៤ចំណុចអាជីវកម្មគួរត្រៀមដើម្បីបន្តបើកទ្វារ ប្រសិនបើស្ថានភាពCovid-19កាន់តែធ្ងន់ធ្ងរ

1552

បញ្ហា​ Covid-19នេះនៅតែបន្ត​ឆ្លងរីករាលដាល​ពាសពេញពិភពលោក ជាពិសេស​នៅសហរដ្ឋអាមេរិច និងប្រទេសនៅតំបន់អឺរ៉ុប។ វិបត្តិការឆ្លងរាលដាលនេះ​ទំនងជានឹងបន្ត​ឥទ្ធិពល​មួយរយៈពេលបន្តទៀត​ ហើយប្រទេស​មួយចំនួន​នឹងធ្វើការប្រកាសអាសន្នបិទប្រទេស ឬក៏មានវិធានការក្តៅមួយចំនួន​ដើម្បីទប់ស្កាត់ និងចេញសេចក្តីប្រកាស​ហាមប្រាម​លើការជួបជុំ និងបិទទីកន្លែងមួយចំនួនដែលអាចប្រមូលផ្តុំមនុស្ស ហើយ​ជាលទ្ធផល អាជីវកម្មជាច្រើននឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ​ដោយសារតែមិនអាចបើកទ្វារ ឬមិនមានមនុស្សហ៊ានចេញក្រៅដែលនាំឱ្យមិនមានអតិថិជន។

ប្រទេស​ចិនដែលជាប្រភពផ្ទុះជម្ងឺនេះ គឺជាកន្លែងដែលយើងអាចរៀន និងដកពិសោធន៍បានសម្រាប់ម្ចាស់អាជីវកម្ម​ដែលកំពុងគិតរកដំណោះស្រាយបន្ត​ដង្ហើម​អាជីវកម្មក្នុងពេលដែលបញ្ហាឆ្លងរាលដាលនៅតែមិនទាន់ធូរស្បើយ។ បទពិសោធន៍ក្នុងប្រទេសចិនបានបង្ហាញថា ក្នុងខណៈពេលដែលអាជីវកម្មជាច្រើន​រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែមិនមានភ្ញៀវដើរហើរ​ចេញក្រៅ អាជីវកម្ម​តាមប្រព័ន្ធអ៊ីនធឺណិត(តាមអនឡាញ)​​មានសន្ទុះ​ឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ដើម្បីបន្តស្វែងរកការគាំទ្រពីអតិថិជន ម្ចាស់អាជីវកម្មជាច្រើន​បានព្យាយាមកែប្រែខ្លួនពីការផ្គត់ផ្គង់នៅក្នុងហាង ទៅជាការផ្គត់ផ្គង់ដល់មុខផ្ទះតាមរយៈការផ្សារភ្ជាប់ដោយអ៊ិនធឺណិត។

នៅប្រទេសកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានដែរ ប្រសិនបើស្ថានភាពនៅមិនមានភាពធូរស្រាល ច្បាស់ណាស់ ការសម្របខ្លួនក្នុងសម័យកាលCovid-19នេះពិតជាមិនអាចចៀសរួច​ពីការផ្គត់ផ្គង់ក្នុងហាង ទៅជាការផ្គត់ផ្គង់ដល់ផ្ទះ​វិញ​ដើម្បីបន្តបម្រើសេវាកម្មជូនអតិថិជនដោយធ្វើការផ្សព្វផ្សាយផលិតផល​របស់ខ្លួន​តាមប្រព័ន្ធ​អនឡាញនានាដូចជា​បណ្តាញសង្គម Facebook, Instagram, Line, Website និងច្រកផ្សេងៗទៀតដែលមានការប្រើប្រាស់នៅប្រទេស​កម្ពុជា។ ដូចនេះដើម្បីជាជំនួយ​ខ្លះៗដល់ម្ចាស់អាជីវកម្ម​ ខ្ញុំសូមលើកយក៤ចំណុច​ ​ដើម្បី​ជាគំនិតសម្រាប់ម្ចាស់អាជីវកម្ម​ឱ្យត្រៀមខ្លួនកែប្រែក្នុងកាលៈទេសៈនេះ៖

