អ្វីទៅជាថាមពលនៃការគិតបែបអវិជ្ជមាន?

1907

លទ្ធផល​ដែល​អាច​សម្រេច​បាន​វា​អាស្រ័យ​ដោយការគិត​របស់​អ្នកមិនថា​ជា​បែប​វិជ្ជមាន​ឬអវិជ្ជមាន​នោះទេ។ អ្នក​មាន​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​យើងងាយ​នឹង​គិត​អវិជ្ជមាន​ម្លេ៉ះ​? ជួនកាល​វា​កើត​មក​ឯកឯង​ដោយ​មិន​ចាំបាច់​អញ្ជើញនោះ​ទេ​។ ចុះហេតុ​អ្វី​ក៏​យើង​ពិបាក​លើកទឺកចិត្ត​ខ្លួន​ឯង​ឲ្យ​គិត​អ្វី​ដែល​វិជ្ជមាន? តើ​វា​មាន​តាំង​ពី​កំណើត​ឬ? ទាំង​នេះ​ប្រហែល​ជា​សំណួរ​ដែល​កើត​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរហើយ។ ​ជា​ការ​ពិត​ដែល​ពួកវា​គឺ​សុទ្ធតែ​មាន​ថាមពលទាំង​បែបវិជ្ជមាននិង​អវិជ្ជមាន។

គំនិត​នាំឲ្យ​កើត​ជាទង្វើ​​និង​​លេចចេញ​ជា​វិធីសាស្រ្ត​ យុទ្ធសាស្ត្រ​ ផែនការណ៍ ​ការបែងចែក​ពេល​វេលាជាដើម​ដើម្បី​ឲ្យ​មនុស្ស​​អាចទៅដល់​អ្វី​ដែល​ខ្លួន​ធ្លាប់​គិតទុក។​ របៀប​ដែលមនុស្ស​ម្នាក់គិត​នឹង​កំណត់​ថា​តើ​លទ្ធផល​ចេញ​មកគឺ​វិជ្ជមាននិង​មាន​ប្រយោជន៍​ឬ​អវិជ្ជមាន​និង​មាន​ផល​ប៉ះពាល់។ ហេតុ​នេះ​គំនិត​អវិជ្ជមាន​គឺ​ជា​ដំណើរ​ការ​នៃការគិតរបស់​មនុស្ស​​ទោរទន់​ទៅ​រកការ​យល់​ឃើញ​តែចំណុច​​អាក្រក់​នៅ​ក្នុង​​អ្វី​ៗគ្រប់យ៉ាង​។ ម្យ៉ាងទៀតវាក៏​ជា​ការ​កាត់​បន្ថយ​ការរំពឹងទុក​របស់គេដោយ​ពិចារណា​តែ​រឿងរ៉ាវ​មិនល្អ​តែ​ប៉ុណ្ណោះ។ បើជួបប្រទះ​បញ្ហា​មនុស្ស​ដែល​មានគំនិត​អវិជ្ជមាន​គឺ​ងាយ​នឹង​ដួល​បំផុត​ព្រោះមិនទាន់​ទាំងបាន​ដោះស្រាយ​ផងគេ​ក៏គិត​ថា​មិនអាចទៅរួចបាត់ទៅហើយ។ ដូចនេះ​មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុ​ដូច​ម្តេច​បានជា​អ្នក​មិនជោគជ័យ​ព្រោះ​អ្នក​សន្សំ​តែ​គំនិត​អវិជ្ជមាន​ទុកនិង​អនុញ្ញាត​ឲ្យ​គំនិត​អវិជ្ជមាន​ដឹកនាំជីវិត​របស់អ្នក។

