៨ចំណុច​ដើម្បបង្កើន​អាត្រាជោគជ័យក្នុងការលក់ផ្ទះ

1412

 

ការទិញលក់អចលនទ្រព្យទាមទារការគិតពិចារណា​ច្រើន​មុននឹងទិញ ដោយសារតែតម្លៃ​ខ្ពស់ និងមិនងាយ​ដោះដូរចុះឡើង ការប្រកួតប្រជែងទីផ្សារពីសំណាក់អ្នកសាងសង់លំនៅដ្ឋាន ដែលទាមទារឱ្យអ្នកលក់ត្រូវមាន​សិល្បៈ និងសិល្បវិធី​ជាច្រើន​ដើម្បីទាក់ចិត្តអតិថិជន​ឱ្យសម្រេចចិត្តទិញបាន។ ថ្ងៃនេះ​ខ្ញុំសូម​ណែនាំ​វិធី៨យ៉ាងដើម្បីបង្កើនប្រសិទ្ធភាព​បិទការលក់​ផ្ទះរបស់អ្នកឱ្យភាគរយជោគជ័យខ្ពស់។

១.និយាយពីចំណុច​លក់សំខាន់បំផុត​មុនគេ

អតិថិជនភាគច្រើនមាន​ការចាប់អារម្មណ៍​នូវសម្តីដែលអ្នកនិយាយមុនដំបូងបំផុត ហើយការណែនាំ​ចំណុចដែលពិសេស​មុនគេនឹងធ្វើឱ្យអតិថិជន​មានការចាប់អារម្មណ៍ខ្លាំង​ និងបន្តដាក់អារម្មណ៍ស្តាប់អ្នកបន្តទៀត។ តាមការពិសោធន៍ជាក់ស្តែង ការធ្វើដូចនេះនឹងបង្កើនប្រសិទ្ធភាព​ការលក់ និងអាត្រាជោគជ័យខ្ពស់។

២.បង្កើតទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ក្នុងពិភពអាជីវកម្ម ជាពិសេស​អ្នកលក់ត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះកសាងទំនាក់ទំនងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងការជឿជាក់លើមនុស្ស​(ជឿជាក់លើអ្នកលក់ផ្ទាល់) ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន។ ដូចនេះអ្នកត្រូវតែច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល និងរៀននិយាយដោយភាពស្វាហាប់ និងជឿជាក់ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្ត។

៣. ស្តាប់ដោយយកចិត្តទុកដាក់

កុំនិយាយតែម្នាក់ឯង ហើយ​មិនទុកឱកាស​ឱ្យ​អតិថិជនបង្ហាញចំណាប់អារម្មណ៍ ដែលវាជាកំហុសធំបំផុត។ អ្នកត្រូវតែស្តាប់អតិថិជន​ឱ្យបានច្រើន ស្វែងយល់ពីការចង់បានរបស់ពួកគាត់ និងការគិតរបស់គាត់ដោយប្រើប្រាស់វិធីសួរសំណួរឆ្លាតវៃ​របស់អ្នកដើម្បីដឹងពីតម្រូវការអតិថិជន ហើយធ្វើការឆ្លើយតបឱ្យបានសក្តិសមបំផុត។

៤. ប្រើប្រាស់របៀបនិយាយ​ឱ្យត្រូវនឹងប្រភេទអតិថិជន

ទោះបីអតិថិជននោះមកទិញផ្ទះ ឬផលិតផល​ដូចគ្នាក៏ដោយ តែការចង់បាន និងកង្វល់របស់ពួកគាត់គឺតែងតែមានភាពខុសៗគ្នា។ ប្រសិនបើអតិថិជន​ទិញ​ចង់ទិញផ្ទះមែន តែអ្នកដែលចង់ទិញដើម្បីរស់នៅ នឹងផ្តោតខ្លាំង​លើ​បរិយាកាស​រស់នៅ និងសុវត្ថិភាព ហើយអ្នកដែលចង់ទិញដើម្បីវិនិយោគ នឹងផ្តោតខ្លាំងលើការកើនតម្លៃ និងសក្តានុពលនៃតំបន់ រីឯអ្នកដែលទិញ​ដើម្បីកូនៗ នឹងផ្តោតខ្លាំងលើតំបន់ជិតសាលារៀនឬស្ថាប័នអប់រំនានា។ ដូចនេះ អ្នកមិនត្រូវទន្ទេញ​គម្ពីរលក់ទាំងមូល ហើយព្យាយាមសូត្រគ្រប់ពាក្យឱ្យអតិថិជនស្តាប់នោះទេ អ្នកត្រូវតែសង្កត់នូវចំណុចដែលអតិថិជន​ចង់ដឹងខ្លាំងបំផុត។