១. បង្កើតច្រកផ្សព្វផ្សាយ​អនឡាញ

ដើម្បី​បន្តដំណើរការអាជីវកម្មបាន ម្ចាស់អាជីវកម្ម​ត្រូវមានច្រកផ្សព្វផ្សាយ​មួយយ៉ាងតិច​ដើម្បីឱ្យអតិថិជន​ដឹង និងទាក់ទងបាន។ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បណ្តាញសង្គមFacebookគឺជាច្រកផ្សព្វផ្សាយដ៏សំខាន់មួយ​មិនអាចខ្វះបានក្នុងកាលៈទេសៈនេះ ហើយ​សម្រាប់អាជីវកម្មដែលមាន​ច្រកផ្សព្វផ្សាយនេះស្រាប់ ប្រាកដជាមានភាពងាយស្រួលដើម្បីអតិថិជនអាចទាក់ទងបានទោះបីតម្រូវឱ្យបិទទ្វារហាងក៏ដោយ។ ប្រសិនបើអ្នកមិនទាន់មានទេ ចូរប្រញ៉ាប់សាកសួរអ្នកដែលនៅជុំវិញអ្នកដែលអាចបង្រៀនអ្នក​បង្កើតវាបាន ឬមួយក៏អាចធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតដូចជា Google និង Youtube ជាដើម(បច្ចុប្បន្ន​មានការបង្រៀនឥតគិតថ្លៃជាច្រើនដែលគ្រប់គ្រាន់ល្មមឱ្យអ្នកចាប់ផ្តើមបាន) ដើម្បីសិក្សាពីការបង្កើត និងប្រើប្រាស់។ ខ្ញុំជឿជាក់ថា ប្រសិនបើអ្នកមិនធ្លាប់ប្រើសោះក៏ដោយ ក្នុងកាលៈទេសៈដែលតម្រូវឱ្យមាន​ប្រព័ន្ធនេះ អ្នកប្រាកដជា​មានសម្ពាធដ៏ល្អមួយបង្ខំឱ្យអ្នកចេះក្នុងរយៈពេលខ្លីដើម្បីបន្តដង្ហើមអាជីវកម្ម និងបន្តរកប្រាក់ចំណូល ហើយបន្ទាប់ពីវិបត្តិនេះបញ្ចប់ មនុស្ស​កាន់តែច្រើនឡើងនឹងចាប់ផ្តើម​ស៊ាំនឹងជីវិតប្រើប្រាស់បច្ចេក​វិទ្យា​ដើម្បី​រស់ និងដើម្បីរកស៊ី ដែលធ្វើឱ្យអ្នកនៅតែបន្តដើរតាមនិន្នាការសម័យការបាន។ ក្រៅពីFacebook មានច្រកផ្សេងៗទៀតដូចជា Instagram Line ឬ Telegram ជាដើមដែលអ្នកអាច​យកមកបញ្ចូលគ្នាបាន​ប្រសិនបើមានលទ្ធភាព ដើម្បី​បង្កើនប្រសិទ្ធភាព​ឱ្យបានកម្រិតខ្ពស់បំផុត។