តើ​ការគិត​បែប​អវិជ្ជមាន​មាន​ប្រភព​មកពីណា? បរិយាកាស​និង​បរិស្ថាន​ដែល​យើង​រស់​នៅ​អាច​ថា​មានឥទ្ធិពល​ចំពោះការគិត​របស់​យើង​ដែរ។ បើអ្នក​រស់​នៅ​ក្នុង​បរិយាកាស​ដែល​ល្អ​សម្បូរ​ទៅដោយ​មនុស្ស​ដែល​ឲ្យ​តម្លៃ​ទៅលើ​ភាព​ជោគជ័យ​ ការអភិវឌ្ឍ​ខ្លួនឯង ការចេះជួយ​អ្នក​ដទៃ ការ​ប្រាស្រ័យទាក់ទងល្អ​និង​មាន​អ្នក​ដាស់តឿនជា​ដើម​នោះការគិត​របស់អ្នកនឹងងាយ​ទោរទន់​ទៅរក​ភាព​វិជ្ជមាន​ជាងអ្នក​ដទៃ។ ផ្ទុយ​មកវិញ​បើអ្នក​​នៅ​ក្នុង​បរិយាកាស​ដែល​អវិជ្ជមាន​​និង​​ស្ថិត​ក្រោម​ស្ថានភាព​ក្រីក្រ លំបាក​នោះ​ការគិត​របស់​អ្នកនឹង​ទោរទន់ថា​អនាគត​របស់អ្នក​នឹង​ពិបាក​ដូចគ្នា។ មួយវិញទៀត​ព័ត៌មានមិនល្អ​ដែល​បាន​មក​ពី​បណ្តាញ​សង្គម​ ប្រព័ន្ធផ្សព្វផ្សាយ​ជាដើមនឹង​ធ្វើឲ្យ​ថាមពល​នៃ​គំនិត​អវិជ្ជមាន​លូតលាស់ឡើង។ ម្យ៉ាង​ទៀត​គម្រូពី​គ្រួសារ បងប្អូន​ អ្នកជិតខាង និងអ្នក​នៅក្នុងសង្គម​របស់អ្នក ព្រមទាំងលក្ខខណ្ឌ​ដែលអ្នក​ធា្លប់​ត្រូវ​បានគេ​កំណត់​តាំង​ពីក្មេង​នឹង​មានឥទ្ធិពល​ចំពោះ​គំនិត​របស់អ្នក។ ប៉ុន្តែ​កត្តា​ខាង​លើ​មិន​មែនជា​ចំណែក​ដែលធំនិង​មិនអាច​កំចាត់ចោល​បានទេអ្វី​ដែល​ចូលរួមចំណែក​ធំជាងគេក្នុង​ការ​គិត​របស់អ្នក​​គឺ​ជំនឿ​ ឆន្ទៈ ​ គោលដៅ​ និង​ការតាំងចិត្តរបស់អ្នក។ បើអ្នក​មាន​ស្មារតី​ភ្ញាក់​រលឹក​ដឹង​ខ្លួន​នោះ​កត្តា​ទាំង​នោះ​ក៏ធ្វើអ្វី​អ្នក​មិនបាន​ដែរ។

ឥទ្ធិពល​របស់​គំនិត​អវិជ្ជមាន​មានខ្លាំងក្លាណាស់។ ​គំនិត​អវិជ្ជមាននឹង​ធ្វើ​ឲ្យ​មនុស្សជឿថា​ពួកគេ​នឹ​ងបរាជ័យ​ជាហេតុ​ធ្វើឲ្យ​គេ​បដិសេធ​រាល់​ឱកាស​ផ្សេងៗទៅកាន់​ផ្លូវជោគជ័យ។ ឧទាហរណ៍ថា​អ្នក​ជាមនុស្ស​ដែល​ខ្លាច​ការជួបជាមួយ​មនុស្ស​ថ្មីឬមានទំនាក់ទំនង​ជិតដិត​ជាមួយ​អ្នកណា​នោះអ្នក​នឹង​ធ្វើគ្រប់​យ៉ា​ងដើម្បីចៀសឲ្យ​ឆ្ងាយពីមនុស្ស​និងទំនាក់ទំនង​បន្ទាប់មកអ្នក​នឹង​ត្អូញត្អែរ​ថាអ្នកឯកា​និងគ្មាន​អ្នកណា​ចូលចិត្តរាប់អាន​។ មួយវិញទៀត​បើចិត្ត​របស់អ្នក​ស្ដាប់ឮ និង​មើលឃើញ​តែងតែ​អវិជ្ជមាន​ វានឹង​មានផលប៉ះពាល់​ដល់បទដ្ឋាននៃគំនិត​និង​អាកប្ប​កិរិយា​របស់អ្នកដូចគ្នា។ គំនិត​អវិជ្ជមាន​នឹងឲ្យផល​ជា​ទង្វើ​ដែល​យូរៗទៅក្លាយជា​ទម្លាប់​បង្កើតបាន​ជា​លទ្ធផល​ដែលអវិជ្ជមាន​ត្រឡប់​មកវិញព្រមទាំងប៉ះពាល់​​​ដល់​​ភាពជោគជ័យនាពេលអនាគត​​របស់អ្នក។

