Facebookបានក្លាយទៅជាច្រកផ្សព្វផ្សាយ និងច្រកបង្កើនចំណូលមួយដ៏សំខាន់ដែលម្ចាស់អាជីវកម្មមិនអាចមើលរំលងបាន។ មិនមែនមានតែសហគ្រាសធុនតូចនិងមធ្យមទេដែលចាប់អារម្មណ៍លើបណ្តាញសង្គមយក្សមួយនេះ សូម្បីតែក្រុមហ៊ុនធំៗនៅប្រទេសកម្ពុជាយើងចាប់ផ្តើមបង្កើនកញ្ចប់ថវិការផ្សព្វផ្សាយនៅលើ Facebookផងដែរ។
Facebook គឺជាបណ្តាញសង្គមមួយដែលមានការវិវឌ្ឍឥតឈប់ឈរ ហើយមានភាពឆាប់រហ័សដែលតម្រូវឱ្យម្ចាស់អាជីវកម្ម និងអ្នកទីផ្សារ ត្រូវដើរឱ្យទាន់ដំណើរការនៃការវិវឌ្ឍនេះដើម្បីរក្សាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់បណ្តាញសង្គមមួយនេះសម្រាប់អាជីវកម្ម។ ដូចនេះ ខ្ញុំសូមចែករំលែកចំណុច៥យ៉ាងដែលម្ចាស់អាជីវកម្ម និងអ្នកទីផ្សារគួរដឹងអំពីFacebook៖
១- ការកែប្រែការកំណត់មួយចំនួន
ហ្វេសប៊ុកនឹងធ្វើកម្រិតនូវផុសណាដែលមានលក្ខណៈផ្សាយពាណជិកម្មខ្លាំងពេក (ដូចជាBuy now, promotion 30%)ដោយឱ្យអ្នក Like Page តិចតួចប៉ុណ្ណោះអាចឃើញដោយមិនចំណាយលុយលើការផ្សព្វផ្សាយ។ ធ្វើការចាប់យកតែផុសណាដែលទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសPostរបស់ Page ដែលអ្នកប្រើប្រាស់ឧស្សាហ៍មានអន្តរកម្មជាមួយ(Comment, Like, Share, Click)ហ្រហែល៣00 Post ឬតិចជាងក្នុង១ថ្ងៃ។ ដូចនេះ ទោះបីជានរណាម្នាក់ចុច Like Page របស់អ្នកហើយក៏ដោយ ប្រសិនបើពួកគាត់មិនមានអន្តរកម្មជាមួយនឹង Page របស់អ្នក ពួកគាត់នឹងលែងឃើញអ្វីដែលអ្នក Post ទៀតហើយដែលនេះជាមូលហេតុទោះបីអ្នកមាន Like ច្រើនយ៉ាងណាក៏ដោយ ក៏មិនសូវមានប្រយោជន៍ឡើយ។
២- ការថយចុះអត្រានៃការមើលឃើញ Postរបស់ Page
អ្នកប្រើប្រាស់មានចំនួនកាន់តែច្រើន ហើយ Page ក៏មានចំនួនកាន់តែច្រើនផងដែរ ដែលធ្វើឱ្យអត្រាតួរលេខនៃអ្នកដែលឃើញរាល់ Postរបស់អ្នកមានកាន់តែតិចទៅៗ។ ខុសគ្នាឆ្ងាយពីពេលមុនៗ ដែលរាល់ការបង្ហោះអ្វីមួយនៅលើ Page អាចទៅដល់អ្នក Like Page របស់អ្នកមួយចំនួនធំ តែបច្ចុប្បន្ននេះ រាល់ការ Post នីមួយៗនៅលើPage អាចឱ្យ Fan របស់លោកអ្នកមើលឃើញមិនដល់១%ផង។ មានន័យថា ប្រសិនបើអ្នកមានអ្នក Like 10ម៉ឺននាក់ រាល់ការ Post នីមួយៗគឺអាចទៅដល់Fan ប្រមាណ១ពាន់អ្នកតែប៉ុណ្ណោះ ដែលមូលហេតុនេះហើយ ការទិញ Page Like ដែលមានស្រាប់ ឬការ Boost ដើម្បីបាន Page Like គឺជាការចំណាយលុយដែលមិនបានទទួលផលអ្វីតបមកវិញដូចពេលមុនឡើយ។
៣- Facebok ឥឡូវគឺមុខលុយ