២. មានគណនីធនាគារ

នៅប្រទេសកម្ពុជា​ ការប្រើប្រាស់ធនាគារទូទាត់ការទិញលក់គឺនៅមានកម្រិតតិចតួចនៅឡើយ​ ដោយសារតែទម្លាប់ចាយប្រាក់សុទ្ធ។ ប៉ុន្តែ ក្នុងសម័យការកូវី១៩នេះ ចង់មិនចង់ ចំនួន​នៃការប្រើប្រាស់បច្ចេកវិទ្យា​ហិរញ្ញវត្ថុនឹងមានការកើនឡើង ស្របពេលដែលយើងមានការរីកចម្រើនគួរសមលើវិស័យធនាគារនេះស្រាប់​។ ប្រសិន​បើ​កូវីដនៅតែជាបញ្ហា ការកាត់បន្ថយការជួបមុខគ្នា​នឹងកើតមាន ហើយ​ការវេប្រាក់តាមរយៈធនាគារ ឬតាមសេវាទូទាត់ប្រាក់អេឡិចត្រូនិច​​ជាជម្រើសមួយ​សម្រាប់កាត់បន្ថយហានិភ័យដែលតម្រូវឱ្យ​ម្ចាស់អាជីវកម្ម​មានគណនី និងចេះប្រើប្រាស់វាដើម្បីធ្វើការទិញលក់។ ជាក់ស្តែង នៅប្រទេសចិន ដើម្បី​ធ្វើការទិញលក់ ម្ចាស់អាជីវកម្ម​ត្រូវមានសេវាកម្មដឹកជញ្ចូនដល់ទីតាំងរស់នៅរបស់ភ្ញៀវ​ ដោយដាក់ទំនិញចោល (ដើម្បីកាត់បន្ថយការជួបមុខគ្នា) ហើយការទូទាត់​គឺធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច។ បច្ចុប្បន្ន App ធនាគារ​ ABAបានក្លាយជា​វិធីនៃការទូទាត់ប្រាក់អេឡិចត្រូនិច​ដ៏ពេញនិយម​ក្នុងពិភពធុរកិច្ច ហើយ​ក្នុង​សម័យកាលកូវីដ១៩ ខ្ញុំជឿថាការប្រើប្រាស់នឹងមានការកើនឡើងជាមិនខាន។ ក្រៅពីABA មានវិធីទូទាត់ជាច្រើនទៀតដែលអ្នកគួរមានដូចជា Acleda Unity, Wing, TrueMoney, PiPay ជាដើម។ ដូចនេះ​ ប្រសិនបើអ្នកមិនទាន់មានគណនីទេ កុំភ្លេច​ប្រញ៉ាប់បង្កើត និងរៀនពីរបៀបប្រើប្រាស់។

https://www.facebook.com/221799271349788/videos/2832809393476485/

៣. រៀបចំលំហូការងារប្រតិបត្តិការឱ្យបានល្អ​

ប្រសិនបើអ្នកមិនធ្លាប់លក់តាមអនឡាញ មិនធ្លាប់ដឹកជញ្ចូនទំនិញទៅអតិថិជនទេ វាគឺជា​បញ្ហាមួយដែលអ្នកត្រូវដោះស្រាយ និងចាប់ផ្តើមគិតធ្វើយ៉ាងណារៀបចំប្រព័ន្ធការងារឱ្យបានល្អ​ ដើម្បីកាត់បន្ថយការច្រឡំ និងកំហុសកើតឡើង។ អ្នកត្រូវបំបែក​ការទិញលក់ទាំងមូលជាជំហានៗ មានទម្រង់ឯកសារដើម្បីកត់ត្រាការកម្ម៉ង់ទិញឱ្យមានរបៀប និតិវិធីនៃការទូទាត់ និងកាលវិភាគនៃការដឹកជញ្ចូនឱ្យបានរៀបរយ​ដើម្បីចៀសវាង​កំហុសនានាអាចកើតមានឡើង។

