វាក៏ត្រូវការពេលវេលាក្នុងការហ្វឹកហាត់ខ្លួនឯងដើម្បីគ្រប់គ្រងផងដែរ។

4. គ្រប់គ្រងរបៀបសេពគប់ជាមួយមនុស្សជុំវិញ

ការសេពគប់ ជារឿងសំខាន់ណាស់ ពីព្រោះបើសេពគប់មនុស្សខុស អ្នកក៏នឹងងាយដើរផ្លូវខុស ប៉ុន្តែបើសេពគប់មនុស្សត្រូវ អ្នកក៏ឆាប់រីកចម្រើននៅក្នុងជីវិតផងដែរ ដូចពាក្យចាស់លោកពោលថា សេពគប់ចោរ អ្នកនឹងក្លាយជាចោរដូចគ្នា ប៉ុន្តែសេពគប់បណ្ឌិត អ្នកនឹងក្លាយជាបណ្ឌិត។ ហេតុដូច្នេះ មុននឹងសេពគប់នរណា អ្នកត្រូវតែមានការប្រុងប្រយ័ត្ន និងគ្រប់គ្រងរបៀបសេពគប់ជាមួយមនុស្សឱ្យបានល្អ ដើម្បីចៀសវាងការសេពគប់មនុស្សខុស។