៥. ជឿជាក់លើផលិតផលខ្លួនឯង

គ្រប់សំណង់ផ្ទះទាំងអស់តែងតែមានចំណុចខ្លាំង និងចំណុចខ្សោយ ហើយអ្នកមិនត្រូវ​បាក់ទឹកចិត្តក្នុងការលក់​ដោយសារតែគុណវិបត្តិរបស់ផលិតផលអ្នកនោះទេ។ ប្រសិនបើអ្នកមិនជឿជាក់លើអ្វីដែលអ្នកលក់នោះទេ អ្នកនឹងមិនអាច​ទាក់ចិត្តអតិថិជន​ឱ្យជឿជាក់ទិញផ្ទះពីអ្នកបានឡើយ។ ចាត់ទុកផ្ទះដែលអ្នកលក់ដូចជាកូនរបស់អ្នក ដែលតែងតែល្អបំផុតសម្រាប់អ្នក ហើយជាមួយនឹងអារម្មណ៍នេះ អ្នកនឹងអាចលក់បានដោយជឿជាក់។

៦. ចេះរៀបរាប់ពីទិដ្ឋភាព​រស់នៅ

អ្នកលក់ជាច្រើន​ចូលចិត្តនិយាយតែនៅជិតតំបន់នេះ តំបន់នោះ ដូចសូត្រមេរៀនឱ្យគេស្តាប់ តែមិនបានដាក់អារម្មណ៍អំពីភាពអស្ចារ្យ​ និងចេះព័ណ៌នា​ពីទស្សនីយភាពនៃការរស់យ៉ាងស្ទាត់ជំនាញ ដែលអាចធ្វើឱ្យអតិថិជនស្រមើស្រមៃឃើញពីជីវិតដ៏ប្រសើរដែលគាត់នឹងមាននៅក្នុងបុរីនោះ។ លុះត្រាណាតែអ្នកអាច​បញ្ចូល​អារម្មណ៍ឱ្យអតិថិជនអាចស្រម៉ៃឃើញពីទិដ្ឋភាពនោះ ការលក់របស់អ្នកអាច​មិនបានផលគាប់ប្រសើរឡើយ។

៧. ចេះប្រើប្រាស់តួរលេខ

ការប្រើប្រាស់តួរលេខគឺជាតិចនិច​មួយជួយបង្កើនភាព​ប៉ិនប្រសប់ និងជំនាញរបស់អ្នកដល់អតិថិជន។ ប្រសិនបើអ្នកអាចប្រើប្រាស់តួរលេខ​ប្រៀបធៀបឱ្យអតិថិជនស្តាប់ ដូចជា​តម្លៃនៅជុំវិញ (ប្រសិនបើអ្នកមានតម្លៃ​ល្អជាង) ឬក៏ប្រើបាស់​តួរលេខ​ជាក់ស្តែងពីការឡើងតម្លៃអចលនវត្ថុនៅតំបន់ផ្សេងមកនិយាយដើម្បីសូកចូល​ក្នុងគម្រោងរបស់អ្នក នោះអ្នកប្រាកដជាអាចទាក់ចិត្តអតិថិជនបានជាមិនខាន។

៨. ដាក់ចំណុច​សំខាន់មួយទៀតនៅចុងបញ្ចប់

ទោះបីជាខ្ញុំបានប្រាប់ថាត្រូវ​និយាយពីចំណុចសំខាន់ពីក្បាលដំបូងមែន តែអ្នកក៏ត្រូវ​ទុក​ព័ត៌មានពិសេស​មួយទៀត​នៅ​ចុងបញ្ចប់ផងដែរ ព្រោះវាជា​ពេលដែលអ្នកត្រូវទាក់ចិត្តអតិថិជនចុងក្រោយ និងជះឥទ្ធិពលក្នុងការសម្រេចចិត្តទិញ។ នៅពេលរៀបរាប់ អ្នកអាចដាក់អ្វីដែលមិនសូវសំខាន់នៅកណ្តាល ហើយ​និយាយ​ពីចំណុច​សំខាន់នៅដើម និងចុងដើម្បីធ្វើឱ្យអតិថិជនមានចិត្តរំភើបពេលឮព័ត៌មាននេះហើយសម្រេចិត្តទិញភ្លាមៗ។

Previous articleគន្លឹះនៃភាពជោគជ័យរបស់ហាងកាហ្វេប្រោន
Next articleតើអ្វីទៅជា Influencer Marketing?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។