ខ្ញុំឃើញមានកំហុសជាច្រើន​កើតមានឡើងសម្រាប់អ្នកដែលទើបចាប់ផ្តើម​បម្រើសេវាកម្មលក់អនឡាញថ្មីៗ​ ជាពិសេស​ការដឹកច្រឡំ ភ្លេចរៀបឥវ៉ាន់ឱ្យភ្ញៀវ (ដោយសារតែមិនមានប្រព័ន្ធ​ទទួលការកម្ម៉ង់ល្អ) និង​បញ្ហាព័ត៌មានលើការទូទាត់ការបង់ប្រាក់។ដូចនេះ អ្នកគួរតែស្រមៃមើល ពីសកម្មភាព​ទិញលក់តាមអនឡាញ ថាតើនឹងមានសកម្មភាពអ្វីខ្លះកើតឡើងតាំងពីការបញ្ជាទិញ រហូតដល់ការទូទាត់ ដើម្បីឱ្យអ្នកត្រៀមខ្លួនឱ្យបានល្អ។

អ្វីដែលចាំបាច់មិនខ្វះបានលើការលក់តាមអនឡាញនោះ គឺការដឹកជញ្ជូន។ ប្រសិនបើអ្នកជ្រើសរើសការបន្តបម្រើសេវាកម្ម​ក្នុងពេលដែលមានវិបត្តិ តើអ្នកមានក្រុមដឹកជញ្ជូនហើយឬនៅ? ប្រសិនបើអ្នកសហការ​ជាមួយ​ក្រុមហ៊ុន​ផ្សេង អ្នកត្រូវតែ​ដឹងពីវិធីប្រតិបត្តិនៃការដឹកជញ្ចូនរបស់គេ ដើម្បី​ឱ្យច្បាស់ថា កញ្ចប់ទំនិញរបស់អ្នក​នឹងទៅដល់ដៃអតិថិជន​តាមកាលកំណត់។ ប្រសិនបើ​ អ្នកដឹកជញ្ចូនខ្លួនឯង អ្នកត្រូវសួរថា តើអ្នកមានធនធានគ្រប់គ្រាន់ និងបែងចែកពេលវេលា​ដឹកជញ្ចូនដោយវិធីណា ដោយរបៀបណាក្នុងសម័យកាលវិបត្តិកូវីដ១៩នេះ?

៤. ធ្វើឱ្យអតិថិជន​ទុកចិត្ត និងជឿជាក់

ស​ម័យកាលកូវីដគឺជាសម័យកាល​ដែលតម្រូវឱ្យម្ចាស់អាជីវកម្ម​ធ្វើឱ្យ​អតិថិជន​មានទំនុកចិត្ត និងជឿជាក់​ថា​ទំនិញរបស់ខ្លួន​គឺមានអនាម័យនិងសុវត្ថិភាពខ្ពស់។ ដូចនេះ​ ជាពេលវេលាដែលអ្នកបង្ហាញអតិថិជនរបស់អ្នកថាអ្នកបានយកចិត្តទុកដាក់ខ្លាំងដើម្បីបង្កាហានិភ័យនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់​ចំពោះ​សុខភាពរបស់ពួកគាត់ដូចជាការបង្ហោះ​រូបភាព​នានាលើការ​រក្សាអនាម័យតាំងពីជំហានដំបូងរហូតដល់ទំនិញទៅដល់ដៃអតិថិជន។ ក្រៅពីអនាម័យ អ្នកគួរបង្ហាញពី​ឆន្ទៈអ្នកលើការមិនកាប់អតិថិជន​ឆៅៗលើមុខទំនិញដែលអ្នកលក់ ដើម្បីយកចិត្តពួកគាត់​រយៈពេលវែង និងលក់តែទំនិញដែលមានប្រភព​ច្បាស់លាស់និងគួរឱ្យទុកចិត្ត។ នេះគឺជាពេលវេលាដែលអាចសន្តំចិត្ត អតិថិជនបាន ជាពេលវេលាធ្វើឱ្យអតិថិជនស្រឡាញ់អ្នក ហើយក៏ជាពេលវេលាដែលអតិថិជនចាំមុខអ្នកទុកផងដែរប្រសិនបើអ្នក​ធ្វើឱ្យគេបាត់ទំនុកចិត្ត។