ថ្វីត្បិត​តែ​គំនិត​អវិជ្ជមាន​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អនាគត​របស់មនុស្ស​ម្នាក់​ៗ​ប៉ុន្តែ​វាក៏​នៅតែ​មាន​វិធី​ដោះ​ស្រាយ។ ដំបូង​អ្នក​ត្រូវរៀន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​គំនិត​អវិជ្ជមាន​ជាមុន​សិន។ អ្នក​អាចរៀនគិតផ្លូវផ្សេង​និង​ដាក់កំហិត​ខ្លួនឯង​​ឲ្យនឹកឃើញ​តែរឿងវិជ្ជមាន។ ឧទាហរណ៍​ថា​បើអ្នកចាប់បាន​ថា​ខ្លួនឯង​កំពុងមើលឃើញភាពបរាជ័យ​ប្តូរទៅ​ជា​មើលឃើញភាព​ជោគជ័យ​វិញ  បើឮរឿងអវិជ្ជមាន​ព្យាយាមនៅឲ្យ​ឆ្ងាយពីវា បើខ្លួនឯងនិយាយ​ថា​មិន​អាចត្រូវតែ​​និយាយថា​អាច។​ មួយវិញ​ទៀត​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ​នឹង​ក្លាយ​ជារបាំងរាំង​ស្ទះ​ដល់ភាព​ជោគជ័យ​របស់អ្នកបើអ្នក​រវល់តែភ័យខ្លាច​មិនព្រម​រក​ផ្លូវ​ដោះស្រាយ។ អ្នក​ត្រូវ​បង្វែរចំណាប់​អារម្មណ៍​ពី​បញ្ហាទៅ​ជាដើមហេតុ​និង​​ដំណោះស្រាយ​វិញព្រមទាំង​ចាត់ទុក​ថាវា​ជាឱកាសឲ្យ​អ្នក​បាន​ផ្លាស់​ប្តូរទៅកាន់អ្វី​ដែលថ្មីនិង​ប្រសើរជាង​មុន។

សរុបមក​ឥទ្ធិពល​នៃ​ភាព​អវិជ្ជមាន​មាន​តែយក​ភាព​វិជ្ជមាន​ប៉ុណ្ណោះ​មក​បង្រ្កាបវាហើយ​វា​មិន​មែន​ជា​ទំនួល​ខុសត្រូវ​របស់អ្នកណាឡើយ​តែ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់អ្នក​ខ្លួនឯង។​ ​សេរីភាព​ផ្លូវចិត្ត​និង​អារម្មណ៍ និង​មាន​សន្តិភាព​នៅខាងក្នុង​​​កើតមាន​នៅពេល​អ្នកដឹង​ថា​អ្នកត្រូវ​ធ្វើដូចម្តេច​នៅពេល​ដែល​គំនិត​អវិជ្ជមាន​កើត​មានឡើង។

Previous articleវិធីសាស្ត្រក្នុងការដោះស្រាយបណ្តឹងរបស់អតិថិជន
Next articleការប្រើប្រាស់បុគ្គលិកខាងក្រៅមកធ្វើការ
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។