ដូចខ្ញុំបានរៀបរាប់ខាងលើ បច្ចុប្បន្ននេះ ប្រសិនបើមិនចំណាយលុយលើការ Boost Post (ចាយលុយដើម្បីផ្សព្វផ្សាយ)នោះទេ មានមនុស្សតិចតួចបំផុតដែលអាចឃើញនូវអ្វីដែលអ្នកបង្ហោះ។ ព្រោះថា សព្វថ្ងៃនេះ ដើម្បីរស់រានមានជីវិតបាន Facebook ពឹងផ្អែកលើការរកចំណូលដោយការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក ដូចនេះ គ្មានវិធីផ្លូវកាត់ណាមិនចំណាយហើយអាចរកចំណូលបានច្រើននៅលើ Facebook ឡើយ គ្រាន់តែការចំណាយលើការផ្សព្វផ្សាយមានពីរប្រភេទ គឺចំណាយបែបឆ្លាតវៃ (បែបយុទ្ធសាស្ត្រ) និងការចំណាយលើការខ្ជះខ្ជាយប៉ុណ្ណោះ។
៤- ការបង្ហោះវីដេអូគឺជាទំនោរថ្មី
Facebook កំពុងវិវឌ្ឍខ្លួនឥតឈប់ឈរ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះចង់ប្រកួតប្រជែងដណ្តើមយកប្រជាប្រិយភាពផ្នែកវីដេអូ ដោយចង់ប្រកួតប្រជែងជាមួយនឹង Youtube ឬកន្លែងផ្ទុកវីដេអូធំៗដ៏ទៀត។ នៅសហរដ្ឋអាមេរិក Facebookបានដាក់ឱ្យប្រើប្រាស់សាកល្បងនូវ Watch មានមុខងារប្រហាក់ប្រហែលនឹង Youtube ដែលអ្នកប្រើប្រាស់អាចស្វែងរកវីដេអូ ដែលខ្លួនចូលចិត្តបានយ៉ាងងាយស្រួល ហើយFacebookអាចនឹងដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ។ មិនតែប៉ុណ្ណោះ រាល់ការបង្ហោះវីដេអូខ្លីៗគឺមានអត្រាមើលឃើញច្រើនជាង ពីសំណាក់អ្នកដែលLike Page បើប្រៀបធៀបនឹងការបង្ហោះរូបភាព ឬក៏ប្រយោគអក្សរនៅលើ Page។ សូម្បីតែការចំណាយលុយផ្សព្វផ្សាយក៏ដោយ ការចាយលុយផ្សព្វផ្សាយវីដេអូគឺមានតម្លៃធូរថ្លៃជាងការចំណាយលើការបង្ហោះរូបភាព ឬមាតិការផ្សេងៗ។ ប៉ុន្តែដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវតែបង្កើតវីដេអូដែលទាក់ទាញ ជាពិសេសសម្រាប់៣ ទៅ៥វិនាទីដំបូង។
៥- ការដាក់ឱ្យសាកល្បង Explorer Feed គឺគ្មានអ្វីប៉ះពាល់ Page នោះទេ
កាលពីប៉ុន្មានខែមុន Facebook បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវប៊ូតុង Explorer Feedដែលបែងចែករាល់ Post របស់មិត្តភក្តិ និង Post របស់ Page ដាច់ពីគ្នាដែលធ្វើឱ្យម្ចាស់ Page ជាច្រើនមានការជ្រួលច្របល់ និងភ័យពីការផ្លាស់ប្តូរនេះ។ តាមពិតទៅ ទោះបីជាមានការដាក់ឱ្យសាកល្បងក៏ដោយ ក៏មិនមានជះឥទ្ធិពលខ្លាំងលើ Page អាជីវកម្មនោះទេ ដោយសារតែមុននឹងការដាក់ឱ្យសាកល្បងនេះ Facebookបានកំណត់រួចទៅហើយលើអាត្រាតួរលេខនៃអ្នកមើលឃើញគឺមិនដល់១%ផងនៃអ្នក Like Page សរុបដូចបានរៀបរាប់នៅចំណុចទី២ខាងលើ។ សម្រាប់បទពិសោធន៍ពីPage ដែលខ្ញុំបានគ្រប់គ្រងវិញ បន្ទាប់ពីការដាក់ឱ្យសាកល្បងនេះ លទ្ធផលពី Page នីមួយៗគឺមានភាពប្រសើរជាងមុនទៅទៀត ជាពិសេសអន្តរកម្មជាមួយនឹង Page។ ដូចនេះ គ្មានអ្វីដែលម្ចាស់អាជីវកម្មគួរភ័យឬព្រួយជាមួយនឹងការដាក់សាកល្បងនេះទេ។ ហើយការដាក់សាកល្បងនេះ កាន់តែធ្វើឱ្យ Page ណាដែលមានភាពច្នៃប្រឌិត និងមានមាតិការល្អៗកាន់តែទទួលបានលទ្ធផលជាងពីមុនទៅទៀត។